ភ្នំពេញ: កម្លាំងនគរបាលជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបបណ្តាញជួញដូរគ្រឿងញៀនឆ្លងដែនទ្រង់ទ្រាយធំមួយ ដែលមានសកម្មភាពនាំគ្រឿងញៀនចេញពីប្រទេសឡាវ ឆ្លងកាត់ប្រទេសកម្ពុជា ក្នុងគោលដៅបន្តដឹកជញ្ជូនទៅកាន់ប្រទេសទី៣ ដោយឃាត់ខ្លួនជនសង្ស័យសរុបចំនួន៥នាក់ ក្នុងនោះមានជនជាតិចិនម្នាក់ និងជនជាតិខ្មែរចំនួន៤នាក់ ព្រមទាំងរឹបអូសគ្រឿងញៀនមួយចំនួនធំ។
សមត្ថកិច្ចនគរបាល មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឱ្យដឹងថា: កាលពីវេលាម៉ោង៣៖៣០នាទីរសៀល ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ កម្លាំងជំនាញបានចុះប្រតិបត្តិការបង្ក្រាបបទល្មើសជាក់ស្តែងមួយករណី នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និង ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ និង ដកហូតគ្រឿងញៀនមួយចំនួនធំ។
សមត្ថកិច្ចបានបញ្ជាក់ថា: នៅប្រតិបត្តិការនេះ គឺជាលទ្ធផលបន្តពីការស្រាវជ្រាវ និងការស្ទាក់បង្ក្រាបការដឹកជញ្ជូនគ្រឿងញៀនទ្រង់ទ្រាយធំមួយទៀត កាលពីវេលាម៉ោង៧៖៣០នាទីយប់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិទួលងោក ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល។
ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជនជាតិខ្មែរម្នាក់ និង ដកហូតគ្រឿងញៀនក្នុងបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់ ដែលតាមរបាយការណ៍មានចំនួនជាង១០០គីឡូក្រាម។
ជុំវិញប្រតិបត្តិការនេះ ក៏មានវីដេអូបែកធ្លាយតាមបណ្តាញសង្គម បង្ហាញពីសកម្មភាពកម្លាំងសមត្ថកិច្ចមួយក្រុម ដែលមានទាំងនគរបាលស្លៀកពាក់ឯកសណ្ឋាន និងស្លៀកពាក់ស៊ីវិល ចុះបង្ក្រាបបទល្មើស។
ក្រោយមក សមត្ថកិច្ចបានបញ្ជាក់ថា កម្លាំងទាំងនោះគឺជានគរបាលមកពីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដោយក្រុមដែលស្លៀកពាក់ស៊ីវិលជាកម្លាំងភ្នាក់ងារសម្ងាត់។
តាមរយៈការស៊ើបអង្កេត និងចម្លើយសារភាពរបស់ជនសង្ស័យ សមត្ថកិច្ចបានរកឃើញថា គ្រឿងញៀនទាំងនេះត្រូវបាននាំចេញពីប្រទេសឡាវ ដោយប្រើប្រាស់ប្រទេសកម្ពុជាជាផ្លូវឆ្លងកាត់ មុននឹងបន្តដឹកជញ្ជូនទៅកាន់ប្រទេសទី៣។
បច្ចុប្បន្ននេះ ជនសង្ស័យ ត្រូវបញ្ជូនទៅ តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN










