ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យ ១១នាក់ ដកហូតម៉ូតូ ២៥គ្រឿង និងអំពាវនាវម្ចាស់ដើមមកផ្ទៀងផ្ទាត់យកវិញ!

ខេត្តបន្ទាយមានជ័យ៖ នគរបាលក្រុងប៉ោយប៉ែតបានឃាត់ខ្លួនជនសង្ស័យ ១១នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស និងទទួលផលចោរកម្ម ដោយដកហូតបានម៉ូតូចំនួន ២៥គ្រឿង ខណៈសមត្ថកិច្ចអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់បាត់ម៉ូតូ ឲ្យនាំយកឯកសារមកផ្ទៀងផ្ទាត់ ដើម្បីទទួលយកទ្រព្យសម្បត្តិរបស់ខ្លួនវិញ។

ប្រតិបត្តិការនេះ បានធ្វើឡើងនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដោយកម្លាំងជំនាញផែនព្រហ្មទណ្ឌខេត្ត និងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុង។

ជនសង្ស័យទាំង ១១នាក់ រួមមានស្ត្រីម្នាក់ ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធសកម្មភាពលួចដោយកាច់ក និងគាស់ទ្វារ ព្រមទាំងបទទទួលផលចោរកម្មនៅក្នុងមូលដ្ឋាន។

លោកវរសេនីយ៍ទោ ម៉ៅ ឈួន អធិការរងផ្នែកព្រហ្មទណ្ឌ បានឲ្យដឹងថា តាមការស្រាវជ្រាវ និងចម្លើយសារភាព ជនសង្ស័យ ៧នាក់ជាអ្នកធ្វើសកម្មភាពលួច ខណៈ ៤នាក់ទៀតជាអ្នកទិញ និងទទួលផលចោរកម្មដោយគ្មានឯកសារ ក្នុងនោះមានឈ្មោះ យិញ សុធា និងឈ្មោះ ពៅ ស្រីហ៊ីម ហៅ ចែភីម។

បច្ចុប្បន្ននេះ ជនសង្ស័យទាំង ១១នាក់កំពុងស្ថិតក្រោមការសួរនាំ និងត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។

ជាមួយគ្នានេះ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់បាត់ម៉ូតូកន្លងមក ឲ្យប្រញាប់នាំយកឯកសារពាក់ព័ន្ធមកផ្ទៀងផ្ទាត់នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីទទួលយកទ្រព្យសម្បត្តិរបស់ខ្លួនត្រឡប់ទៅវិញ។

រហូតមកដល់ពេលនេះ ម៉ូតូចំនួន ៣គ្រឿងត្រូវបានផ្ទៀងផ្ទាត់ថាត្រូវនឹងបណ្តឹងរបស់ម្ចាស់ និងបានរៀបចំប្រគល់ជូនម្ចាស់ដើមវិញរួចរាល់។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម