ខេត្តកណ្ដាល៖ សមត្ថកិច្ចខេត្តកណ្តាល បានឃាត់ខ្លួនបុរសម្នាក់ ដែលជាពូបង្កើតរបស់កុមារីអាយុ៥ឆ្នាំម្នាក់ ពាក់ព័ន្ធនឹងករណីចាប់ពង្រត់ក្មួយស្រី ដើម្បីជំរិតទារប្រាក់ចំនួន ១ម៉ឺនដុល្លារពីឪពុកម្ដាយ របស់ក្មេងស្រី ប៉ុន្តែដោយសារមិនអាចទទួលបានប្រាក់តាមការទាមទារ ជនសង្ស័យបានសម្រេចចិត្តរុញក្មេងស្រីចូលក្នុងប្រឡាយទឹក បណ្ដាលឱ្យបាត់បង់ជីវិត។
យោងតាមរបាយការណ៍សមត្ថកិច្ចនគរបាល ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៨:៣០នាទីព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅផ្ទះឈ្មោះ ថាត ថេត ស្ថិតក្នុងភូមិព្រែកតាមេម សង្កាត់ព្រែកស្តី ក្រុងសំពៅពូន ខេត្តកណ្ដាល។
កុមារីរងគ្រោះ មានឈ្មោះ ថេត រច្ចនី អាយុ៥ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
ចំណែកឯ ជនសង្ស័យមាន ឈ្មោះ ឡាយ សុខជា អាយុ២៩ឆ្នាំ ត្រូវជាពូបង្កើតរបស់កុមារីរងគ្រោះ និង មានទីលំនៅបច្ចុប្បន្ននៅភូមិដង្កោក្រម៉ាង ឃុំបវិល ស្រុកបវិល ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឲ្យដឹងថា: តាមការស្រាវជ្រាវ ជនសង្ស័យបានចាប់ក្មួយស្រីរបស់ខ្លួនក្នុងគោលបំណងជំរិតទារប្រាក់ចំនួន ១ម៉ឺនដុល្លារពីឪពុកម្ដាយកុមារី។
ប៉ុន្តែជនសង្ស័យបានគិតថា ប្រសិនបើទុកក្មេងស្រីឱ្យនៅរស់ នាងអាចស្គាល់អត្តសញ្ញាណរបស់ខ្លួន ហើយនាំឱ្យសមត្ថកិច្ចតាមចាប់ខ្លួន ទើបសម្រេចចិត្តយកនាងទៅសម្លាប់ចោល។
ការស៊ើបអង្កេត បានឱ្យដឹងថា: ជនសង្ស័យបានដឹកកុមារីរងគ្រោះឆ្លងទូកត្រង់ចំណុចព្រែកតាផ ចូលទៅក្នុងភូមិសាស្ត្រខេត្តតាកែវ។
នៅពេលទៅដល់ប្រឡាយលេខ១២ ស្ថិតក្នុងភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបុរី ដែលជាទីតាំងស្ងាត់ និងមិនសូវមានមនុស្សធ្វើដំណើរឆ្លងកាត់ ជនសង្ស័យបានឈប់ម៉ូតូ ដោយប្រាប់កុមារីថា ម៉ាស៊ីនម៉ូតូក្តៅ ត្រូវសម្រាកប្រហែល២០នាទីសិន។
ក្រោយមក ជនសង្ស័យបានប្រាប់កុមារីថា ទីនេះមានទេសភាពស្អាត ហើយឱ្យនាងចុះទៅឈរលើចង្អើ ដើម្បីថតរូបឱ្យ។
ប៉ុន្តែភ្លាមនោះ ជនសង្ស័យបានធ្វើសកម្មភាពរុញកុមារីរងគ្រោះចូលក្នុងទឹកប្រឡាយតែម្ដង។
សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យមិនទទួលបានប្រាក់ចំនួន ១ម៉ឺនដុល្លារដែលបានទាមទារពីឪពុកម្ដាយកុមារីរងគ្រោះនោះទេ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងដកហូតវត្ថុតាង រួមមាន ទូរស័ព្ទដៃ iPhone ចំនួន២គ្រឿង ស៊ីមកាតចំនួន២ និងម៉ូតូម៉ាក Honda Click ពណ៌ស ពាក់ស្លាកលេខបាត់ដំបង 1U-4839 ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។
តាមលទ្ធផលតេស្ត ជនសង្ស័យពុំមានសារធាតុញៀនក្នុងខ្លួនទេ។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN







