Monday, April 13, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំហររដ្ឋបាលលោកត្រាំ ប្រែប្រួល សង្រ្គាមបន្តរអូសបន្លាយ កម្ពុជាសែនឆ្ងាយ តែគួរត្រៀមអ្វីខ្លះ?

សង្រ្គាមនៅតែបន្តអូសបន្លាយ ដោយសារជំហររបស់រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ហាក់មានការប្រែប្រួល (inconsistency)រាប់ចាប់តាំងពីអណត្តិដំបូងរបស់គាត់មកម្ល៉េះ។
គួររំលឹកផងដែរថា លោកប្រធានាធិបតី ដូណាល់ កាលនូវមិនទាន់ជាប្រធានាធិបតី លោកធ្លាប់បាន រិះគន់គណៈបក្សសាធារណៈរដ្ឋខ្លួនឯង ទៅលើសង្រ្គាម នៅអ៊ីរ៉ាក់។ នៅក្នុងវេទិកាតស៊ូមតិ (Debate)របស់គណបក្សសាធារណរដ្ឋឆ្នាំ ២០១៦ នៅទីក្រុង ហ្រ្គីនវៀល(Greenville)រដ្ឋ សោស ការ៉ូឡាយណា(South Carolina) លោក ដូណាល់ ត្រាំ (បេក្ខជនធ្វើប្រធានាធិបតីពេលនោះ) បានហៅសង្គ្រាមអ៊ីរ៉ាក់ថា «ជាកំហុសធំមួយ» ដែលធ្វើឲ្យមជ្ឈឹមបូព៌ាមិនមានស្ថិរភាព ខណៈដែលលោក ជេប ប៊ូស បានការពារបងប្រុសរបស់គាត់ ចច ប៉ូស(George W. Bush) ដែលពេលនោះ លោក ប៉ូសគឺជាប្រធានាធិបតី ដែលបានប្រកាសសង្រ្គាមជាមួយ ប្រទេសអ៊ីរ៉ាក់។ លោក ជេប ប៊ូសនិយាយថា បងប្រុសរបស់គាត់ ប្រឡូកសង្រ្គាមក្រោមបុព្វហេតុ សុវត្ថិភាពសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក និងគាត់មានមោទនភាពចំពោះអ្វីដែល បងប្រុសរបស់គាត់បានធ្វើ (Democracy Now!, 2016)។

បើយោងតាមកាសែត ដឹ ហ្គាដៀន(the guardian) ចុះថ្ងៃទី ២៦ ខែកុម្ភះ ឆ្នាំ ២០២៦ លោក ដូណាល់ ត្រាំ បានសន្យាថានឹងបញ្ចប់ «យុគសម័យនៃការកសាងជាតិ» ឬ ភាសាអង់គ្លេសហៅថា (era of nation-building)ឲ្យបានលឿន។ ហើយលោក ក៏រិះគន់យ៉ាងសម្បើម ទៅលើ សង្គ្រាមដ៏យូរអង្វែងក្នុងមជ្ឈឹមបូព៌ា ដែលសហរដ្ឋអាមេរិកចំណាយប្រាក់យ៉ាងសន្ធឹកសន្ធាប់ ក្រោមគោលនយោបាយ យុគសម័យការកសាងជាតិ យកទៅជួយស្តារប្រទេសដែលខ្ទេចខ្ទាំដោយសារសង្រ្គាមវានាសកម្មផ្សេងៗ តែទទួលបានផលប្រយោជន៍តិចតួចបំផុត។ កាលនោះ ប្រហែលគាត់ទទួលបានការគាំទ្រខ្លាំង ពីក្នុងគណៈបក្សរបស់គាត់ ដោយគាត់បានបង្ហាញខ្លួនជាបេក្ខជនប្រធានាធិបតីមួយរូប ដែលសន្យាថានឹងបញ្ឈប់ការប្រើប្រាស់អន្តរាគមន៍យោធាអាមេរិក ទៅលើ ដែនដីបរទេស ដោយខ្ជះខ្ជាយ ដោយមិនប្រុងប្រយ័ត្ន និង លោកប្រកាសថាប្រសិនលោកជាប់ឆ្នោត លោកនឹងងាកមកផ្តោតលើការកសាងសហរដ្ឋអាមេរិកឡើងវិញ ឬ ភាសាអង់គ្លេសហៅថា (American First) ។

ទោះជាយ៉ាងណា ក្នុងអាណត្តិទីពីររបស់គាត់—ក្នុងរយៈពេលជាងមួយឆ្នាំដំបូង—ការអនុវត្តន៍នយោបាយការបរទេសរបស់លោក ហាក់មានការប្រែប្រួល ឬ មិនស៊ីសង្វាក់គ្នា (inconsistency)។ សហរដ្ឋអាមេរិកបានអនុវត្តប្រតិបត្តិការយោធានៅក្នុងប្រទេសជាច្រើន រួមមាន ប្រទេសអ៊ីរ៉ង់ យេមែន (ប្រឆាំងក្រុមហ៊ូធី) វេណេស៊ុយអេឡា (ចាប់ខ្លួនលោក ម៉ាឌូរ៉ូ) អន្តរាគមន៍យោធាក្នុង ប្រទេសស៊ីរី ធ្វើអោយអតីអ្នកដឹកនាំ លោក ប៉ាសា អាស៊ាតត្រូវ ជម្លៀសទៅកាន់ប្រទេសរុស្សី ប្រើប្រាស់កងទ័ពទៅលើ ក្រុម នៅសូម៉ាលី អ៊ីរ៉ាក់ និងប្រទេសផ្សេងៗទៀត ជាច្រើន។ សកម្មភាពទាំងនេះបង្ហាញថា ទោះបីជាមានគោលបំណងបញ្ចប់សង្គ្រាមយូរអង្វែង ក៏អាមេរិកនៅតែបន្តប្រើអំណាចយោធា ដើម្បីការពារចំណាប់អារម្មណ៍ និងសន្តិសុខជាតិរបស់ខ្លួននៅក្រៅប្រទេស។ ជាក់ស្តែងមកដល់បច្ចុប្បន្ននេះ សហរដ្ឋអាមេរិក និង អ៊ីស្រាអ៊ែល បានបើកប្រតិបត្តិការយោធាមួយឈ្មោះថា “Operation Epic Fury” ប្រឆាំងទេសអ៊ីរ៉ង់ ដោយដាក់គោលបំណងធំលើគោលដៅនុយក្លេអ៊ែរ មីស៊ីល កងទ័ពជើងទឹក និងមេដឹកនាំសំខាន់ៗក្នុងយោធារបស់អ៊ីរ៉ង់។

ដោយសារតែការប្រែប្រួល និងភាពមិនស៊ីសង្វាក់គ្នារបស់លោកប្រធានាធិបតី ដូណាល់ត្រាំ មានអ្នកវិភាគជាច្រើនបានមានមន្ទិលសង្ស័យថា លោក ត្រាំជាអ្នកដឹកនាំ និយាយផ្សេង តែអនុវត្តផ្ទុយទៅវិញ។ ដំបូងជំហរគាត់គឺចង់បញ្ចប់សង្គ្រាម និងជៀសវាងយកអាមេរកទៅជាប់ផុងក្នុងសង្រ្គាមបជ្ឈិមបូពារ៍ (bogged down) តែផ្ទុយទៅវិញ សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់រដ្ឋបាលលោក នៅតែប្រើយុទ្ធសាស្ត្រយោធាជាឧបករណ៍សំខាន់ក្នុងនយោបាយការបរទេសដដែល។

សង្រ្គាមអូសបន្លាយ កម្ពុជាសែនឆ្ងាយ តើខ្លួនគួរត្រៀមអ្វីខ្លះ?

កម្ពុជាមានទីតាំងភូមិសាស្ត្រឆ្ងាយពីមជ្ឈិមបូព៌ា ប៉ុន្តែមានការប៉ះពាល់ខាងសេដ្ឋកិច្ចខ្លាំង ពីព្រោះប្រទេសនេះនាំចូលផលិតផលប្រេងឥន្ធនៈ ១០០% (ដូចជា ម៉ាស៊ូត ប្រេងសាំង ជាដើម)។ ជម្លោះឆ្នាំ ២០២៦ រវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ បណ្តាលឲ្យមានការរំខាននៅច្រកសមុទ្រ ហ៊ូម៉ុស(Hormuz)ដែលជាបេះដូងថាមពលប្រេងសាកល ហើយសេដ្ឋកិច្ចពិភពលោកបានរង្គោះរង្គើរដោយនឹកស្មានមិនដល់ ។ តម្លៃប្រេងឡើងខ្ពស់យ៉ាងខ្លាំង ការចំណាយរស់នៅកើនឡើង និងសម្ពាធសេដ្ឋកិច្ចទូទាំងពិភពទទួលការប៉ះពាល់។

បើយោងតាមអ្នកវិភាគនយោបាយមួយរូប បានបង្ហាញនូវចំនុចមួយចំនួនដែលកម្ពុជាគួរធ្វើ៖ ការប្រើប្រាស់ទំនាក់ទំនងការទូតដែលមានស្រាប់ ដើម្បីទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិ ព្រមជាមួយនឹងការបង្កើនល្បឿនកំណែទម្រង់នៅក្នុងប្រទេសឲ្យមានប្រសិទ្ធិភាព។

ទី១ រក្សាភាពអព្យាក្រឹតជានិច្ច និង បន្តចូលរួមកិច្ចសហប្រតិបត្តិការពហុភាគី ដែលមានអាស៊ាន និង អង្គការសហប្រជាជាតិ(ASEAN,UN)។ កម្ពុជាត្រូវបន្តអំពាវនាវឲ្យមានការបន្ថយភាពតានតឹង និងគោរពច្បាប់អន្តរជាតិ ដោយមិនរិះគន់ភាគីណាមួយ។ វាជួយរក្សាទំនាក់ទំនងល្អជាមួយអំណាចធំៗទាំងអស់ និង កម្ពុជាគួរជៀសវាង ការឆ្លើយតបប្រតិកម្មការទូត ទាំងវិជ្ជមាន និង អវិជ្ជមាន ព្រោះវាអាច ប៉ះពាល់ដល់ ពាណិជ្ជកម្ម ឬវិនិយោគ ផ្សេងៗ ពីសមាជិកនៃសម្ព័ន្ធមិត្តរបស់មហាអំណាច។

ទី២ កម្ពុជាត្រូវទាញប្រយោជន៍ពី ទំនាក់ទំនងរឹងមាំជាមួយមហាអំណាចចិនដែលមហាមិត្តដ៏ធំ។ ចិនគឺជាអ្នកវិនិយោគធំបំផុត និងដៃគូអភិវឌ្ឍន៍សំខាន់របស់កម្ពុជា ដែលមានគម្រោងខ្សែក្រវ៉ាត់ផ្លូវ (Belt and Road) និងពាណិជ្ជកម្មលើសពី ១៩ ពាន់លានដុល្លារជាង គិតមកដល់ឆ្នាំ ២០២៦។ គួរប្រើប្រាស់ទំនាក់ទំនងនេះ ដើម្បីស្នើសុំជំនួយសេដ្ឋកិច្ចបន្ទាន់ ដើម្បីទទួលបានកម្ចីអត្រាការប្រាក់ទាប ឬកិច្ចព្រមព្រៀងថាមពល ឬ ជាហេដ្ឋារចនាសម្ព័ន្ធជំនួស (ដូចជា បង្កើនល្បឿនថាមពលពន្លឺព្រះអាទិត្យ វារីអគ្គិសនី ឬការស្វែងរកប្រេង និងឧស្ម័ន ជាដើម។

ទី៣ ពង្រឹង និងពង្រីកទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ។ ការកែលម្អទំនាក់ទំនងថ្មីៗក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ (ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្ម ឆ្នាំ ២០២៥ និង តួនាទីរបស់អាមេរិកក្នុងការបញ្ចប់ជម្លោះកម្ពុជា–ថៃ) ផ្តល់ឱកាសឲ្យកម្ពុជាមានអំណាចចរចាច្រើនឡើង។ កម្ពុជាគួរជំរុញឲ្យអាមេរិកគាំទ្របច្ចេកវិទ្យាបំលែងប្រភពថាមពល (energy diversification) ត្បិតពិភពលោកកំពុងងាកទៅរកការប្រើប្រាស់ថាមពលកកើតឡើងវិញ ឬ ថាមពលបៃតង ។ ស្នើសុំអោយមានការ បើកចំហទីផ្សារសម្រាប់នាំចេញបន្ថែម ដូចជា (សម្លៀកបំពាក់ កសិកម្ម) និងទាក់ទាញវិនិយោគក្នុងវិស័យប្រេង និងឧស្ម័ននៅសមុទ្រ មកដែនដីកម្ពុជា។

សរុបមកវិញ មានតែ ការ រក្សាភាពអព្យាក្រឹតជានិច្ច និង បន្តចូលរួមកិច្ចសហប្រតិបត្តិការពហុភាគី នៅលើឆាកអន្តរជាតិទេ ទើបជាជម្រើសវិថីមួយដ៏ត្រឹមត្រូវក្នុងបរិបទ ឱនភាពសេដ្ឋកិច្ចសាកល ភាពមិនច្បាស់ពីរយៈពេលអូសបន្លាយសង្រ្គាម និង ការប្រទាញប្រទង់របស់មហាអំណាចនៅក្នុង យុគ្គសម័យឌីជីថល នេះ៕ រក្សាសិទ្ធដោយ៖ វង សេរីវឌ្ឍនៈ នាយកអង្គការក្នុងស្រុក និង ជាអ្នកតាមដាន វិភាគបញ្ហាសង្គម នយោបាយ

×