ភ្នំពេញ៖ រយៈពេលមួយខែកញ្ញា ឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេសបានកើតឡើងចំនួន ២១២ករណី ដោយបានឆក់យកជីវិតមនុស្ស ១១៦នាក់ និងបណ្តាលឱ្យមនុស្ស ២៧៦នាក់រងរបួសធ្ងន់ស្រាល។
យោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃប បានង្ហាញថា: ការបើកបរលើសល្បឿនកំណត់នៅតែជាមូលហេតុដែលបង្កគ្រោះថ្នាក់ច្រើនជាងគេ ដោយមាន ១០២ករណី។
បន្ទាប់មក គឺការមិនគោរពសិទ្ធិអាទិភាព ៤៦ករណី និងការមិនប្រកាន់ស្តាំ ២៤ករណី។
របាយការណ៍ដដែលបានបញ្ជាក់ថា: គ្រោះថ្នាក់ដែលបណ្តាលពីការបត់មិនប្រុងប្រយ័ត្នមាន ១២ករណី ខណៈការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងមាន ៩ករណី និងការបើកបរជែងមាន ៨ករណី។
ចំណែកឯ ការមិនគោរពសញ្ញាចរាចរណ៍មាន ៥ករណី កត្តាយានយន្ត ៤ករណី ខណៈកត្តាងងុយដេក និងកត្តាផ្លូវថ្នល់មានមួយករណីក្នុងមួយប្រភេទ។
ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាឱ្យផ្អាកការផាកពិន័យលើបទល្មើសចរាចរណ៍មួយចំនួន ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ទន្ទឹមនឹងនេះ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានអំពាវនាវឱ្យអ្នកធ្វើដំណើរទាំងអស់បន្តគោរពច្បាប់ចរាចរណ៍ បើកបរដោយប្រុងប្រយ័ត្ន និងមានការអធ្យាស្រ័យចំពោះអ្នកដទៃ ដើម្បីកាត់បន្ថយហានិភ័យ និងការបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN





