ភ្នំពេញ៖កិច្ចពិភាក្សារបស់ថ្នាក់ដឹកនាំ រាជធានី រដ្ឋធានី ទីក្រុង ខេត្ត និងអង្គភាព ជាសមាជិកសមាគម AIMFតាមរយៈ សន្និសិទកម្រិតអភិបាលនិងតំណាងអាជ្ញាធរមូលដ្ឋានស្តីពី “ទំនាក់ទំនងការទូតរវាងទីក្រុង ដើម្បីសន្តិភាព និងការអភិវឌ្ឍមូលដ្ឋាន”នឹងក្លាយជា ធាតុចូលយ៉ាងសំខាន់ក្នុងការចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល- រដ្ឋាភិបាលរបស់យើងទាំងអស់គ្នា និងសកលលោកទាំងមូល ក្នុងបេសកកម្មលើកកម្ពស់នូវសុខសន្តិភាពសកល, លុបបំបាត់នូវសង្គ្រាមឈ្លានពាន និងប្រកាន់ខ្ជាប់នូវគោលជំហរដោះស្រាយបញ្ហាដោយ សន្តិវិធី សម្ដៅការពារឱ្យបាននូវអាយុជីវិតដ៏មានតម្លៃរបស់ប្រជាជន ស្លូតត្រង់, សម្បត្តិបេតិកភណ្ឌ, វប្បធម៌, ប្រពៃណី និងការអភិវឌ្ឍប្រកប ដោយចីរភាព។
នេះជាលើកឡើងរបស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញក្នុងសន្និសិទកម្រិតអភិបាលនិងតំណាងអាជ្ញាធរមូលដ្ឋានស្តីពី “ទំនាក់ទំនងការទូតរវាង ទីក្រុង ដើម្បីសន្តិភាព និងការអភិវឌ្ឍមូលដ្ឋាន” នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦នៅសណ្ឋាគារហ្វែ័រហ្វៀលក្នុងមូលដ្ឋានខណ្ឌទួលគោកដែលមានការចូលរួមជាអធិបតីពីលោក ហ្វ្រេដេរិក វ៉ាលីយ៉េ (Frédéric Vallier) អគ្គប្រតិភូសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសា បារាំង (AIMF) និងលោក ប្រាយអិន ហ្វ័រណារី (Brian Fornari) ប្រធានសហប្រតិបត្តិការ នៃប្រតិភូសហភាពអឺរ៉ុប្រចាំព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ “សន្តិភាព និងស្ថិរភាពនយោបាយ” នៅកម្ពុជា បានមកពីការដឹកនាំប្រកបដោយ គតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាបច្ចុប្បន្ន តាមរយៈការដាក់ចេញនូវនយោបាយ “ឈ្នះ-ឈ្នះ” ដែលបានធ្វើឱ្យ ប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ, ឯកភាពជាតិ និង ឯកភាពទឹកដីទាំងស្រុងនិងធានាបានយ៉ាងល្អប្រសើរនូវអធិបតេយ្យជាតិ សណ្តាប់ធ្នាប់សង្គម សន្តិសុខ សុវត្ថិភាព និងស្ថិរភាពនយោបាយ ព្រមទាំងរក្សាបានយ៉ាងគត់មត់នូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកំណើន សេដ្ឋកិច្ចជាតិ។ បច្ចុប្បន្នមរតកដ៏វិសេសថ្លៃថ្លានេះ កំពុងតែត្រូវបានបន្ត ពូនជ្រុំថែរក្សាយ៉ាងយកចិត្តទុកដាក់បំផុត ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ សមត្ថភាព ថាមពល និងគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
ឯកឧត្ដមអភិបាលបានបន្តទៀតថា៖ ការរៀបចំនូវសន្និសីទកម្រិតអភិបាល និងតំណាងអាជ្ញាធរ មូលដ្ឋាន ស្តីពី “ទំនាក់ទំនងការទូតរវាងទីក្រុងដើម្បីសន្តិភាព និងការ អភិវឌ្ឍមូលដ្ឋាន” នឹងបង្ហាញយ៉ាងច្បាស់ពី សុឆន្ទៈរួមគ្នារបស់ថ្នាក់ដឹកនាំរាជធានី រដ្ឋធានី ទីក្រុង ខេត្ត និងអង្គភាព ជាសមាជិក នៃសមាគមអភិបាលក្រុងភាសាបារាំងទាំងអស់ ដែលមកពី បណ្តាប្រទេសផ្សេងៗគ្នាមានស្ថានភាពសង្គម, ជីវភាពរស់នៅ, ទំនៀម ទម្លាប់ និងប្រពៃណីផ្សេងៗគ្នា ប៉ុន្តែប្រើប្រាស់នូវភាសាបារាំងដូចគ្នា និងមានស្មារតីរួមគ្នា គឺការស្រឡាញ់ និងឱ្យតម្លៃដល់ “សន្តិភាព និងការអភិវឌ្ឍ។
គួរបញ្ជាក់ថា៖ នៅសណ្ឋាគារហ្វែ័រហ្វៀល កាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកានេះដែរ ក៏មានកិច្ចប្រជុំបណ្តាញទីក្រុងអាស៊ីអាគ្នេយ៍ នៃសមាគមអន្តរជាតិ នៃអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង (AIMF) ផងដែរ ដែលកិច្ចប្រជុំនោះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម សេង វណ្ណៈ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ។កិច្ចប្រជុំនេះបានពិភាក្សាយ៉ាងក្តៅគគុក ពាក់ព័ន្ធនិងយ៉េនឌ័រ លើកកំពស់ស្ត្រី ក្នុងតំណែងការងារ ទាំងកាងារឯកជននិងការងាររដ្ឋ។
បន្ថែមពីនេះ ក្រោយកិច្ចប្រជុំ ក៏មានកម្មវិធីសម្ពោធពិព័រណ៌សមិទ្ធិផល “សកម្មភាពហ្រ្វង់កូហ្វូនីនៅថ្នាក់មូលដ្ឋាន” នៅមជ្ឈមណ្ឌលទីក្រុងឆ្លាតវៃរាជធានីភ្នំពេញខាងលើរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំផងដែរ៕ក្សាសិទ្ធដោយ៖សុទ្ធលី






































