ទីក្រុងហ្សឺណែវ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ – ព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់សារជាថ្មី អំពីការចូលរួម ដ៏រឹងមាំរបស់ខ្លួន តាមរយៈការចូលរួមយ៉ាងសកម្ម នៅសម័យប្រជុំលើកទី៦១ នៃក្រុមប្រឹក្សា សិទ្ធិមនុស្ស (HRC) របស់អង្គការសហប្រជាជាតិ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ រហូតដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៦ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។
នាសម័យប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តមទេសរដ្ឋមន្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានធ្វើទស្សនកិច្ចការងារនៅទីក្រុងហ្សឺណែវ និងបានចូលរួម កិច្ចប្រជុំ High-level Segment នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស។
ស្ថានបេសកកម្មអចិន្ត្រៃយ៍ម្ពុជា បានថ្លែងបទអន្តរាគមន៍ ចំនួន ១៧ ដែលបានបង្ហាញពីវឌ្ឍនភាព និងសមិទ្ធិផលរបស់កម្ពុជា លើគ្រប់វិស័យសិទ្ធិមនុស្ស។ បទអន្តរាគមន៍ទាំងអស់នេះ បានលើកឡើងអំពី កិច្ចការសំខាន់ៗ រួមមាន៖ សន្តិភាព និងសន្តិសុខ ទង្វើបំភិតបំភ័យ និងការសងសឹក កិច្ចសហប្រតិបត្តិការ អន្តរជាតិ ការឃុំខ្លួនដោយបំពាន ការប្រកាន់ពូជសាសន៍ជាប្រព័ន្ធ បរិស្ថាន និងអាកាសធាតុ និងសិទ្ធិក្នុង ការអភិវឌ្ឍន៍។ កម្ពុជា ក៏បានចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចពិភាក្សាទូទៅ រួមទាំងការធ្វើបច្ចុប្បន្នភាព ជាសកលពីឧត្តមស្នងការ ក៏ដូចជាកិច្ចពិភាក្សាលើការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស ស្តីពីការប្រកាន់ ពូជសាសន៍ ការរើសអើងជាតិសាសន៍ និងការរើសអើងជនបរទេស។
កម្ពុជា បានចូលរួម Co-sponsored សេចក្ដីព្រាងសេចក្ដីសម្រេចចិត្ត ចំនួន ០៣ របស់គុយបា រួមមាន៖ “ផលប៉ះពាល់នៃបំណុលបរទេស និងកាតព្វកិច្ចហិរញ្ញវត្ថុអន្តរជាតិនានារបស់រដ្ឋ ស្តីពីការទទួលបានសិទ្ធិ ពេញលេញ នៃសិទ្ធិមនុស្សទាំងអស់ ជាពិសេសសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌” “ការលើកកម្ពស់ ការទទួល បានសិទ្ធិវប្បធម៌សំរាប់មនុស្សគ្រប់គ្នា និងគោរពភាពចម្រុះ នៃវប្បធម៌” និង “សិទ្ធិ ទទួលបានអាហារ”។
កម្ពុជា ក៏បានចូលរួមគាំទ្រសេចក្តីថ្លែងការណ៍រួម ចំនួន ១០ ក្រោមរបៀបវារៈផ្សេងៗ រួមមាន៖ ការកែ លម្អអភិបាលកិច្ចសិទ្ធិមនុស្សជាសកល សេចក្តីថ្លែងការណ៍ក្នុងនាមក្រុមដែលមានគោលគំនិតដូចគ្នា សេចក្តីថ្លែងការណ៍ទីក្រុងវីយែន និងផែនការសកម្មភាព ជំនួយបច្ចេកទេស និងការកសាង សមត្ថភាព ក្រោមរបៀបវារៈទី១០ និងស្ថានភាពសិទ្ធិមនុស្សនៅប៉ាឡេស្ទីន និងការកាន់កាប់ដែនដីអារ៉ាប់។ ការគាំទ្របន្ថែមទៀត ត្រូវបានរៀបចំទៅជាសេចក្តីថ្លែងការណ៍ ស្តីពីការផ្តល់ហិរញ្ញប្បទានការអភិវឌ្ឍន៍ ប្រកបដោយចីរភាព ស្របតាមកាតព្វកិច្ចសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធសម្រាប់ ក្រុមពិការភាពប្រកបដោយបរិយាប័ន្ន និងកិច្ចពិភាក្សានានា ទាក់ទងនឹងស្ថាប័ន និងយន្តការក្រុមប្រឹក្សាសិទ្ធិ មនុស្សក៏ដូចកិច្ចពិភាក្សាបន្ទាន់មួយដែលលើកឡើងអំពីការវិវឌ្ឍន៍យោធានាពេលថ្មីៗនេះនៅតំបន់មជ្ឈិមបូព៌ា។
ការចូលរួមយ៉ាងសកម្មរបស់កម្ពុជា នាសម័យប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សនេះ បញ្ជាក់ពី ការប្តេជ្ញាចិត្តឥតងាកររបស់ខ្លួន ក្នុងការលើកកម្ពស់ និងកិច្ចការពារសិទ្ធិមនុស្ស ក៏ដូចជាសន្តិភាព និង ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ កម្ពុជា នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ប្រកបដោយស្ថាបនាក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស ដោយទទួលស្គាល់នូវតួនាទីដ៏សំខាន់របស់ខ្លួន ក្នុងការជំរុញសន្តិភាព សន្តិសុខ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ៕រក្សាសិទ្ធដោយ៖សុទ្ធលី



