វិមានរដ្ឋសភា៖ អន្តរគណៈកម្មការជំនាញនៃរដ្ឋសភា បានសម្រេចឯកភាព និងគាំទ្រទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពី «ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការបង្កើតអង្គការសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតពិភពលោក» ដែលស្នើឡើងដោយភាគីរាជរដ្ឋាភិបាល ដើម្បីត្រៀមដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភានាពេលខាងមុខ។
គណៈកម្មការទី៥ នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការ និងគណៈកម្មការទី៩ ដឹកនាំដោយ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ បានជួបពិភាក្សា និងស្តាប់ការបំភ្លឺយ៉ាងលម្អិតពី ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាតំណាងរាជរដ្ឋាភិបាល។
តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជានឹងលែងត្រឹមតែជាអ្នកប្រើប្រាស់បច្ចេកវិទ្យាទៀតហើយ ប៉ុន្តែនឹងមានឱកាសចូលរួមតាំងពីដំណាក់កាលដំបូង ក្នុងការរៀបចំអភិបាលកិច្ច និងកំណត់ទិសដៅអនាគតនៃបញ្ញាសិប្បនិម្មិត (AI) លើឆាកអន្តរជាតិ។
លើសពីនេះ អង្គការអន្តររដ្ឋាភិបាលឯករាជ្យមួយនេះ មានគោលដៅជួយប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការកាត់បន្ថយគម្លាតឌីជីថល ទាញយកផលប្រយោជន៍ពីបដិវត្តន៍ AI មកជំរុញសេដ្ឋកិច្ចជាតិ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីទប់ស្កាត់ហានិភ័យ និងធានាឱ្យការប្រើប្រាស់ AI មានសុវត្ថិភាព សន្តិសុខ និងក្រមសីលធម៌ខ្ពស់។
សូមបញ្ជាក់ដែរថា ក្រោយបញ្ចប់កិច្ចប្រជុំ ដើម្បីស្ដាប់ការបកស្រាយបំភ្លឺ និងប្រមូលធាតុចូលបន្ថែមពីភាគីរាជរដ្ឋាភិបាល អន្តរគណៈកម្មការរដ្ឋសភានឹងរៀបចំរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យ និងឈានទៅអនុម័តជាផ្លូវការក្នុងសម័យប្រជុំរដ្ឋសភានាពេលឆាប់ៗនេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី











