ខេត្តកោះកុង: ប្រជានេសាទក្នុងខេត្តកោះកុង ប្រមូលផលនេសាទបានប្រមាណ ៣៦,៣០០តោន ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២៦ ធ្លាក់ចុះចំនួន ៥៦០តោន ឬស្មើនឹង ២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារបញ្ហាវិវាទព្រំដែន ការឡើងថ្លៃប្រេងឥន្ធនៈ និងកង្វះកម្លាំងពលកម្មក្នុងវិស័យនេសាទ។
លោក ហ៊ិន ឡា នាយរងខណ្ឌរដ្ឋបាលជលផលខេត្តកោះកុង បានឱ្យដឹងថា: ក្នុងរយៈពេល៩ខែឆ្នាំនេះ ទិន្នផលនេសាទសរុបមានចំនួន ៣៦,៣០០តោន ខណៈរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ មានចំនួន ៣៦,៨៦០តោន។
ក្នុងនោះ ប្រជានេសាទក៏ប្រមូលផលនេសាទទឹកសាបបានចំនួន ២៦តោនផងដែរ។
លោកបញ្ជាក់ថា: ការធ្លាក់ចុះនៃទិន្នផលនេសាទសមុទ្រនេះ គឺ បណ្តាលមកពីបញ្ហាវិវាទព្រំដែន ដែលធ្វើឱ្យប្រជានេសាទមួយចំនួនមិនហ៊ានចេញទៅនេសាទនៅតំបន់ទឹកជ្រៅ។
ក្រៅពីនេះ ការកើនឡើងនៃតម្លៃប្រេងឥន្ធនៈបានធ្វើឱ្យទូកនេសាទមួយចំនួនផ្អាកសកម្មភាព ខណៈប្រជានេសាទមួយចំនួនទៀតបានផ្លាស់ប្តូរទៅធ្វើការក្នុងវិស័យសំណង់ រោងចក្រ និងការងារផ្សេងៗ ដោយសារកង្វះកម្លាំងពលកម្ម។
ចំពោះផលនេសាទដែលប្រមូលបាន ត្រូវបានប្រជានេសាទដឹកជញ្ជូនទៅលក់នៅទីផ្សាររាជធានីភ្នំពេញ និងតាមបណ្តាខេត្តផ្សេងៗទៀត ដោយតម្លៃលក់មានភាពសមរម្យទៅតាមការបញ្ជាទិញរបស់ឈ្មួញកណ្តាល។
ផលនេសាទទាំងនោះរួមមាន: បង្គារ មឹក ក្តាមសេះ ត្រីបេកា ត្រីឈាម ត្រីកន្ទុយវែង ត្រីក្រហម ត្រីកាម៉ុង និងត្រីប្រភេទផ្សេងៗទៀត។
លោកហ៊ិន ឡា បានឱ្យដឹងថា: ទន្ទឹមនឹងការប្រមូលផលនេសាទ ខាងលើនេះ ខណ្ឌរដ្ឋបាលជលផលខេត្តកោះកុង ក៏បានចុះល្បាត និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់បានចំនួន ៣៩ករណី កើនឡើង ៦ករណី បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
បទល្មើសទាំងនោះពាក់ព័ន្ធនឹងការប្រើប្រាស់ឧបករណ៍នេសាទហាមឃាត់ និងការលួចចូលនេសាទក្នុងតំបន់ការពារ និងអភិរក្សជាដើម។
រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN





