ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីមហាផៃ្ទប្រតិកម្មចំពោះទង្វើអសីលធម៌របស់បុរសមួយក្រុម ដែលបៀតបៀនទៅលើនារីជាអ្នកលក់ម្ជូរម្នាក់

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផៃ្ទ បានប្រតិកម្មក្រោយឃើញវីដេអូឃ្លីបចំពោះទង្វើអសិលធម៌របស់បុរសមួយក្រុមធ្វើសកម្មភាពបៀតបៀនរាងកាយទៅលើនារីជាអ្នកលក់ម្ជូរម្នាក់ ។

ឧបនាយករដ្ឋមន្ត្រី ស សុខា បានសរសេរលើគណនីហ្វេសប៊ុករបស់ឧបនាយករដ្ឋមន្ត្រី នៅថ្ងៃព្រហស្បតិ៍នេះ ដែលមានជាអាទិ ៖“ បងប្អូនជនរួមជាតិជាទីគោរព!

ខ្ញុំពិតជាមានអារម្មណ៍រង្កៀសចិត្ត និងសោកស្ដាយណាស់ បន្ទាប់ពីបានឃើញការផុសចែកចាយលើបណ្ដាញសង្គម អំពីករណីយុវតីម្នាក់ត្រូវបានបុរសមួយក្រុមចោមរោមរំខាន និងប៉ះពាល់រាងកាយ នៅពេលនាងចូលទៅលក់ម្ជូរ និងផ្លែឈើខ្ចប់ ក្នុងកម្មវិធីរាំកម្សាន្តមួយ ។

តើអំពើខ្វះការគោរពបែបនេះ ត្រូវបានចាត់ទុកថាជារឿងធម្មតាឬ? តើស្ត្រី ឬយុវតីដែលប្រកបមុខរបរលក់ដូរតូចតាច ដើម្បីរកប្រាក់ផ្គត់ផ្គង់ជីវភាពនៅតាមរោងពិធី ឬអាហារដ្ឋានដែលមានការទទួលទានគ្រឿងស្រវឹង សុទ្ធតែត្រូវបង្ខំចិត្តស៊ូទ្រាំទទួលយកសកម្មភាពបៀតបៀនទាំងនេះមែនទេ?

ទំនងជាក្រុមបុរសទាំងនោះ មានទម្លាប់ដ៏អសីលធម៌ និងអន់ថយបែបនេះហើយ។ ប៉ុន្តែសូមកុំភ្លេចថា មិនថានៅក្នុងសង្គមខ្មែរ ឬនៅប្រទេសណាក៏ដោយ ការបៀតបៀនរាងកាយ ឬការប្រើកាយវិការ និងពាក្យសម្ដីប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរអ្នកដទៃ ជាពិសេសលើស្ត្រី និងយុវតី គឺជាអំពើខុសឆ្គងធ្ងន់ធ្ងរទាំងខាងសីលធម៌ និងផ្លូវច្បាប់ ដែលសង្គមស្អប់ខ្ពើម ។

បងប្អូនសាកសួរខ្លួនឯងមើល៍ថា បើអ្នកដែលត្រូវគេបំពាន បន្លំឆ្លៀតឱកាស ឬមិនឱ្យតម្លៃនោះ គឺជាម្ដាយយើង ប្រពន្ធយើង ដៃគូជីវិតយើង បងស្រី ប្អូនស្រី ឬកូនស្រីរបស់យើង… តើយើងមានអារម្មណ៍ឈឺចាប់បែបណា? សូមចាំថា ស្ត្រីគ្រប់រូបដែលកំពុងខិតខំរកស៊ី និងបំពេញការងារដោយសុចរិតនៅចំពោះមុខយើង សុទ្ធតែជាមនុស្សជាទីស្រលាញ់របស់គ្រួសារគេ ដូចគ្រួសារយើងដែរ ។

ខ្មែរយើងតែងលើកតម្កើង និងគោរពស្ត្រីណាស់ ព្រោះស្ត្រីគឺជាមាតា និងជាសសរទ្រូងដ៏សំខាន់ក្នុងគ្រួសារ និងសង្គមជាតិ។ បុរសពិតប្រាកដ មិនស្ថិតលើការប្រើកម្លាំង ឬយកការស្រវឹងមកធ្វើជាលេសដើម្បីកេងចំណេញលើស្ត្រីនោះទេ តែត្រូវចេះការពារ ផ្ដល់កិត្តិយស និងបង្កើតភាពកក់ក្ដៅដល់ពួកគាត់ទៅវិញទេ ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមអរគុណដោយស្មោះអស់ពីចិត្ត ដល់បងប្អូនជនរួមជាតិ ដែលបានបង្ហាញឧត្តមគតិ និងមនសិការចូលរួមឈឺឆ្អាល ការពារភាពត្រឹមត្រូវចំពោះករណីខាងលើនេះ។ ទន្ទឹមគ្នានេះ ខ្ញុំក៏សូមផ្ញើសារដាស់តឿន ក្រើនរំលឹក និងលើកទឹកចិត្តខ្ពស់ដល់បងប្អូនបុរសទាំងអស់ សូមរក្សាឱ្យបាននូវភាពថ្លៃថ្នូរ រៀបចំខ្លួនទាំងកាយ វាចា និងចិត្ត ឱ្យបានសមរម្យ ជាពិសេសរាល់ពេលមានវត្តមានស្ត្រី និងយុវតី នៅគ្រប់កាលៈទេសៈក្នុងជីវភាពសង្គម “៕រក្សាសិទ្ធិដោយ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម