ភ្នំពេញ៖ ចំពោះសង្គ្រាមឈ្លានពានរបស់យោធាថៃមកលើបូរណៈភាពទឹកដីកម្ពុជា លោក Mr.Frederic Vallier អគ្គប្រតិភូនៃសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) បញ្ជាក់ថា AIMFស្ថិតនៅខាងជនរងគ្រោះជានិច្ច។ ក្នុងនាមសមាគម AIMF លោកសូមចូលរួមរំលែកការលំបាក និងការសោកស្ដាយចំពោះហេតុការណ៍នៃសង្គ្រាមនេះដែលបានបន្សល់នូវប្រជាពលរដ្ឋកម្ពុជាជាជនភៀសសឹកជាច្រើនគ្រួសារ។ ទន្ទឹមនឹងនេះ លោកក៏បានមើលឃើញជាក់ស្តែងនូវសកម្មភាពរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានដឹកជញ្ជូនសម្ភារ និងស្បៀងអាហារ ទៅចែកជូនបងប្អូនជនភៀសសឹកជាបន្តបន្ទាប់។
លោក Mr.Frederic Vallier បញ្ជាក់បែបនេះ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា២០២៦នេះ ខណៈលោកដឹកនាំគណៈប្រតិភូសមាគម AIMF និងដៃគូសហការ ចូលជួបពិភាក្សាការងារជាមួយឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
លោក Mr.Frederic Vallie បន្តថាស្របជាមួយកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជានាពេលនេះ សមាគម AIMF នឹងរៀបចំកម្មវិធីអមមួយចំនួនដោយសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ រួមមាន៖ ការរៀបចំសន្និសិទ្ធកម្រិតអភិបាល និងតំណាងរដ្ឋបាលមូលដ្ឋាន ស្តីពី “ទំនាក់ទំនងការទូតទីក្រុង ដើម្បីសន្តិភាព និងការអភិវឌ្ឍមូលដ្ឋាន” ដែលជាសន្និសិទ្ធថ្នាក់តំបន់របស់សមាគម AIMF និងបានសមាជិកចូលរួមពីបណ្តាទីក្រុងនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សាធារណរដ្ឋប្រជាមានិតឡាវ រដ្ឋបាលខេត្តកំពង់ធំ បាត់ដំបង សៀមរាប កំពត និងខេត្តព្រះសីហនុ ព្រមទាំងអង្គការសមាគមដៃគូមួយចំនួនទៀត។ ក្រៅពីនេះ ក៏នូវមានកម្មវិធីសម្ពោធពិព័រណ៌សមិទ្ធិផល “សកម្មភាពហ្រ្វង់កូហ្វូនីនៅថ្នាក់មូលដ្ឋាន” នៅមជ្ឈមណ្ឌលទីក្រុងឆ្លាតវៃរាជធានីភ្នំពេញខាងលើរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ។ លោកបានសម្តែងនូវការថ្លែងអំណរគុណជូនចំពោះរដ្ឋបាលរាជធានីភ្នំពេញដែលបានចូលរួមសហការក្នុងការរៀបចំព្រឹត្តការណ៍អមនេះ ព្រមទាំងទទួលស្វាគមន៍គណៈប្រតិភូ និងក្រុមការងារបស់សមាគមយ៉ាងរាក់ទាក់ និងកក់ក្តៅនាពេលនេះ ហើយនៅខែក្រោយនេះ សមាគម AIMF នឹងរៀបចំមហាសន្និបាតលើកទី៤៦ និងកិច្ចប្រជុំការិយាល័យអចិន្រ្តៃយ៍លើកទី ១០៨ នៅទីក្រុងកាសាប្លង់កា ប្រទេសម៉ារ៉ុក ដែលនៅទីនោះសមាគម AIMF នឹងឧទ្ទេសនាមឯកឧត្តមអភិបាលរាជធានីភ្នំពេញ ដើម្បីជាបេក្ខភាពអនុប្រធានសមាគម AIMF បន្តទៀត ហើយរូបលោកផ្ទាល់នឹងរង់ចាំស្វាគមន៍ឯកឧត្តម រួមទាំងគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញនៅទីនោះផងដែរ។
ជាកិច្ចឆ្លើយតប ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា៖ ពាក់ព័ន្ធនឹងការរំលោភបំពានរបស់យោធាយោធាថៃមកលើបូរណភាពទឹកដីកម្ពុជា មិនត្រឹមតែធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាក្លាយជាជនភៀសសឹករាប់ម៉ឺនគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបំផ្លិចបំផ្លាញតួប្រាសាទបុរាណរបស់ខ្មែរជាច្រើនថែមទៀតដូចជា៖ ប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងប្រាសាទព្រះវិហារជាដើម។ ប្រាសាទទាំងនេះ ជាបេតិកភណ្ឌមនុស្សជាតិរបស់ពិភពលោក។ ឯកឧត្តមអភិបាលបានបន្តទៀតថាការបំផ្លិចបំផ្លាញ ទាំងនោះមិនត្រឹមតែបង្កើតការឈឺចាប់សម្រាប់ប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ តែជាការឈឺចាប់សម្រាប់ប្រជាពលរដ្ឋលើពិភពលោក ដែលមកដល់សវត្សរ៍ទី២១ ទៅហើយ មិនគួរណាមានប្រទេសមួយ មករំលោភបំពានឈ្លានពានប្រទេសមួយទៀត រហូតបំផ្លិចបំផ្លាញបេតិកភណ្ឌពិភពលោកបែបនេះទៀតនោះទេ។ ជុំវិញនឹងការរំលោភបំពានពីទាហានថៃនេះ រាជរដ្ឋាភិបាលក៏បានអំពាវនាវឱ្យអន្តរជាតិជួយកម្ពុជាផងដែរ ក្នុងនោះក៏មានប្រទេសបារាំង ពិសេសគឺប្រធានាធិបតីបារាំងក៏បានយល់ព្រមប្រគល់ផែនទី ជូនប្រទេសកម្ពុជា ដើម្បីយកមកប្រើប្រាស់ក្នុងកិច្ចការយុត្តាធិការតវ៉ានេះ។
ពាក់ព័ន្ធនឹងការស្នើបេក្ខភាពរបស់ឯកឧត្តមឱ្យបន្តជាអនុប្រធានសមាគម AIMF ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានឯកភាពយល់ព្រមទទួល ដោយឯកឧត្តមគ្រោងនឹងដឹកនាំគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញទៅបំពេញទស្សនកិច្ច និងចូលរួមមហាសន្និបាតរបស់សមាគមAIMF នៅប្រទេសម៉ារ៉ុកនៅដើមខែក្រោយនេះ។ ភ្ជាប់ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលក៏បានសម្តែងនូវអំណរគុណដល់សមាគមដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការល្អ និងជួយជ្រោមជ្រែងដល់ដំណើរការអភិវឌ្ឍរបស់រាជធានីភ្នំពេញអស់រយៈពេលជាច្រើនឆ្នាំមកហើយ ព្រមទាំងបេ្តជ្ញាបន្តសហការ និងធ្វើការរួមគ្នាជាមួយសមាគមួយនេះក្នុងការអនុវត្តគម្រោងនានាឱ្យកាន់ល្អប្រសើរថែមទៀតក្នុងពេលអនាគត៕រក្សាសិទ្ធិដោយ សុទ្ធលី

















