ខេត្តកណ្តាល៖ នាព្រឹកថ្ងៃអាទិត្យ ១២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រផ្គុំដំឡើងរថយន្តរបស់ក្រុមហ៊ុន KNN Automotive Co., Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ K N N Group ស្ថិតនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការបានលើកឡើងថា ការសម្រេចចិត្តវិនិយោគរបស់ក្រុមហ៊ុន គឺជាការបង្ហាញពីទំនុកចិត្តលើសុខសន្តិភាព ស្ថិរភាពនយោបាយ បរិយាកាសធុរកិច្ច និងសក្តានុពលសេដ្ឋកិច្ចរយៈពេលវែងរបស់កម្ពុជា។ ឯកឧត្តមក៏បានគូសបញ្ជាក់ថា កម្ពុជាបន្តរក្សាបាននូវសន្ទុះកំណើនវិនិយោគជាវិជ្ជមាន ដោយក្នុងឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគចំនួន ៦៣០គម្រោង ក្នុងទំហំទុនវិនិយោគជិត ១០ប៊ីលានដុល្លារអាម៉េរិក ខណៈក្នុងឆមាសទី១ ឆ្នាំ២០២៦ មានគម្រោងវិនិយោគចំនួន ២៧៦គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៤,៧ប៊ីលានដុល្លារអាម៉េរិក ត្រូវបានចុះបញ្ជីនៅកម្ពុជា។ បន្ថែមលើនេះ ឯកឧត្តមក៏បានលើកឡើងពីភាពជោគជ័យនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងតួនាទីដ៏សំខាន់របស់តំបន់សេដ្ឋកិច្ចពិសេសក្នុងការធ្វើពិពិធកម្មមូលដ្ឋានឧស្សាហកម្ម ក៏ដូចជាការទាក់ទាញប្រភពទុនវិនិយោគដែលមានគុណភាព និងតម្លៃបន្ថែមខ្ពស់មកកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាកំពុងវិវត្តទៅជាមូលដ្ឋានផលិតកម្មថ្មីសម្រាប់ឧស្សាហកម្មយានយន្ត និងឧស្សាហកម្មគាំទ្រនៅក្នុងតំបន់ ដោយសារកំណើនជាបន្តបន្ទាប់នៃការវិនិយោគបង្កើតរោងចក្រផ្គុំដំឡើងរថយន្ត រោងចក្រផលិតសំបកកង់រថយន្ត និងរោងចក្រផលិតគ្រឿងបង្គុំយានយន្ត ដែលរួមចំណែកបង្កើតការងារ ផ្ទេរបច្ចេកវិទ្យា អភិវឌ្ឍធនធានមនុស្ស និងពង្រឹងការចូលរួមរបស់កម្ពុជាក្នុងខ្សែច្រវាក់តម្លៃសកល។
គណៈកម្មាធិការវិនិយោគកម្ពុជា នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយវិនិយោគិន ដើម្បីសម្របសម្រួលការអនុវត្តគម្រោងវិនិយោគឱ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការធ្វើឱ្យកម្ពុជាក្លាយជាគោលដៅវិនិយោគប្រកបដោយភាពប្រកួតប្រជែងខ្ពស់ និរន្តរភាព និងមានភាពទាក់ទាញសម្រាប់វិនិយោគិនមកពីជុំវិញពិភពលោក។កម្ពុជាបន្តបង្ហាញពីភាពជាគោលដៅវិនិយោគដែលមានសក្តានុពល៕រក្សាសិទ្ធិដោយ៖សុទ្ធលី


