ភ្នំពេញ ៖ តារាប្រុសលោក ប៉ែន ចំរ៉ុង បានចេញមុខធ្វើការបដិសេធចោលទាំងស្រុង នូវពាក្យចចាមអារាមដែលលើកឡើងថា លោកទំនងជាឈាប់ពីអាជីពសម្តែងហើយ បន្ទាប់ពីលោកហាក់មិនឃើញបង្ហាញវត្តមានសម្តែងរឿងថ្មីៗមួយរយះចុងក្រោយនេះ។
យ៉ាងណាតារារូបនេះបានលើកឡើងថា លោកមិនបានឈប់ពីអាជីពសម្តែងដូចការយល់ឃើញពីមហាជនមួយចំនួននោះឡើយ ពោលលោកនៅតែទទួលការងារនេះដដែល។

ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកកាលពីពេលថ្មីៗនេះលោក ប៉ែន ចំរ៉ុង បានអះអាងថា ថ្មីៗនេះលោកលឺមានមហាជនមួយចំនួនគិតថា លោកបានឈប់ពីអាជីពសម្តែងហើយ បន្ទាប់ពីលោកអាក់ខាន់ មិនមានវត្តមានសម្តែងរឿងថ្មីៗបន្ថែម។
លោកបញ្ជាក់ថា ចំណុចនេះលោកទទួលស្គាល់ដោយសារមួយរយៈនេះលោកហាក់រយាល និងមិនបានចូលរួមសម្តែងរឿងថ្មីៗប្រាកដមែន ដោយសារលោកមានហេតុផលផ្ទាល់ខ្លួន។
លោកថា មួយរយៈនេះលោកជាប់ដៃមើលការខុសត្រូវលើមុខរបររកស៊ីផ្ទាល់ខ្លួន និងត្រូវទុកពេលមើលថែគ្រួសារ ហើយណាមួយដោយសារបញ្ហាជំងឺកូវិដ១៩ ទើបលោករយាលពីការថតនេះ។

យ៉ាងណា បើតាមលោក ប៉ែន ចំរ៉ុង កត្តាទាំងអស់នេះក៏មិនបានធ្វើឲ្យលោកគេចចេញឆ្ងាយពីការងារសិល្បៈសម្តែងឡើយ ពោលលោកនៅទទួលការងារនេះដដែល។
លោកបន្ថែមថា ក្រៅពីអាជីពជាពិធីករតាមទូរទស្សន៍លោកក៏នោទទួលយកការសម្តែងដដែល ប្រសិនបើមានបណ្តាផលិតណាទាក់ទងឲ្យលោកទៅថត។
ជាក់សម្តែងបច្ចុប្បន្នលោកក៏មានវត្តមានសម្តែងនៅក្នុងរឿងភាគថ្មីមួយគឺរឿង រសជាតិអ្នកមាន វគ្គ៣ ដែលដឹកនាំដោយអ្នកស្រី ពាន់ ភួងបុប្ឋា ហើយកំពុងចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ផងដែរ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV





