ភ្នំពេញ ៖ ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានប្រកាសផ្តល់ជំនួយ ១.៦ លានផោន សម្រាប់រយៈពេលមួយឆ្នាំទៀត ២០២៦-២០២៧ នៃការបោសសម្អាតមីន និងការអប់រំយល់ដឺងអំពីយុទ្ធភណ្ឌគ្រឿងផ្ទុះ ក្នុងគោលបំណងរួមចំណែកដល់ការបង្កើនសុវត្ថិភាពសហគមន៍ និងលើកកម្ពស់ជីវភាពរស់នៅ ជាពិសេសគាំទ្រដល់វឌ្ឍនភាពរបស់កម្ពុជាឆ្ពោះទៅរកកាតព្វកិច្ចបោសសម្អាតមីននៅឆ្នាំ២០៣០។ ពិធីនេះបានធ្វើឡើងនាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ នៅនិវេសនដ្ឋានឯកអគ្គរាជទូតអង់គ្លេសក្នុងរាជធានីភ្នំពេញ រដ្ឋាភិបាលចក្រភពអង់គ្លេស។
ជំនួយនេះ នឹងផ្តល់ជូនដល់អង្គការដោះមីនចំនួន ០៣រួមមាន ៖ អង្គការ HALO Trust, Mines Advisory Group (MAG) និង APOPO។ តាមរយៈជំនួយនេះ រំពឹងថា អង្គការ HALO Trust និងអង្គការ MAG នឹងរំដោះផ្ទៃដីចំនួន ៨៩០,៣00 ម៉ែត្រការ៉េ ក្នុងខេត្តបាត់ដំបង សៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ ប៉ៃលិន ពោធិ៍សាត់ និងខេត្តកោះកុង ដែលផ្តល់ផលប្រយោជន៍ផ្ទាល់ដល់ប្រជាពលរដ្ឋចំនួន ៥,៤១៤ នាក់ ព្រមទាំងអាចផ្តល់នូវវគ្គអប់រំការយល់ដឹងពីយុទ្ធភណ្ឌគ្រឿងផ្ទុះជាង ៤០០០វគ្គ ដល់ប្រជាជនជាង ៤៤.២៨០ នាក់ ក្នុងនោះមានស្ត្រី ៨,៨៥៤ នាក់ និងក្មេងស្រី ១២,៦៩៦ នាក់។
ជាមួយគ្នានោះ ចក្រភពអង់គ្លេស នឹងគាំទ្រដល់គម្រោង Minefields to Ricefields (M2R) របស់អង្គការ APOPO ដោយរួមបញ្ចូលសកម្មភាពមីនជាមួយនឹងការអភិវឌ្ឍកសិកម្មឡើងវិញ លើផ្ទៃដី ៣.៤ លានម៉ែត្រការ៉េ និងមានគ្រួសារកសិករយ៉ាងតិច ៥០០ នឹងទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់ រួមជាមួយនឹងគ្រួសារបន្ថែមប្រមាណជាង ៥០០ ទៀត។
តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងថា ភាពជាដៃគូរវាងកម្ពុជា និងចក្រភពអង់គ្លេស នៅតែរឹងមាំ និងមិនមានការផ្លាស់ប្តូរឡើយ អស់រយៈពេល ៤ ទសវត្សរ៍មកនេះ ក្នុងវិស័យសកម្មភាពមីនមនុស្សធម៌។ អង់គ្លេស នៅតែបន្តឈរជាមួយកម្ពុជា លើសពីភាពជាដៃគូ ព្រមទាំងបានប្តេជ្ញាចិត្តរួមគ្នាក្នុងកិច្ចការមនុស្សជាតិ និងលើកកម្ពស់សេចក្តីថ្លៃថ្នូរ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជា បានដាក់ចេញនូវចក្ខុវិស័យច្បាស់លាស់ក្នុងដំណើរសកម្មភាពមីនរបស់ខ្លួន ដោយបានប្តេជ្ញាចិត្តថា នៅឆ្នាំ២០៣០ នឹងគ្មានសហគមន៍ណាមួយបន្តរងការគំរាមកំហែងដោយសារមីន។
ក្នុងឱកាសនោះ តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់ចក្រភពអង់គ្លេស ក្នុងចំណោមប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ដទៃទៀត ដែលបានរួមចំណែកដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ដែលរហូតដល់ពេលនេះ អង់គ្លេសបានផ្តល់ជំនួយប្រមាណជា ៦៥ លានផោន។រក្សាសិទ្ធដោយ៖សុទ្ធលី








