រាជធានីភ្នំពេញ កម្ពុជា – ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ – ថ្ងៃនេះ ព្រះរាជាណាចក្រកម្ពុជា បានសម្ពោធ បើកឱ្យដំណើរការជាផ្លូវការនូវ “ភូមិហ្វ្រង់កូហ្វូនី» នៅសួនច្បារវត្តបទុមវតី ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងជាព្រឹត្តិការណ៍អមដ៏សំខាន់នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។ ពិធីសម្ពោធបើកដ៏អធិកអធម នេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមជាមួយវត្តមានរបស់ លោកជំទាវ Louise Mushikiwabo អគ្គលេខាធិការនៃអង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនី (OIF)។
នៅក្នុងសុន្ទរកថាបើក សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់ជា ប្រវត្តិសាស្ត្រនៃព្រឹត្តិការណ៍នេះ ដោយមានប្រសាសន៍ថា នេះជាលើកទីមួយហើយដែលកម្ពុជាធ្វើជា ម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលនេះ ហើយក៏ជាការវិលត្រឡប់មកកាន់តំបន់អាស៊ីអាគ្នេយ៍ជាលើកដំបូង បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងហាណូយក្នុងឆ្នាំ១៩៩៧។ ឆ្លុះបញ្ចាំងពីមូលបទគោលរបស់កិច្ចប្រជុំកំពូល ស្តីពី «ការបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង» សម្តេចធិបតី បានរំលេច ពីមូលបទរបស់ភូមិហ្វ្រង់កូហ្វូនីគី៖«ស្នាមញញឹមខ្មែរ ស្នាមញញឹមហ្វ្រង់កូហ្វូនី»។ សម្តេចធិបតី មាន
ប្រសាសន៍បញ្ជាក់ថា ៖ «នៅកម្ពុជា ស្នាមញញឹមមិនមែនត្រឹមតែជាការស្វាគមន៍នោះទេ។ ស្នាមញញឹម តំណាងឱ្យភាពកក់ក្តៅ និងសន្តិភាព។»
លោកជំទាវ Louise Mushikiwabo បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងការរៀបចំយ៉ាងល្អឥតខ្ចោះ។ លោកជំទាវ បានអបអរសាទរចំពោះការផ្លាស់ប្តូរវប្បធម៌ដ៏សម្បូរបែប ដែលបានស្តែងចេញនៅក្នុងពិធីបើក ជាពិសេស ការជួបគ្នារវាងវប្បធម៌កម្ពុជា និងរវ៉ាន់ដា នៅលើឆាកតែមួយ។ លោកជំទាវ បានគូសបញ្ជាក់ថាទោះបីជា មានចម្ងាយភូមិសាស្ត្រឆ្ងាយពីគ្នាក៏ដោយ ប្រជាជាតិទាំងពីរពិតជាមានភាពធន់ (resilience) ដ៏គួរឱ្យ ស្ញប់ស្ញែង និងមានបំណងប្រាថ្នារួមគ្នាក្នុងការកសាងអនាគតមួយប្រកបដោយសន្តិភាព និងវិបុលភាព។
លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានអនុគណៈ កម្មការទី៥ បានធ្វើបទបង្ហាញអំពី «ភូមិហ្វ្រង់កូហ្វូនី» ថាជាទីកន្លែងដ៏រស់រវើកសម្រាប់ការស្វែងយល់ ការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការ ដោយផ្តោតយ៉ាងខ្លាំងទៅលើបរិយាបន្នសម្រាប់មនុស្ស គ្រប់រូបជាពិសេសស្ត្រី និងយុវជន។ លាតសន្ធឹងលើផ្ទៃដីប្រមាណ ១០.០០០ ម៉ែត្រការ៉េ ភូមិនេះទទួល ស្វាគមន៍ភ្ញៀវទេសចរណ៍តាមរយៈខ្លោងទ្វារដ៏ធំសម្បើម ដែលចម្លងចេញពីរចនាបថខ្លោងទ្វារទន្លេអុំនៃ រាជធានីអង្គរធំ តំណាងឱ្យមេត្តាករុណា និងសន្តិភាពផ្លូវចិត្ត អមដោយរូបព្រាបសតំណាងឱ្យភាព សុខដុមរមនា។
នៅក្នុងភូមិមានរៀបចំ ពន្លាជាតិចំនួន ៧៣ តំណាងឱ្យប្រទេស និងដៃគូហ្វ្រង់កូហ្វូនី, ស្តង់ពិព័រណ៍ ចំនួន ១៣០ បង្ហាញពីគំនិតផ្តួចផ្តើមរបស់ស្ថាប័ននិងធុរកិច្ច, និងភូមិម្ហូបអាហារចំនួន ៣០ ស្តង់ ដែល ផ្តល់ជូននូវរសជាតិអាហារចម្រុះមកពីជុំវិញពិភពហ្វ្រង់កូហ្វូនី។ ក្នុងរយៈពេល ៥ ថ្ងៃ ទីតាំងនេះក៏នឹងធ្វើជា ម្ចាស់ផ្ទះរៀបចំសន្និសីទ និងកិច្ចពិភាក្សាតុមូលចំនួន ៣០ កម្មវិធី ព្រមទាំងការសម្តែងសិល្បៈនិង វប្បធម៌ ចំនួន ៥០ កម្មវិធីផងដែរ។
“ភូមិហ្វ្រង់កូហ្វូនី» នឹងបើកទ្វារស្វាគមន៍សាធារណជនឱ្យចូលទស្សនាដោយសេរី ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។ ព្រឹត្តិការណ៍នេះត្រូវបានរំពឹងថានឹងទទួលស្វាគមន៍ភ្ញៀវជាតិ និង
អន្តរជាតិប្រមាណ ១០០.០០០ នាក់ ដែលនឹងរួមចំណែកក្នុងការជំរុញភាពជាដៃគូថ្មីៗ ចំណងមិត្តភាព និងការពង្រឹងសាមគ្គីភាពនៃសហគមន៍ហ្វ្រង់កូហ្វូនី។
អន្តរជាតិប្រមាណ ១០០.០០០ នាក់ ដែលនឹងរួមចំណែកក្នុងការជំរុញភាពជាដៃគូថ្មីៗ ចំណងមិត្តភាព និងការពង្រឹងសាមគ្គីភាពនៃសហគមន៍ហ្វ្រង់កូហ្វូនី។រក្សាសិទ្ធិដោយ សុទ្ធលី
















































