ភ្នំពេញ៖ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃពីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦នេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីសូត្រមន្តរាប់បាត្រព្រះសង្ឃចំនួន៧៥អង្គ ក្នុងន័យចូលរួមអបអរសាទរទេវតាឆ្នាំថ្មី ព្រះនាម “ “រាក្យសាទេវី”ជាបុត្រីទី៣របស់ កបិលមហាព្រហ្មដែលនឹងចុះមកគ្រប់គ្រងភពផែនដីជំនួសទេវតាឆ្នាំចាស់ នាវេលាម៉ោង១០និង៤៨នាទីព្រឹកថ្ងៃទី១៤មេសា ឆ្នាំ២០២៦។
ពិធីនេះត្រូវបានធ្វើឡើងដោយមានការអញ្ជើញចូលរួមជាអធិបតីពីឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងលោកជំទាវ,ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកជំទាវ ព្រមទាំងមន្ត្រីរាជការក្រោមចំណុះរដ្ឋបាលរាជធានីនិងសាលាខណ្ឌទាំង១៤មន្ទីរ អង្គភាពស្ថាប័ននានាយ៉ាងច្រើនកុះករ នៅសាលារាជធានីភ្នំពេញ។
ពិធីនេះក៏បានបង្ហាញឲ្យឃើញពីការគោរពប្រតិបត្តិប្រពៃណីទំនៀមទំលាប់ជាតិ ពិសេសក្នុងឧិកាសទទួលទេវតាឆ្នាំថ្មីដើម្បីបណ្តេញគ្រោះចង្រៃអ៊ុបទ្រុបផងទាំងពួងដែលកើតមានកាលពីឆ្នាំចាស់ និងសុំពរជ័យពីទេវតាឆ្នាំថ្មីក៏ដូចរួមចំណែកថែរក្សាប្រពៃណីទំនៀមទំលាប់ និងវប្បធម៏ជាតិដ៏ល្អផូរផង់ខ្មែរយើង។
នេះជាការចាប់ផ្តើមនៃការប្រារព្វពិធីសូត្រមន្តរាប់បាត្ររបស់រដ្ឋបាលរាជធានីភ្នំពេញ និងបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនិងស្របពេលដែលកម្ពុជាកំពុងមានការអភិវឌ្ឍន៏លើគ្រប់វិស័យ ជាពិសេសការអភិវឌ្ឍន៏នៅរាជធានីភ្នំពេញធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។
ពិធីបុណ្យចូលឆ្នាំនេះ បានរៀបចំឡើងយ៉ាងអធឹកអធមជាងឆ្នាំកន្លងទៅ ដោយឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយសហភាព សហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានរៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ខែមេសា ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ តំបន់ជុំវិញវត្តភ្នំ បរិវេណសួនច្បារវឌ្ឍនៈ សួនច្បារអតីតទីលានប្រជាធិបតេយ្យ ស្ពាននាគភ្លោះរមណីយដ្ឋានវត្តភ្នំ រហូតដល់ផ្សាររាត្រី ផ្លូវថ្មើរជើងចតុមុខរាជធានី ភ្នំពេញ (Walk Street) និងកម្មវិធីអមនៅបរិវេណបាសាក់លែន (Bassac Lane) និងបរិវេណផ្សារទួលទំពូង។
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះដែរ រដ្ឋបាលរាជធានីភ្នំពេញក៏បានប្រកាសជូនដំណឹងពីការហាមដាច់ខាត ចំពោះការបង្ហោះគោម និងការអុជកាំជ្រួចគ្រប់ប្រភេទ ខណៈដែលអាកាសធាតុ ក្តៅស្ងួតខ្លាំង ដែលងាយនឹងបណ្តាលឱ្យមានគ្រោះអគ្គិភ័យកើតឡើង៕រក្សាសិទ្ធដោយ៖សុទ្ធលី














