Sunday, April 12, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវបណ្ឌិត ឈ្វេងយល់អំពីជីវភាព និងស្ថានភាពរស់នៅរបស់អ្នកប្រកបរបរធាក់ស៊ីក្លូ

រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីសប្បុរសធម៌របស់សមាគមកាយឫទ្ធិនារីកម្ពុជា ដើម្បីសាកសួរសុខទុក្ខ ឈ្វេងយល់អំពីជីវភាព និងស្ថានភាពរស់នៅរបស់អ្នកប្រកបរបរធាក់ស៊ីក្លូ (ត្រីចក្រយាន) ដែលជាសមាជិករបស់ សមាគមមូលនិធិត្រីចក្រយានកម្ពុជា ។

ក្នុងឱកាសនេះដែរ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍សួរសុខទុក្ខប្រកបដោយក្តីនឹករលឹក និងយកចិត្តទុកដាក់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនលោកតា លោកអ៊ំ លោកពូ ក៏ដូចជាសមាជិកទាំងអស់របស់សមាគមមូលនិធិត្រីចក្រយានកម្ពុជា ។ លោកជំទាវបណ្ឌិត ក៏បានភ្ជាប់មកនូវអំណោយជាថវិកា គ្រឿងឧបភោគបរិភោគ រួមជាមួយសម្ភារៈបរិក្ខារនានាដែលជាអំណោយផ្ទាល់របស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សមាជិករបស់សមាគមមូលនិធីត្រីចក្រយានកម្ពុជា ដើម្បីប្រើប្រាស់ប្រចាំថ្ងៃ ជាពិសេសគឺដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ ។

បន្ថែមពីលើនេះ ជាការគិតគូរចំពោះការអភិវឌ្ឍធនធានមនុស្សកម្ពុជា លោកជំទាវបណ្ឌិត បានមានប្រសាសន៍ផ្តល់ជូនអាហារូបករណ៍សម្រាប់ថា្នក់បរិញ្ញាបត្រ ឬ បរិញ្ញាបត្ររង តាមរយៈ សមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កូន ចៅរបស់លោកតា លោកអ៊ំ លោកពូ ដែលជាសមាជិករបស់សមាគមមូលនិធិត្រីចក្រយានកម្ពុជាផងដែរ ដើម្បីជាការចូលរួមអភិវឌ្ឍមូលធនមនុស្សរបស់កម្ពុជា។

ក្នុងឱកាសជួបសំណេះសំណាល នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បាននាំយកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះសមាជិកសមាគម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងសូមឲ្យមានសេចក្តីសុខ សេចក្ដីចម្រើនគ្រប់ៗគ្នា ។
លោកជំទាវបណ្ឌិតបន្តថា ក្នុងឱកាសជួបសំណេះសំណាលនេះ គឺមានគោលបំណង៣ធំៗ ក្នុងនោះគឺ ទី១. ការជួបសំណេះសំណាលសួរសុខទុក្ខ និងការផ្ដល់អំណោយជូនសមាជិកសមាគមមូលនិធិត្រីចក្រយានកម្ពុជា, ទី២. ការនាំក្រុមយុវតីជាសមាគមកាយឫទ្ធិនារីកម្ពុជាមកឃើញផ្ទាល់ ពីការលំបាករបស់លោកតា លោកអ៊ំ និងលោកពូៗជាអ្នកធ្លាក់ស៊ីក្លូ ដើម្បីខិតខំរកថវិកា សម្រាប់ផ្គត់ផ្គងគ្រួសារ និងទី៣. ការចូលរួមពីសមាជិកកាយឫទ្ធិនារីកម្ពុជា រួមគ្នាធ្វើសេចក្តីល្អ ជួយដល់អ្នកមានការលំបាក ។
បន្ថែមពីលើនេះ ជាការគិតគូរចំពោះការអភិវឌ្ឍនូវធនធានមនុស្ស លោកជំទាវបណ្ឌិត មានប្រសាសន៍ សម្ដេចធិបតី និងលោកជំទាវ ផ្តល់ជូនអាហារូបករណ៍សម្រាប់ថា្នក់បរិញ្ញាបត្រ ឬបរិញ្ញាបត្ររង តាមរយៈសមាគមសិស្ស-និស្សិត អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កូន ចៅរបស់លោកតា លោកអ៊ំ លោកពូ ដែលជាសមាជិករបស់សមាគមមូលនិធិត្រីចក្រយានកម្ពុជា ។
ជាមួយនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនលោកតា លោកអ៊ំ លោកពូ ដែលបានចំណាយជាថវិកាក្តី សម្ភារក្តី ឧបត្ថម្ភជូនដល់វីរយុទ្ធជនជួរមុខ រួមទាំងជនភៀសសឹក ដែលនេះជាការបង្ហាញយ៉ាងច្បាស់នូវស្មារតីខ្មែរស្រឡាញ់ខ្មែរ។ លោកជំទាវបណ្ឌិត ក៏សូមថ្លែងអំណរគុណជូនដល់សប្បុរសជន សមាជិក សមាជិការបស់ សមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានឧបត្ថម្ភទ្រព្យធនសម្រាប់ចែកជូនក្នុងកម្មវិធីថ្ងៃនេះ ។
ក្នុងឱកាសនោះ លោកតាៗ លោកអ៊ំ និងលោកពូជាអ្នកធាក់ស៊ីក្លូ បានបង្ហាញនូវការសប្បាយរីករាយ និងថ្លែងអំណរគុណដល់សម្ដេចតេជោ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ ពីសុខទុក្ខរបស់ពួកគាត់ តាមរយៈការផ្ដល់ថវិកាសម្រាប់អាហារប្រចាំថ្ងៃ និងឧបត្ថម្ភសម្ភារផ្សេងៗជាបន្តបន្ទាប់ ជាពិសេសក្នុងពិធី បុណ្យភ្ជំបិណ្ឌ និងបុណ្យចូលឆ្នាំប្រពៃណីជាតិ ។

សូមរំលឹកបញ្ជាក់ថា សម្ដេតេជោ ហ៊ុន សែន អតីតនាយរដ្ឋមន្ត្រី បានអនុញ្ញាតឲ្យបង្កើតសមាគមមូលនិធិត្រីចក្រយានកម្ពុជា កាលពីឆ្នាំ២០១៨ ដើម្បីជួយទ្រទ្រង់នូវជីវភាពរស់នៅជូនដល់លោកតា លោកអ៊ំ លោកពូ បងប្អូនដែលប្រកបរបរធាក់ស៊ីក្លូ ។
បច្ចុប្បន្ន សមាគមមានសមាជិកចំនួន ៣៨៣នាក់ កំពុងប្រកបរបរធាក់ស៊ីក្លូ ដោយរាជរដ្ឋាភិបាលបានជួយឧបត្ថម្ភជាថវិកា សម្ភារប្រើប្រាស់ ឯកសណ្ឋាន បណ្ណមូលនិធិសុខាភិបាលប្រចាំឆ្នាំ ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ និងពិធីបុណ្យភ្ជុំបិណ្ឌ ការឧបត្ថម្ភជូនក្រុមគ្រួសារ របស់សមាជិកដែលទទួលមរណភាព ការផ្លាស់ប្តូរវេនគ្នាដឹកភ្ញៀវទេសចរក្នុងតំបន់ផ្លូវថ្មើរជើងចតុមុខ រួមទាំងជំនួយបច្ចេកទេសក្នុងការជួសជុលថែទាំស៊ីក្លូ យ៉ាងទៀងទាត់ផង ។

ក្នុងឱកាសនោះដែរឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមមូលនិធិត្រីចក្រយានកម្ពុជា បានគូសបញ្ជាក់ថា សមាគមមានសមាជិកសកម្ម ដែលជាអ្នកប្រកបរបរធាក់ស៊ីក្លូរ សរុប ៣៨៣នាក់ ដោយក្នុងនោះសមាជិកចាស់២៨៥នាក់ និងសមាជិកបញ្ចូលថ្មី ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតចំនួន៩៨នាក់ ។

ឯកឧត្តម ឃួង ស្រេង ក៏បានបញ្ជាក់ដែរថា ការជួបជុំគ្នានាឱកាសនេះ ស្របពេលដែលប្រជាជនខ្មែរទូទាំងប្រទេស កំពុងត្រៀមរៀបចំប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី ដែលជាពេលវេលាមានសារសំខាន់ សម្រាប់ពលរដ្ឋខ្មែរគ្រប់រូប ជួបជុំគ្រួសារ សម្តែងការដឹងគុណ ចំពោះចាស់ព្រឹទ្ធធាចារ្យ លេងល្បែងប្រជាប្រិយ និងទទួលសិរីសួស្តីក្នុងឆ្នាំថ្មី ។ ឈរលើមូលដ្ឋាននេះ សមាគមកាយឬទ្ធិនារីកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុត របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតបានរៀបចំនូវពិធីសប្បុរធម៌ និងនាំមកនូវអំណោយដ៏ថ្លៃថ្លាបំផុត របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត សម្រាប់ចែកជូនដល់ សមាជិក នៃមូលនិធិត្រីចក្រយានកម្ពុជា ចំនួន៣៨៣នាក់ ដើម្បីជាការចែករំលែកនូវសេចក្តីស្រលាញ់ និងការចូលរួមចំណែកជាមួយបងប្អូនទាំងអស់គ្នា ក្នុងការអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ជាមួយនឹងក្រុមគ្រួសារនៅពេលខាងមុខនេះ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×