កម្មវិធីវគ្គផ្តាច់ព្រ័ត្រ និងពិធីប្រគល់ពានរង្វាន់ ក្នុងការប្រកួតប្រជែងផលិតវីដេអូ «ទស្សនាកម្ពុជាក្នុងរដូវកាលបៃតង ឆ្នាំ២០២៦» រៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍ និងសារព័ត៌មាន Tnaot ដើម្បីលើកទឹកចិត្តដល់យុវជន អ្នកផលិតមាតិកាទេសចរណ៍ និងសាធារណជនទូទៅ ឱ្យចូលរួមបង្ហាញពីសក្តានុពលទេសចរណ៍កម្ពុជា តាមរយៈស្នាដៃផលិតវីដេអូប្រកបដោយគំនិតច្នៃប្រឌិត។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ពានរង្វាន់ជូនជ័យលាភីក្នុងកម្មវិធីប្រកួតប្រជែងផលិតវីដេអូទេសចរណ៍ «ទស្សនាកម្ពុជាក្នុងរដូវកាលបៃតងឆ្នាំ២០២៦» និងគណៈកម្មការ និងក្រុមការងារជំរុញយុទ្ធនាការ «ទស្សនាកម្ពុជានៅរដូវកាលបៃតង», លោកស្រី ហាន លី នាយកប្រតិបត្តិនៃសារព័ត៌មាន Tnaot, គណៈកម្មការវាយតម្លៃ, តំណាងក្រុមហ៊ុនស្ថាប័នដែលសហការក្រុមការងារនៃសារព័ត៌មាន Tnaot និងបេក្ខភាពដែលចូលរួមប្រកួតផងដែរ នៅថ្ងៃ៣១ ខែតុលា ឆ្នាំ២០២៦។
ថ្លែងក្នុងពិធីប្រគល់ពានរង្វាន់ ក្នុងការប្រកួតប្រជែងផលិតវីដេអូ «ទស្សនាកម្ពុជាក្នុងរដូវកាលបៃតង ឆ្នាំ២០២៦»នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា កម្មវិធីប្រកួតប្រជែងផលិតវីដេអូនេះបានបើកឱកាសដល់យុវជន អ្នកផលិតមាតិកា សាធារណជនទូទៅ ឱ្យមានឱកាសបញ្ចេញសមត្ថភាព ទេពកោសល្យ និងភាពច្នៃប្រឌិត ដើម្បីរួមគ្នាប្រាប់ពីរឿងរ៉ាវដ៏ស្រស់ស្អាតរបស់កម្ពុជាទៅកាន់ពិភពលោក។
ឯកឧត្តម ហួត ហាក់ បានវាយតម្លៃខ្ពស់ និងកោតសសើរដល់ថ្នាក់ដឹកនាំនៃសារព័ត៌មាន Tnaot សហការយ៉ាងជិតស្និទជាមួយក្រសួងទេសចរណ៍ដើម្បីរៀបចំកម្មវិធីឱ្យបានលេចជារូបរាងឡើង។ ឯកឧត្តមបានផ្តាំផ្ញើរប្រសាសន៍ថ្លែងអំណរគុណពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ចំពោះលោកស្រី ហាន លី និងសហការី លើកិច្ចសហការយ៉ាងកក់ក្តៅជាមួយក្រសួងទេសចរណ៍ និងគ្រប់ផ្នែកទាំងអស់ទាំងក្នុងក្របខណ្ឌក្រសួងទេសចរណ៍ និងទាំងក្នុងក្របខណ្ឌដៃគូសហការ វិស័យឯកជន និងបេក្ខជនចូលរួមប្រកួតផងដែរ។
ឯកឧត្តម ហួត ហាក់ បានគូសរំលេចថា សម្តេចធិបតីបានឯកភាព និងគាំទ្រ ព្រមទាំងលើកទឹកចិត្តដោយការរៀបចំការប្រកួតនេះជាវិធីសាស្រ្ត និងជារបៀបនៃការចូលរួមលើកទឹកចិត្តដល់បងប្អូនដោយប្រាកដប្រជា និងមាននិយាមច្បាស់លាស់តាមស្តង់ដារ។
ក្នុងឱកាសនោះ ឯកឧត្តម មហាំម៉ាត់ យូណេះ ប្រធានលេខាធិការដ្ឋាននៃគណៈកម្មការជំរុញយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង បានលើកឡើងថា ក្រោមកិច្ចសហការរបស់ក្រសួងទេសចរណ៍ និងក្រុមហ៊ុនសារព័ត៌មាន Tnaot បានកំណត់យក ប្រធានបទស្នូលពាក់ព័ន្ធយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង ដើម្បីធ្វើជាយន្តការវាយតម្លៃ ដែលប្រធានបទនៃការផលិតវីឌីអូក្នុងកម្ម វិធីប្រកួតប្រជែងនេះគឺផ្តោតទៅលើ សក្តានុពលទេសចរណ៍ទាំង៦គួរ ក្នុងរដូវកាលបៃតងដែលក្នុងនោះមានដូចជា គួរចង់ឃើញ គួរស្នាក់នៅ គួរភ្លក្ស គួរទស្សនា គួរសាកល្បង និងគួរទិញ។
ទន្ទឹមនេះ លោកស្រី ហាន លី នាយកប្រតិបត្តិនៃសារព័ត៌មាន Tnaot បានថ្លែងថា តាមរយៈការផលិតវីដេអូជាស្ពានផ្សារភ្ជាប់ នឹងលើកទឹកចិត្តដល់សាធារណជនឱ្យស្វែងយល់ និងចែករំលែកពីភាពទាក់ទាញនៃរដូវកាលបៃតងរបស់កម្ពុជា ហើយតាមរយៈមាតិកាទេសចរណ៍ពិតៗ និងរស់រវើក នឹងជួយពង្រឹងការយល់ដឹងរបស់ភ្ញៀវទេសចរចំពោះប្រទេសកម្ពុជា ព្រមទាំងចាក់បញ្ចូលនូវភាពរស់រវើកបន្ថែមទៀតសម្រាប់ការផ្សព្វផ្សាយទេសចរណ៍រដូវកាលបៃតង។
បេក្ខជននីមួយៗបានស្វះស្វែង ខិតខំបង្កើតវីដេអូតាមខ្លឹមសារ និងមានអត្ថន័យបំផុត ពិសេសបង្ហាញសម្រស់រដូវកាលបៃតងកម្ពុជាតាមគោលការណ៍នៃកម្មវិធី ជាពិសេសឆន្ទៈក្នុងការផ្សព្វផ្សាយពីរដូវកាលបៃតងដ៏ស្រស់បំព្រងរបស់កម្ពុជា។
ពានរង្វាន់ និងអ្នកទទួលជ័យលាភី កម្មវិធីប្រកួតប្រជែងផលិតវីដេអូផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា ក្រោមប្រធានបទ «ទស្សនាកម្ពុជាក្នុងរដូវកាលបៃតង ឆ្នាំ២០២៦» ក្នុងនោះ ជ័យលាភីលេខ ១ បេក្ខជន យន់ រ៉ានុត ជ័យលាភីលេខ ២ បេក្ខជន លី រស្មី និង ជ័យលាភីលេខ ៣ ខៀវ សុនឃួច ព្រមទាំង
ពានរង្វាន់ និងពានកិត្តិយស ដល់បេក្ខជនទាំង ៧នាក់ផ្សេងទៀតផងដែរ។
កម្មវិធីប្រកួតប្រជែងផលិតវីដេអូផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា ក្រោមប្រធានបទ «ទស្សនាកម្ពុជាក្នុងរដូវកាលបៃតង ឆ្នាំ២០២៦» បានប្រព្រឹត្តិទៅយ៉ាងរលូននេះ ក៏ដោយសារតែមានចំណែកពីម្ចាស់ឧបត្ថម្ភកម្មវិធី ក្នុងនោះ សូមថ្លែងអំណរគុណដល់ អាកាសចរណ៍ជាតិកម្ពុជា (AIR CAMBODIA), Air Lee Beauty Center, ធនាគារ ខេ ប៊ី ប្រាសាក់, ក្រុមហ៊ុន E-Gets, ក្រុមហ៊ុន Gold Zone Media, សណ្ឋាគារ ហ័ន ហៃ, Tui Blue Angkor Grace, Kospet Cambodia, Pathfinder Travel និង Alarm Clock coffee។
ក្នុងនោះ ក៏សូមថ្លែងអំណរគុណដល់ដៃគូផ្សព្វផ្សាយផ្លូវការួមមាន KOCHAM, ភ្នំពេញប៉ុស្តិ៍, ដើមអម្ពិល, 58Cam, CEN News, Fresh News, Fresh AI, ឧកញ៉ាញូស៍, KhmerNote, BBR Guangxi Project (北部湾之声), Cam-Insight និង 柬华日报(Jian Hua Daily )៕រក្សាសិទ្ធិគ្រប់យ៉ាង ដោយ CEN
















