ខេត្តកំពង់ស្ពឺ: បុរសជនជាតិវៀតណាមម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីត្រូវបានបុរសម្នាក់បើករថយន្ត Toyota Alphard បុកសង្កត់ផ្ទប់នឹងជញ្ជាំងផ្ទះ បន្ទាប់ពីកើតមានជម្លោះ ពាក្យសម្ដី និង វាយប្រតាយប្រតប់គ្នា ដែលត្រូវបានអះអាងថាពាក់ព័ន្ធនឹងរឿងគ្រឿងញៀន នៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ២:៣០នាទីរសៀល ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ នៅភូមិថ្មី ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា: ជនរងគ្រោះ មានឈ្មោះ ថាន់ ឌិន ភេទ ប្រុស អាយុ៥២ឆ្នាំ ជាជនជាតិវៀតណាម។
ចំណែកឯ ជនសង្ស័យដែលត្រូវបាន សមត្ថកិច្ចនគរបាល កំណត់អត្តសញ្ញាណថា ឈ្មោះ ទិត្យ ធារិទ្ធ អាយុ៤៣ឆ្នាំ មានទីលំនៅរាជធានីភ្នំពេញ ។
ជនសង្ស័យបានបើករថយន្តម៉ាក Toyota Alphard ពណ៌ស ពាក់ស្លាកលេខ កម្ពុជា 518 បុកជនរងគ្រោះយ៉ាងពេញទំហឹង បណ្តាលឱ្យជាប់ផ្ទប់នឹងជញ្ជាំងផ្ទះស្លាប់នៅនឹងកន្លែង។
ក្រោយធ្វើសកម្មភាព ជនសង្ស័យ និងបក្ខពួកម្នាក់ទៀតបានបើករថយន្តគេចខ្លួនបាត់ ស្រមោល។ុំ
បើតាមការអះអាងរបស់ភរិយាជនរងគ្រោះ បានឱ្យដឹងថា: ដើមហេតុនៃជម្លោះបានកើតឡើង បន្ទាប់ពីប្តីរបស់គាត់បានបើកវ៉ាលីមួយដែលផ្ញើមកពីប្រទេសថៃ ហើយប្រទះឃើញសារធាតុសង្ស័យថាជាគ្រឿងញៀននៅខាងក្នុង។
ជនរងគ្រោះក៏បានយកសារធាតុនោះទៅដុតកម្ទេចចោល ដែលតាមការអះអាងនេះ បានធ្វើឱ្យភាគីម្ខាងទៀតខឹងសម្បារ រហូតឈានដល់ការបង្កហិង្សា និងបើករថយន្តបុកសម្លាប់ជនរងគ្រោះ។
បច្ចុប្បន្ននេះ សមត្ថកិច្ចនគរបាល ជំនាញខេត្តកំពង់ស្ពឺ កំពុងតែបន្តស្រាវជ្រាវ និងតាមប្រមាញ់ជនសង្ស័យ រួមទាំងបក្ខពួក ដើម្បីនាំខ្លួនមកចាត់ការតាមនីតិវិធីច្បាប់ ព្រមទាំងស្វែងរកការពិតពាក់ព័ន្ធនឹងមូលហេតុនៃអំពើហិង្សាដ៏សាហាវនេះ រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN






