ភ្នំពេញ ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រថយន្តក្រុងចំនួន ៦០០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈដោយមិនបង់ប្រាក់ជូនប្រជាពលរដ្ឋធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ បានចាប់ផ្ដើមចេញដំណើរ នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦។ ការផ្ដល់សេវាដឹកជញ្ជូនដោយមិនបង់ប្រាក់នេះ ដើម្បីជួយសម្រួលដល់ការចំណាយរបស់ប្រជាពលរដ្ឋ ដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ និងជាការអនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
តាមរយៈបណ្តាញសង្គមនាថ្ងៃអាទិត្យនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាស៍ថា ដូចដែលបានរៀបចំជាច្រើនឆ្នាំកន្លងមក ដើម្បីជួយសម្រាលបន្ទុកចំណាយរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើតក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រាជរដ្ឋាភិបាល បានផ្តល់គោលការណ៍ជូនរដ្ឋបាលរាជធានីភ្នំពេញរៀបចំនូវរថយន្តក្រុង សម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅលេងស្រុកកំណើតដោយឥតគិតថ្លៃ។
រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរៀបចំរថយន្តក្រុង ចំនួន ៦០០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ ចំនួន ៦ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសាឆ្នាំ២០២៦ ដោយក្នុងនោះ៖ ១. សេវាដឹកជញ្ជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងសេវារថយន្តក្រុងអាកាសយានដ្ឋានអន្តរជាតិតេជោ (AIRPORT EXPRESS BUS) ដោយប្រើប្រាស់រថយន្តក្រុងចំនួន ១០០គ្រឿង និង ២. សេវាដឹកជញ្ជូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅតាមបណ្ដាខេត្ត និងពីបណ្ដាខេត្តត្រឡប់មករាជធានីភ្នំពេញ ដោយប្រើប្រាស់រថយន្តក្រុងចំនួន ៥០០គ្រឿង ដោយបែងចែកជាខ្សែរត់ធំៗ ចំនួន៦គោលដៅ ព្រមទាំងបានរៀបចំទឹកពិសាបរិសុទ្ធដោយឥតគិតថ្លៃនៅក្នុងរថយន្តក្រុងនីមួយៗ តាមគោលដៅចេញដំណើរ។
អាស្រ័យហេតុនេះ សូមបងប្អូនកម្មករ-និយោជិត និងប្រជាពលរដ្ឋទាំងអស់មេត្តជ្រាប និងចូលរួមធ្វើដំណើរ ទៅលេងស្រុកកំណើតជួបជុំបងប្អូនក្រុមគ្រួសារ ជាពិសេសទៅលេងកម្សាន្តនៅតាមបណ្ដាខេត្តនានា តាមរយៈ រថយន្តក្រុងរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ប្រកបដោយសុវត្ថិភាព និងផាសុកភាពទាំងអស់គ្នា ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

























