ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យ ៩នាក់ ពាក់ព័ន្ធករណីបាញ់សម្លាប់អ្នកគ្រប់គ្រងជនជាតិចិន ក្រោយតាមចាប់ជនលួចប្រេងពីក្រុមហ៊ុននៅស្រុកភ្នំស្រួច!

ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនជនសង្ស័យចំនួន ៩នាក់ ពាក់ព័ន្ធករណីលួចប្រេងពីក្រុមហ៊ុនវិនិយោគចិន និងបាញ់សម្លាប់បុរសជនជាតិចិនម្នាក់ ដែលជាអ្នកគ្រប់គ្រងផ្នែកសម្ភារៈ និងប្រេងរបស់ក្រុមហ៊ុន នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦។

ជនរងគ្រោះមានឈ្មោះ HAN YU MING ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន ត្រូវបានជនសង្ស័យបាញ់មួយគ្រាប់ចំដើមទ្រូង បណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈជនរងគ្រោះកំពុងជិះម៉ូតូដេញតាមជនសង្ស័យដែលលួចដឹកប្រេងចេញពីក្រុមហ៊ុន។
ហេតុការណ៍បាញ់ប្រហារនេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ១០ព្រឹក ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវលេខ១៤២ ស្ថិតក្នុងភូមិមាត់សាយ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច ជនសង្ស័យទាំង៩នាក់មានឈ្មោះ៖ សួង សុនិត អាយុ៤៥ឆ្នាំ, នន ណេង អាយុ៣១ឆ្នាំ, ភួង សំណាង អាយុ៥០ឆ្នាំ, ព្រិច បូរ៉ា អាយុ២៦ឆ្នាំ, ឃុយ ធី អាយុ៥៨ឆ្នាំ, ណុប សាក់ អាយុ៣៥ឆ្នាំ, មឿន សុខគា អាយុ៤២ឆ្នាំ, ឆាយ សុផាត អាយុ៤៦ឆ្នាំ និងជ័យ សីហា អាយុ៤២ឆ្នាំ។

តាមការស៊ើបអង្កេតរបស់នគរបាល មុនពេលកើតហេតុ មានម៉ូតូចំនួន២គ្រឿង ដឹកប្រេងចំនួន៤កាន ចេញពីក្រុមហ៊ុនចិន ស្ថិតក្នុងភូមិមាត់សាយ ឃុំតាំងស្យា។

ខណៈនោះ ជនរងគ្រោះបានជិះម៉ូតូដេញតាមពីក្រោយ ដើម្បីស្ទាក់ចាប់ជនសង្ស័យ។

នៅពេលទៅដល់ចំណុចកើតហេតុ ជនរងគ្រោះបានឈប់ម៉ូតូ រួចស្ទុះទៅចាប់កន្ទុយម៉ូតូរបស់ជនសង្ស័យម្នាក់ បណ្តាលឱ្យម៉ូតូនោះដួលធ្លាក់ចូលក្នុងប្រឡាយភក់នៅអមផ្លូវ។

សមត្ថកិច្ចបានឱ្យដឹងថា បន្ទាប់មក ជនសង្ស័យឈ្មោះ ឆាយ សុផាត ដែលមានមុខរបរជាយោធា បានងើបចេញពីប្រឡាយ រួចដកកាំភ្លើងខ្លីមួយដើមចេញពីកាបូបស្ពាយរបស់ខ្លួន បាញ់ប្រហារទៅលើជនរងគ្រោះចំនួន១គ្រាប់ ចំដើមទ្រូង បណ្តាលឱ្យដួលស្លាប់ភ្លាមៗក្នុងថ្លុកឈាម។

ក្រោយបាញ់សម្លាប់ជនរងគ្រោះ ជនសង្ស័យបានប្រមូលប្រេងដែលធ្លាក់រាយប៉ាយនៅលើដី ដាក់លើម៉ូតូវិញ រួចជិះគេចខ្លួនចេញពីកន្លែងកើតហេតុ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤។

លោកឧត្តមសេនីយ៍ត្រី សម សាក់ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ក្រោយកើតហេតុ កម្លាំងនគរបាលព្រហ្មទណ្ឌខេត្តកំពង់ស្ពឺ បានសហការជាមួយនគរបាលព្រហ្មទណ្ឌនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បើកការស៊ើបអង្កេត រហូតឈានដល់ការបំបែកសំណុំរឿង និងឃាត់ខ្លួនជនសង្ស័យទាំង៩នាក់ជាបន្តបន្ទាប់ នៅទីតាំងផ្សេងៗគ្នា។

លោកបានបញ្ជាក់ថា ជនសង្ស័យចំនួន៦នាក់ ដែលជាកម្មករសំណង់របស់ក្រុមហ៊ុនចិន រួមមាន សួង សុនិត, នន ណេង, ភួង សំណាង, ព្រិច បូរ៉ា, ឃុយ ធី និងណុប សាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ដោយផ្អែកលើចម្លើយរបស់ជនសង្ស័យទាំង៦នាក់ កម្លាំងជំនាញបានបន្តសហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ មឿន សុខគា ដែលត្រូវបានកំណត់ថាជាអ្នកទទួលទិញប្រេង និងជាបក្ខពួករបស់ជនដៃដល់ នៅវេលាម៉ោង១៥និង១០នាទី ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។

លោកបានបន្តថា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង១១និង៤០នាទី កម្លាំងជំនាញបានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកោះកុង ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់បន្ថែមទៀត។

ជនសង្ស័យឈ្មោះ ឆាយ សុផាត ដែលត្រូវបានកំណត់ថាជាអ្នកបាញ់សម្លាប់ជនរងគ្រោះ ត្រូវបានឃាត់ខ្លួននៅភូមិវាល៤ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ចំណែកឈ្មោះ ជ័យ សីហា ដែលជាអ្នកទទួលទិញប្រេង និងជាបក្ខពួកជនដៃដល់ ត្រូវបានឃាត់ខ្លួននៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតអាវុធខ្លីចំនួន១ដើម ម៉ាក K54 បង់ចំនួន១ និងគ្រាប់ចំនួន៥គ្រាប់ ពីជនសង្ស័យឈ្មោះ ឆាយ សុផាត។

បច្ចុប្បន្ននេះ ជនសង្ស័យទាំង៩នាក់ និងវត្ថុតាង ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីបន្តកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់.រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម