ខេត្តកោះកុង៖ សពក្មេងស្រីអាយុ១៦ឆ្នាំម្នាក់ ដែលបានបាត់ខ្លួនតាំងពីយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ត្រូវបានប្រទះឃើញអណ្ដែតក្នុងស្រះទឹកមួយកន្លែង ស្ថិតក្នុងស្រុកស្រែអំបិល ខេត្តកោះកុង នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦។
ទោះជាយ៉ាងណា មូលហេតុនៃការស្លាប់របស់ក្មេងស្រីរូបនេះ មិនទាន់ត្រូវបានសមត្ថកិច្ចបញ្ជាក់នៅឡើយទេ។
យោងតាមព័ត៌មានពីអធិការដ្ឋាននគរបាលស្រុកស្រែអំបិល កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ សមត្ថកិច្ចបានប្រទះឃើញស្បែកជើង និងទូរស័ព្ទដៃមួយគ្រឿងនៅមាត់ស្រះទឹកមួយកន្លែងក្នុងមូលដ្ឋាន។
ក្រោយទទួលបានព័ត៌មាននេះ ម្ដាយរបស់ក្មេងស្រីដែលបានបាត់ខ្លួន បានទៅដល់ទីតាំងខាងលើ និងបានបញ្ជាក់ថា ស្បែកជើង និងទូរស័ព្ទដៃដែលប្រទះឃើញនោះ គឺជារបស់កូនស្រីរបស់គាត់ឈ្មោះ ភី ណារីន អាយុ១៦ឆ្នាំ។
តាមការបញ្ជាក់របស់ម្ដាយ កូនស្រីរបស់គាត់មានទីលំនៅបច្ចុប្បន្ននៅភូមិទឹកប៉ោង ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ហើយបានបាត់ខ្លួនតាំងពីវេលាម៉ោងប្រមាណ១០យប់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦។
ទោះជាយ៉ាងណា ម្ដាយមិនបានបញ្ជាក់ពីមូលហេតុដែលនាំឱ្យកូនស្រីបាត់ខ្លួននោះទេ។
លុះដល់ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ អធិការដ្ឋាននគរបាលស្រុកស្រែអំបិល បានប្រកាសបន្ថែមថា សពក្មេងស្រីដែលបានបាត់ខ្លួនខាងលើ ត្រូវបានប្រទះឃើញអណ្ដែតលើផ្ទៃទឹកស្រះហើយ។
ជុំវិញករណីដ៏គួរឱ្យសោកស្ដាយនេះ សមត្ថកិច្ចជំនាញមិនទាន់បានបញ្ជាក់ថា ការស្លាប់របស់ក្មេងស្រីរូបនេះបណ្ដាលមកពីអំពើឃាតកម្ម អត្តឃាត ឬមូលហេតុផ្សេងទៀតនៅឡើយទេ ខណៈមូលហេតុពិតប្រាកដនៃការស្លាប់កំពុងរង់ចាំការស្រាវជ្រាវ និងការបញ្ជាក់ពីសមត្ថកិច្ចជំនាញ៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN






