កំពង់ធំ៖ សាលាដំបូង និងអយ្យការអម សាលាដំបូងខេត្តកំពង់ធំ បានចេញសេចក្តីប្រកាសព័ត៍មាន ស្តីពី
ចំណាត់ការលើសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងបទល្មើសបើកបរធ្វេសប្រហែស ខ្ជីខ្ជា ខ្វះការប្តឹងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចបណ្ដាលឱ្យស្លាប់អ្នកដទៃ(បើកបរងងុយដេក)ចំនួន៥នាក់។
អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា៖ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ អយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានទទួលចាត់ការលើ សំណុំរឿងព្រហ្មទណ្ឌលេខ ២៧១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងករណី បើកបរធ្វេសប្រហែស ខ្ជីខ្ជា ខ្វះការប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចបណ្ដាលឱ្យស្លាប់អ្នកដទៃ (បើកបរងងុយដេក) ដែលមានជនត្រូវចោទឈ្មោះ វ៉េង គ្រឹស្នា ហៅ វ៉ាន់ដា ភេទប្រុស អាយុ៣០ឆ្នាំ ត្រូវបានតំណាងអយ្យការចោទប្រកាន់តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យ ស៊ើបសួរលេខ ១៤៦/២០២៦ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ទៅចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ធំ។
បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យទៅលើភស្តុតាងនានាដែលមានក្នុងសំណុំរឿង ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ធំ បានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទឈ្មោះ វេង គ្រឹស្នា ហៅ វ៉ាន់ដា ភេទប្រុស អាយុ៣០ឆ្នាំ ដោយដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទ «បើកបរធ្វេសប្រហែស ខ្ជីខ្ជា ខ្វះការប្រុងប្រយ័ត្ន ឬមិនគោរព កាតព្វកិច្ចបណ្ដាលឱ្យស្លាប់អ្នកដទៃ (បើកបរងងុយដេក) * បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៨៥ ចំណុច(ក) នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ប្រព្រឹត្តនៅភូមិជាយស្បៃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២៦។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង០៨ និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងដោយជនត្រូវចោទឈ្មោះ វង គ្រីស្នា ហៅ វ៉ាន់ដា ភេទប្រុស អាយុ៣០ឆ្នាំ បានបើកបរ រថយន្ត០១គ្រឿង ម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3E-2070 ដឹកគ្រាប់ចន្ទីរ ចេញពីខេត្តព្រះវិហារ ជាមួយអ្នកដំណើរម្នាក់ឈ្មោះ សោម រដ្ឋា (ម្ចាស់រថយន្ត) ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅខេត្តព្រះវិហារ ក្នុងសភាព ងងុយដេក និងបានដេកលក់ពេលកំពុងបើកបរ រហូតដល់កន្លែងកើតហេតុខាងលើ រថយន្តបានរ៉េចង្កូតទៅខាងឆ្វេងលើ ជាយផ្លូវជ្រុលទៅបុកបង្គោលភ្លើងសូឡាបាក់ ១ដើម ព្រមទាំងបុកជាន់ពីលើអ្នកថ្មើរជើងដែលកំពុងដើរនៅជាយផ្លូវ បណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុចំនួន០៤នាក់ និងរបួសធ្ងន់ ចំនួន០១នាក់ (ស្លាប់ក្រោយពីបានបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ)។
បន្ទាប់មកសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកសន្ទុក បានចុះទៅដល់ទីកន្លែង កើតហេតុ ហើយបានធ្វើការត្រួតពិនិត្យ វាស់វែង និងប្រមូលវត្ថុតាង មានរថយន្ត០១គ្រឿង យកមករក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកសន្ទុក ដើម្បីចងក្រងជាសំណុំរឿង រួចបញ្ជូនមកកាន់តុលាការ៕ រក្សាសិទ្ធដោយ៖សុទ្ធលី




