ខេត្តកំពត: ចៅក្រមស៊ើបសួរ នៃ សាលាដំបូងខេត្តកំពត កាលពីថ្ងៃ ១២ ខែ វិច្ឆិកា បានសម្រេចឃុំខ្លួន
មន្ត្រីជាន់ខ្ពស់ ម្នាក់ នៃ គណបក្សប្រឆាំងកម្លាំងជាតិ ជាប់ពាក់ព័ន្ធនឹងការក្លែងបន្លំ ស្នាមមេដៃ និង ឯកសារ សមាជិកបក្ស ដើម្បីធ្វើជា អ្នកសង្កេតការណ៍ សម្រាប់ ការបោះឆ្នោតឃុំ-សង្កាត់ ២០២៧ ។
យោងតាមដីកា តុលាការ, ជនសង្ស័យរូបនេះ មានឈ្មោះ ឆាយ ជំនោ ភេទ ប្រុស អាយុ ៤៧ឆ្នាំ ជាសមាជិកគណ:កម្មាធិការនាយក នៃ គណបក្សកម្លាំងជាតិ និង ជាសមាជិកក្រុមការងារគណបក្សខេត្តកំពត។
ជនសង្ស័យត្រូវបាន តំណាងអយ្យការ ចោទប្រកាន់ពីបទ: ក្លែងបន្លំឯកសារ និង ប្រើប្រាស់ឯកសារក្លែង និង ត្រូវបាន ឃាត់ខ្លួន តាមដីកាតុលាការ កាលពីថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២៦ នៅខេត្តកំពត។
បច្ចុប្បន្ននេះ ជនសង្ស័យត្រូវបាន បញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារខេត្ត ដើម្បីរងចាំ ការធ្វើសវនាការ តាមនីតិវិធីច្បាប់។
ពាក់ព័ន្ធនឹង ករណីខាងលើនេះ, កាលពីថ្ងៃទី ១២ ខែ វិច្ឆិកា, គណបក្សកម្លាំងជាតិ បានចេញ
សេចក្តីថ្លែងការណ៍ មួយ ដោយ
សម្តែង នូវ ការព្រួយបារម្ភខ្លាំងឡើង ពីស្ថានការណ៍នៃការគោរពសិទ្ធិ មនុស្ស សិទ្ធិសេរីភាពបញ្ចេញមតិ និងសិទ្ធិសេរីភាពក្នុងការធ្វើនយោបាយ ព្រមទាំងភាពស្មើគ្នាចំពោះមុខច្បាប់។
សេចក្តីថ្លែងការណ៍ បានថ្លែងថា:
គណបក្សកម្លាំងជាតិ ចង់ឃើញការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តន៍ នយោបាយប្រជាធិបតេយ្យសេរីពហុបក្ស ដែលប្រជាពលរដ្ឋខ្មែរជាម្ចាស់ជោគវាសនានៃប្រទេសជាតិរបស់ខ្លួន ដោយបញ្ឈប់ការធ្វើទុក្ខម្នេញអ្នកដែលមាននិន្នាការនយោបាយផ្ទុយពីគណបក្សកាន់អំណាច លើសពីនេះ រដ្ឋាភិបាលត្រូវតែចាប់ផ្តើមធ្វើការផ្សះផ្សារ បង្រួបបង្រួមជាតិ ឈានទៅការពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃ ក្នុងជាតិ ដើម្បីទប់ទល់ជាមួយបរទេសឈ្លានពានទឹកដីកម្ពុជា។
គណបក្សកម្លាំងជាតិ សូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បញ្ឈប់ការចាប់ខ្លួន ថ្នាក់ដឹកនាំ យុវជន និងសកម្មជនគណបក្សប្រឆាំង ដោយហេតុ ចូលរួមសកម្មភាពនយោបាយ និង ដោះលែង លោក ឆាយ ជំនោ ព្រមទាំងអ្នកជាប់ឃុំនយោបាយទាំងអស់ ឱ្យមានសេរីភាពឡើងវិញ ដើម្បីធានាបាននូវ បរិយាកាសនយោបាយល្អឡើងវិញ ដល់គ្រប់គណបក្សនយោបាយ ក្នុងការធ្វើសកម្មភាព ដោយមិនមានការ ព្រួយបារម្ភស្របតាម រដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីគណបក្សនយោបាយ នៃព្រះរាជាណាចក្រកម្ពុជា៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN




