ខេត្តបាត់ដំបង៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឯកភ្នំ បានចុះល្បាត និង ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ជាបន្តបន្ទាប់ក្នុងយប់តែមួយ ពាក់ព័ន្ធនឹងករណីប្រើប្រាស់សារធាតុញៀន ខណៈលទ្ធផលធ្វើតេស្តទឹកនោមបង្ហាញថា អ្នកទាំងពីរមានសារធាតុញៀនក្នុងខ្លួន។
ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ជនសង្ស័យទាំង២នាក់ រួមមាន ឈ្មោះ ៖ ទី១-ឈ្មោះ ហម សាបឿន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរនេសាទ មានទីលំនៅភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ ត្រូវបានឃាត់ខ្លួននៅវេលាម៉ោង៧៖១០នាទីយប់ ត្រង់ចំណុចអូរកន្ត្រៃ ភូមិបាក់ព្រា។
ទី២-ឈ្មោះ បូ សាវន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរនេសាទ មានទីលំនៅភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ និង ត្រូវបានឃាត់ខ្លួននៅវេលាម៉ោង៨៖២៥នាទីយប់ ត្រង់ចំណុចមាត់ស្ទឹង ភូមិបាក់រទេះ ឃុំព្រែកហ្លួង។
សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន: កាណូតស្មាច់បំពាក់ម៉ាស៊ីនចំនួន២គ្រឿង ទូរស័ព្ទដៃចំនួន២គ្រឿង ម៉ាក Realme និង Infinix ព្រមទាំងសម្ភារមួយចំនួនសម្រាប់ប្រើប្រាស់គ្រឿងញៀន។
បច្ចុប្បន្ននេះ ជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យជំនាញនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN




