ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងអបអរសាទរ និងកោតសរសើរចំពោះ ចៅស្រី ល្អហួស ដែលបានខិតខំព្យាយាម រហូតសម្រេចក្តីស្រមៃ និងក្លាយជាម្ចាស់មកុដ Miss Teen Icon International 2026 នៅប្រទេសឥណ្ឌូនេស៊ី។
នេះមិនមែនគ្រាន់តែជាជ័យជម្នះផ្ទាល់ខ្លួនរបស់ចៅស្រី និងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែជាមោទនភាពសម្រាប់ប្រជាជនកម្ពុជាយើងទាំងមូល ដែលចៅបានបង្ហាញពីសិល្បៈ វប្បធម៌ ប្រពៃណី របស់កម្ពុជានៅលើឆាកអន្តរជាតិ៕
បន្ទាប់ជាប់ចំណាត់ថ្នាក់លេខ១ Miss Teen Icon International 2026 កញ្ញា ជូរី ល្អហួស (Chouri Laorhours) បានអំពាវនាវឱ្យមានសន្តិភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃ ជំនួសឱ្យសង្គ្រាមនិងការបែកបាក់គ្នា នៅក្នុងសុន្ទរកថារបស់នាង អំឡុងពិធីបិទកម្មវិធីប្រកួតសម្រស់នៅទីក្រុងហ្សាការ តាប្រទេសឥណ្ឌូនេស៊ី។ (The Phnom Penh Post)
ខាងក្រោមគឹជាការបកប្រែសុន្ទរកថារបស់នាងទាំងស្រុង:
សួស្តីអ្នកទាំងអស់គ្នា។ ការតស៊ូមតិរបស់ខ្ញុំគឺ «សន្តិភាពចាប់ផ្តើមពីយើង»។ ខ្ញុំឈរនៅទីនេះនៅថ្ងៃនេះ ក្នុងនាមជាយុវជនកម្ពុជា ជាកូនស្រីនៃប្រទេសមួយដែលបានឆ្លងកាត់ការឈឺចាប់នៃជម្លោះ និងយល់ច្បាស់ថាការថែរក្សាសន្តិភាពមានតម្លៃពិតប្រាកដកម្រិតណា។ ថ្ងៃនេះ ខ្ញុំនាំយកសារសន្តិភាពមកកាន់ប្រទេសថៃ និងពិភពលោក។ សូមឱ្យយើងជ្រើសរើសមិត្តភាពជំនួសឱ្យការភ័យខ្លាច កិច្ចសហប្រតិបត្តិការជំនួសឱ្យជម្លោះ និងការយោគយល់គ្នាជំនួសឱ្យការបែងចែកបែកបាក់។
ប្រជាជនថៃ និងកម្ពុជា រស់នៅក្នុងតំបន់តែមួយ មានប្រវត្តិសាស្ត្ររួមគ្នា និងមានអនាគតដ៏សុខដុមរមនាប្រកបដោយក្តីសង្ឃឹម។ ដូច្នេះ សូមឱ្យយើងផ្តល់តម្លៃដល់ចំណងទំនាក់ទំនងនេះ តាមរយៈការកសាងស្ពាននៃសេចក្តីគោរព និងក្តីមេត្តាករុណា។
សម្រាប់ខ្ញុំ សន្តិភាពមិនមែនគ្រាន់តែជាការគ្មានសង្គ្រាមនោះទេ។ សន្តិភាពចាប់ផ្តើមពីយើង តាមរយៈរបៀបដែលយើងនិយាយ របៀបដែលយើងស្តាប់ និងរបៀបដែលយើងប្រព្រឹត្តិចំពោះគ្នាទៅវិញទៅមក។ ខ្ញុំចង់បំផុសគំនិតដល់មនុស្សជំនាន់ខ្ញុំ ឱ្យជ្រើសរើសសេចក្តីសប្បុរសជំនួសឱ្យការស្អប់ខ្ពើម ការយល់ដឹងជំនួសឱ្យការវិនិច្ឆ័យ និងកិច្ចសន្ទនាជំនួសឱ្យការបែងចែក។
ទោះបីជាពួកយើងនៅក្មេង ប៉ុន្តែសំឡេងរបស់យើងមានអំណាចក្នុងការកំណត់រូបរាងថ្ងៃស្អែក។ ដូច្នេះ សូមឱ្យសន្តិភាពចាប់ផ្តើមពីសំឡេងរបស់ខ្ញុំ និងសំឡេងរបស់យើងទាំងអស់គ្នា ព្រោះសន្តិភាពចាប់ផ្តើមពីយើង៕រក្សាសិទ្ធដោយ៖សុទ្ធលី

















