ភ្នំពេញ៖ លោក ម៉ាក ជូសេហ្វ ខានី (Mark Joseph Carney) នាយករដ្ឋមន្ត្រីកាណាដា នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦។
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រីកាណាដា នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ នឹងពិភាក្សាអំពីមធ្យោបាយពង្រឹងចំណងមិត្តភាព និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលផ្តល់ប្រយោជន៍គ្នាទៅវិញទៅមក រវាងប្រទេសទាំងពីរ ក៏ដូចជាផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាចំណាប់អារម្មណ៍រួមផងដែរ។
ទន្ទឹមនឹងនេះ នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ ក៏នឹងមានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយចំនួន រួមមានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែលមានគោលបំណងជំរុញពាណិជ្ជកម្ម ការវិនិយោគទ្វេភាគី និងកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជននៃប្រទេសកម្ពុជា និងប្រទេសកាណាដា បន្ថែមទៀត។
ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ នៅក្នុងទំនាក់ទំនងរវាងកម្ពុជានិងកាណាដា ដោយបានគូសបញ្ជាក់ចំណងមិត្តភាព និងភាពជាដៃគូដ៏យូរអង្វែងរវាងប្រទេសទាំងពីរ ក៏ដូចជាផ្តល់កម្លាំងរុញច្រានថ្មីមួយថែមទៀត សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ៕ រក្សាសិទ្ធិដោយ សុទ្ធលី






