ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាសទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ក្មេងមានកម្លាំង និងស្គាល់ផ្លូវ ឯចាស់មានបទពិសោធ»

សារលិខិតសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ ក្នុងឱកាសទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦។

ថ្ងៃនេះ ប្រជាជាតិកម្ពុជាមានសេចក្ដីរីករាយដោយបានចូលរួមជាមួយប្រជាជាតិទូទាំងពិភពលោក ដើម្បី ប្រារព្ធពិធីអបអរសាទរ ទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦។ ក្នុងនាមរាជរដ្ឋាភិបាល ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមសម្តែងនូវអំណរសាទរយ៉ាងស្មោះស្ម័គ្រជាមួយ លោកយាយ លោកតា ព្រឹទ្ធាចារ្យ និងបងប្អូនជនរួមជាតិទាំងអស់ ព្រមទាំងប្រជាជាតិទូទាំងពិភពលោកក្នុងឱកាស នៃទិវាមនុស្សចាស់ឆ្នាំនេះ ក្រោមប្រធានបទ «ក្មេងមានកម្លាំង និងស្គាល់ផ្លូវ ឯចាស់មានបទពិសោធ» ដែលជា ទិវាមួយសម្រាប់រម្លឹកគុណដល់មនុស្សវ័យចាស់នៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាមនុស្សវ័យចាស់នៅទូទាំង
ពិភពលោក និងលើកកម្ពស់មនសិការទទួលខុសត្រូវរបស់យើងទាំងអស់គ្នាក្នុងការចូលរួមកសាងសង្គមជាតិមួយ ឱ្យរីកចម្រើនរួមគ្នា។ ដើម្បីឱ្យសង្គមជាតិមានការអភិវឌ្ឍ មាននិរន្តរភាព មានសុខដុមរមនា និងមានសន្តិភាព ទាមទារឱ្យមានសាមគ្គីភាព សហការគ្នារវាងកម្លាំង និងគំនិតច្នៃប្រឌិតរបស់យុវជន គួបផ្សំជាមួយកេរដំណែល ដ៏ល្អផូរផង់ ដំបូន្មាននិងបទពិសោធល្អរបស់មនុស្សចាស់ ជាពិសេសការគោរពដឹងគុណជានិច្ចចំពោះមនុស្សចាស់
ដែលជាការប្ដេជ្ញាចិត្តនិងឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាលក្នុងការបន្តលើកកម្ពស់សុខុមាលភាពរបស់មនុស្ស វ័យចាស់នៅព្រះរាជាណាចក្រកម្ពុជានិងនៅទូទាំងពិភពលោកក្នុងការពង្រឹងប្រព័ន្ធគាំពារនិងថែទាំសុខុមាលភាព
មនុស្សគ្រប់វ័យ។ ដើម្បីឱ្យក្មេងមានកម្លាំងនិងស្គាល់ផ្លូវ រាជរដ្ឋាភិបាលទាំងអាណត្តិមុនៗ ក៏ដូចជាអាណត្តិទី៧នេះ បានយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងគុណភាពអប់រំនិងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ព្រមទាំងបានដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក និងគ្រួសារងាយរងគ្រោះនិងគោលនយោបាយជាតិនានាពាក់ព័ន្ធនឹងវិស័យអប់រំនិងវិស័យការងារផងដែរ។ ជាមួយគ្នានេះពាក់ព័ន្ធនឹងគោលនយោបាយជាតិស្ដីពីមនុស្សវ័យចាស់២០១៧-២០៣០ ក៏បានរំលេចឡើង អំពីការត្រៀមខ្លួនរបស់ប្រជាជនវ័យក្មេងដើម្បីឈានចូលវ័យចាស់ដែលជាការបង្ហាញអំពីការយកចិត្តទុកដាក់ ខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការវិនិយោគលើយុវជនវ័យក្មេង ដែលមានន័យថា ការវិនិយោគលើយុវជនវ័យក្មេង នៅថ្ងៃនេះសម្រាប់មនុស្សវ័យចាស់ប្រកបដោយផលិតភាពនៅថ្ងៃអនាគត។ ជារៀងរាល់ឆ្នាំ ការប្រារព្ធទិវា មនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា គឺស្របទៅនឹងគោលនយោបាយរបស់ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងស្របតាមសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិ។ ក្នុងឱកាសអបអរសាទរទិវាដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំមានកិត្តិយស សូមសម្ដែងនូវមនោសញ្ចេតនារីករាយថ្លែងនូវសារលិខិតជូនជនរួមជាតិជាទីស្នេហា អំពីឆន្ទៈនិងបុព្វហេតុក្នុង ការគោរពដឹងគុណមនុស្សវ័យចាស់និងលើកកម្ពស់មនសិការរបស់បងប្អូនជនរួមជាតិយើងទាំងអស់ឱ្យចូលរួម កាន់តែសកម្ម ដើម្បីឱ្យកូនចៅជំនាន់ក្រោយៗទៀតយល់ដឹងអំពីតម្លៃឥតគណនារបស់មនុស្សវ័យចាស់។ ជារួម ប្រវត្តិសាស្ត្រនិងបទពិសោធនៃសង្គមនីមួយៗបានបង្ហាញឱ្យឃើញថា ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច
និងវប្បធម៌នៃប្រជាជាតិមួយអាចប្រព្រឹត្តទៅបានប្រកបដោយចីរភាពនិងសមធម៌ទាមទារឱ្យមានការអភិវឌ្ឍ ផ្នែកអប់រំសីលធម៌ គុណធម៌ និងវប្បធម៌អហិង្សា។ ផ្ទុយទៅវិញ ក្នុងសង្គមជាតិមួយដែលមានសុជីវធម៌ គុណធម៌ និងសីលធម៌ធ្លាក់ចុះ សង្គមជាតិនោះនឹងត្រូវទទួលរងនូវវិបត្តិនិងមហន្តរាយ។ ព្រះរាជាណាចក្រកម្ពុជាយើង មានប្រពៃណី ទំនៀមទម្លាប់ដ៏ល្អ កេរមរតកសម្បត្តិវប្បធម៌សម្បូណ៌បែប និងសមិទ្ធផលទាំងឡាយដែលត្រូវបាន រក្សាគង់វង្សរហូតមកដល់សព្វថ្ងៃនេះ។ មរតកទាំងអស់នេះកើតចេញពីស្នាដៃ គុណូបការៈ និងការអប់រំទូន្មាន ប្រៀនប្រដៅប្រកបដោយគតិបណ្ឌិតនៃបុព្វបុរសនិងចាស់ព្រឹទ្ធាចារ្យរបស់យើង ដែលអាចជាក្សត្រ ប្រជាជន មន្ត្រីរាជការ យុទ្ធជន បព្វជិត គ្រហស្ថ អ្នកអក្សរសាស្ត្រ ភាសាវិទូ សេដ្ឋវិទូ អ្នកស្រាវជ្រាវ សិល្បករ អ្នកច្បាប់ និងអ្នកវិទ្យាសាស្ត្រជាដើម។

ពិតណាស់ថា ក្នុងការប្រតិបត្តិក្នុងសង្គមយើង ប្រជាជនមិនត្រឹមតែមានទម្លាប់គោរពចាស់ព្រឹទ្ធាចារ្យ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យការគោរពនិងការដឹងគុណមនុស្សចាស់នេះក្លាយទៅជាគោលនៃគុណធម៌ ដែលបង្កើតបានជាវប្បធម៌និងជាប្រពៃណីដ៏ល្អសម្រាប់មនុស្សជំនាន់ក្រោយក្នុងការបន្តបុព្វហេតុការពារនិង កសាងប្រទេសជាតិរបស់ខ្លួនទៀតផង។ ជាងនេះទៅទៀត ព្រឹទ្ធឱវាទនិងដំបូន្មានរបស់ចាស់ទុំគឺជាផ្នែកមួយ នៃមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការអប់រំសីលធម៌និងចរិយាធម៌របស់សង្គមជាតិយើង។ នៅក្នុងន័យនេះ ដើម្បី សម្តែងនូវការដឹងគុណចំពោះគុណូបការៈដ៏ថ្លៃថ្លារបស់មនុស្សវ័យចាស់ដែលបានបន្សល់ទុកនូវសមិទ្ធផលនិង មរតកជាច្រើននោះ រាជរដ្ឋាភិបាលបានកសាងលិខិតបទដ្ឋានគតិយុត្តនិងគោលនយោបាយជាតិជាបន្តបន្ទាប់ ចាប់ពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ មក សំដៅលើកស្ទួយសុខុមាលភាពរបស់មនុស្សវ័យចាស់ឱ្យបានល្អ ប្រសើរឡើង មានជាអាទិ៍ ការផ្តល់ជូននូវរបបសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ កម្មករ និយោជិត ការបង្កើតមូលនិធិជនពិការ ការបង្កើតសមាគមមនុស្សចាស់ និងមូលនិធិជាតិជំនួយសង្គម។ ក្នុងនោះដែរ រាជរដ្ឋាភិបាលក៏បានដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីសុវត្ថិភាពសង្គមសម្រាប់កងកម្លាំង ប្រដាប់អាវុធ ដែលត្រៀមចូលនិវត្តន៍ និងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០២៤-២០៣៥។រក្សាសិទ្ធិដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម