ភ្នំពេញ ៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារជូនជនរួមជាតិកម្ពុជាសូមក្រាបថ្វាយបង្គំសម្ដេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេចព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមក្រាបបង្គំទូលថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ដែលនឹង ប្រព្រឹត្តទៅរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃអង្គារ ១២រោច ដល់ថ្ងៃព្រហស្បតិ៍ ១៤រោច ខែចេត្រឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ដល់ ទី១៦ ខែមេសា ឆ្នាំ២០២៦, ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមសម្ដែងនូវការអបអរសាទរ និងចូលរួមប្រារព្ធពិធីបុណ្យប្រពៃណីជាតិខ្មែរដ៏សំខាន់នេះ ជាមួយបងប្អូនជនរួមជាតិទាំងអស់ដែលកំពុងរស់ នៅក្នុង និងក្រៅប្រទេស ស្របតាមលស្ពានគន្លងព្រះពុទ្ធសាសនា និងទំនៀមទម្លាប់ដូនតាដ៏ល្អផូរផង់នៃយើង។ ឆ្នាំនេះ គឺជាឆ្នាំទី៣ នៃអាណត្តិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ដែលបាននិងកំពុងបន្តយ៉ាងស្វាហាប់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការរក្សាសុខសន្តិភាព, ការឯកភាពជាតិ និងសាមគ្គីភាពជាតិរឹងមាំ ដើម្បីបន្តរក្សាឱ្យបាននូវ ស្ថិរភាពនយោបាយ, សន្តិសុខ, សណ្ដាប់ធ្នាប់សាធារណៈ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងសុខុមាលភាពប្រជាជន, សេចក្តីថ្លៃថ្នូរ និងវឌ្ឍនភាពសង្គម។
ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាម ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំផ្ទាល់ សូមបញ្ជាក់អំពីការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការបន្តខិតខំប្រឹងប្រែងកសាង, ការពារ និងអភិវឌ្ឍសង្គមជាតិ ឈរលើមាគ៌ាដ៏ត្រឹមត្រូវឆ្ពោះទៅរក ភាពសុខដុមរមនា, សេចក្តីថ្លៃថ្នូរ និង សុខុមាលភាពសង្គម បើទោះជាត្រូវជួបប្រទះឧបសគ្គ និងបញ្ហាប្រឈម យ៉ាងណាក៏ដោយ។ “ យើងត្រូវតែប្រែក្លាយការលំបាកទាំងនេះ ឱ្យទៅជាបទពិសោធន៍, ប្រែក្លាយការឈឺចាប់ ឱ្យទៅជាថាមពលដ៏រឹងមាំ, និង ប្រែក្លាយឧបសគ្គ ឱ្យទៅជាឱកាស ដើម្បីជោគជ័យ” ។ ពិតណាស់ថា ក្នុងឆ្នាំកន្លងទៅ, យើងបានឆ្លងកាត់នូវវិញ្ញាសាដ៏លំបាក និងថ្មីៗ ជាច្រើនមិនធ្លាប់មាន ដែលបាននិងកំពុងបង្កើតជាផលប៉ះពាល់ ដោយផ្ទាល់ និងដោយប្រយោល មកលើសន្តិសុខ, និងសង្គម-សេដ្ឋកិច្ចជាតិយើង។រក្សាសិទ្ធដោយ៖សុទ្ធលី





































