ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺ បង្ក្រាបគ្រឿងញៀន បានជិត ១គីឡូក្រាម និង ឃាត់ខ្លួនជនសង្ស័យ៤នាក់!!

ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺ បានបង្ក្រាបករណីជួញដូរគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យ ចំនួន ៤នាក់ និង រឹបអូសបានម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនទម្ងន់ ៩៩៨,៩១ក្រាម (ជិត ១គីឡូក្រាម) ព្រមទាំងទូរស័ព្ទដៃ ៣គ្រឿង និងម៉ូតូ ២គ្រឿង។

ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចភូមិត្រពាំងខ្យង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ត និងដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក ហ៊ាង ឈាងលី ស្នងការរង។

បើតាមសមត្ថកិច្ច កម្លាំងផែនការងារប្រឆាំងគ្រឿងញៀន សហការជាមួយអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ និង ស្រុកសំរោងទង បានស្រាវជ្រាវ និងឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហន សុខា ហៅ ភក្តី ហៅ ដី អាយុ ៣២ឆ្នាំ នៅស្រុកបសេដ្ឋ ដោយដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនមួយកញ្ចប់ធំ ទូរស័ព្ទដៃមួយគ្រឿង និងម៉ូតូមួយគ្រឿង។

ផ្អែកលើចម្លើយរបស់ជនសង្ស័យ និងដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ សមត្ថកិច្ចបានបន្តឆែកឆេរផ្ទះឈ្មោះ ឌិន រុន អាយុ ៣៤ឆ្នាំ នៅស្រុកគងពិសី ដែលបានគេចខ្លួន ហើយបានឃាត់ខ្លួនបក្ខពួកពីរនាក់ គឺឈ្មោះ យ៉ង កុយ អាយុ ៣០ឆ្នាំ និង ណុប គីមលៀង អាយុ ២៤ឆ្នាំ។

សមត្ថកិច្ចក៏បានសហការជាមួយនគរបាលរាជធានីភ្នំពេញ បន្តស្រាវជ្រាវ និង ឃាត់ខ្លួនឈ្មោះ អ៊ុន លាប អាយុ ២៦ឆ្នាំ នៅខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនមួយកញ្ចប់ និងទូរស័ព្ទដៃមួយគ្រឿង។

សរុបប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន ៤នាក់ និង ដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ២កញ្ចប់ ទម្ងន់សរុប ៩៩៨,៩១ក្រាម ព្រមទាំងទូរស័ព្ទដៃ ៣គ្រឿង និងម៉ូតូ ២គ្រឿង។

បច្ចុប្បន្ននេះ ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម