ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីត្រូវបានក្មួយប្រុសរបស់ខ្លួនលបវាយនឹងកៅអីឈើ រួចយកកាំបិតបុ័ងតោអារកសម្លាប់ ខណៈកំពុងដេកលង់លក់នៅក្នុងផ្ទះ កាលពីពាក់កណ្ដាលថ្ងៃ។
ករណីឃាតកម្មនេះ ត្រូវបានសង្ស័យថា អាចបណ្ដាលមកពីគំនុំផ្ទាល់ខ្លួន ក្រោយអ្នកទាំងពីរមានទំនាស់ពាក្យសម្ដីគ្នាពេលផឹកស្រាកំដរបុណ្យសព។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយសមត្ថកិច្ចជំនាញបានចុះពិនិត្យ និងស្រាវជ្រាវនៅកន្លែងកើតហេតុ ដើម្បីប្រមូលភស្តុតាង និងចាត់ការតាមនីតិវិធីច្បាប់។
តាមប្រភពពីកន្លែងកើតហេតុ និងអាជ្ញាធរមូលដ្ឋាន ជនរងគ្រោះដែលបានស្លាប់មានឈ្មោះ អ៊ុ ធុច ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ។ ចំណែកជនសង្ស័យជាឃាតករ មានឈ្មោះ ឈឿង ប៉ារីស ភេទប្រុស អាយុ៣៦ឆ្នាំ ត្រូវជាក្មួយរបស់ជនរងគ្រោះ និងមានទីលំនៅក្នុងភូមិឃុំជាមួយគ្នា។
ប្រភពដដែលបានឱ្យដឹងថា មុនពេលកើតហេតុ នៅយប់ថ្ងៃទី១២ ខែវិច្ឆិកា អ្នកទាំងពីរបានទៅចូលរួមកំដរបុណ្យសពញាតិក្បែរខាង និងបានផឹកស្រាជុំគ្នា។ ក្នុងពេលនោះ អ្នកទាំងពីរបានប៉ះទង្គិចពាក្យសម្ដីគ្នាបន្តិចបន្តួច ដោយជនរងគ្រោះបាននិយាយទៅកាន់ជនសង្ស័យថា ជនសង្ស័យប្រើប្រាស់គ្រឿងញៀន ហើយខ្លួនអាចហៅសមត្ថកិច្ចឱ្យមកចាប់ខ្លួនពេលណាក៏បាន។
ប្រភពបន្តថា លុះដល់ពេលកើតហេតុ ជនសង្ស័យបានលបចូលទៅធ្វើសកម្មភាព ខណៈជនរងគ្រោះកំពុងដេកលក់យ៉ាងស្កប់ស្កល់ ដោយយកកៅអីឈើវាយទៅលើផ្ទៃមុខជនរងគ្រោះចំនួនពីរលើក រួចប្រើកាំបិតបុ័ងតោអារកបន្ថែម បណ្ដាលឱ្យជនរងគ្រោះស្លាប់នៅនឹងកន្លែងយ៉ាងរន្ធត់។
ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ឈឿង ប៉ារីស ដើម្បីបន្តនីតិវិធីច្បាប់។
ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំពិធីបុណ្យតាមប្រពៃណី៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN





