ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រយៈពេល១០ខែ ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជាបង្ក្រាបគ្រឿងញៀនជិត១ម៉ឺនករណី ឃាត់ខ្លួនជាង២៦,០០០នាក់ និងរឹបអូសជាង៥តោន! 

ភ្នំពេញ៖  ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជាបានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេស សរុបចំនួន៩,៧៤៦ករណី ដោយឃាត់ខ្លួនជនសង្ស័យរហូតដល់២៦,៣៣៨នាក់ ក្នុងនោះមានជនបរទេសចំនួន១,៣៤១នាក់ មកពី៣០សញ្ជាតិ និងរឹបអូសសារធាតុញៀនបានជាង៥តោន។
 
 
 ទន្ទឹមនឹងនេះ អាជ្ញាធរកម្ពុជាបានដាក់ចេញទិសដៅបង្កើនការបង្ក្រាបមេខ្លោង និងបណ្តាញជួញដូរគ្រឿងញៀនឆ្លងដែន ដើម្បីទប់ស្កាត់ការនាំចូល និងចរាចរគ្រឿងញៀនខុសច្បាប់ចូលក្នុងប្រទេស។
 
តួលេខដ៏គួរឱ្យកត់សម្គាល់នេះ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំស្តីពីការពង្រឹងវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនឆ្លងដែនតាមបណ្តាខេត្តជាប់ព្រំដែន និងច្រកទ្វារព្រំដែន ដែលបានធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនតាមបណ្តាខេត្តជាប់ព្រំដែន។
 
យោងតាមរបាយការណ៍ ក្នុងចំណោមបទល្មើសគ្រឿងញៀនទាំង៩,៧៤៦ករណី ដែលត្រូវបានបង្ក្រាប មានករណីជួញដូរពាក់ព័ន្ធនឹងការសម្អាតប្រាក់ចំនួន១,៣៣០ករណី ករណីជួញដូរខ្នាតតូចចំនួន៤,២៣១ករណី ករណីប្រើប្រាស់គ្រឿងញៀនចំនួន៤,១៤៥ករណី ករណីកែច្នៃចំនួន១៥ករណី និងករណីដាំដុះចំនួន១ករណី។
 
ដោយឡែក បទល្មើសជួញដូរគ្រឿងញៀនតាមរយៈបញ្ញើប្រៃសណីយ៍ សមត្ថកិច្ចបានបង្ក្រាបចំនួន៨ករណី ដោយមានគោលដៅនាំចេញទៅកាន់ប្រទេសអូស្ត្រាលី អង់គ្លេស ចិន និងអារ៉ាប់រួម។ ក្នុងប្រតិបត្តិការទាំងនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់ និងរឹបអូសហេរ៉ូអ៊ីនបានចំនួន៤.៨គីឡូក្រាម។
 
ជាមួយគ្នានេះ កិច្ចសហប្រតិបត្តិការបង្ក្រាបគ្រឿងញៀនជាមួយបណ្តាប្រទេស និងដៃគូអន្តរជាតិ ក៏ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ផងដែរ។ ក្នុងនោះ ករណីលេខ0324C ដែលសហការជាមួយប្រទេសវៀតណាម បានឈានដល់ការរឹបអូសគ្រឿងញៀនជិត១.៦តោន ខណៈករណីលេខ0526C ត្រូវបានអនុវត្តតាមរយៈកិច្ចសហការជាមួយរដ្ឋបាលប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់សហរដ្ឋអាមេរិក (DEA)។
 
សម្រាប់ទិសដៅការងារបន្ត អាជ្ញាធរកម្ពុជានឹងបន្តពង្រឹងការផ្លាស់ប្តូរព័ត៌មាន និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នពាក់ព័ន្ធ ដើម្បីកំណត់អត្តសញ្ញាណ និងបង្ក្រាបមេខ្លោង ព្រមទាំងបំបែកបណ្តាញជួញដូរគ្រឿងញៀនឆ្លងដែន។ ទន្ទឹមនឹងនេះ នឹងបង្កើនការត្រួតពិនិត្យការនាំចូលសារធាតុគីមីផ្សំ និងជំរុញការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តជាប់ព្រំដែន ក្រោមគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ដើម្បីរួមចំណែកទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ដែលបង្កឡើងដោយគ្រឿងញៀននៅក្នុងសង្គម៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម