Monday, May 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ​ចំនួន២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី​ ពាក់ព័ន្ធ​ករណីហិង្សាដោយចេតនាស្ថានទម្ងន់,លួច(ម៉ូតូ) ,ទទួលផលចោរកម្ម និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន…

(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានទទួលពាក្យបណ្ដឹងរបស់ឈ្មោះ​ តុង ហេង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ស្តីពីករណីហិង្សាដោយចេតនា ប្រព្រឹត្តកាលពីវេលាម៉ោង២២និង៣០នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ក្រោយពីទទួលបានបណ្ដឹងខាងលើលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញា រហូតដល់វេលាម៉ោង១៥និង៣០នាទី ថ្ងៃ ខែ ឆ្នាំ ដដែល នៅចំណុចភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ​ ហេង វិចិត្រ(លុយ) ភេទប្រុស អាយុ២៣ឆ្នាំ​ និងចាប់យកវត្ថុតាងនៃបទល្មើសហើយនាំមកកាន់មូលដ្ឋានក្រុងសិរីសោភ័ណដើម្បីសួរនាំ ដោយជនសង្ស័យខាងលើជាមុខសញ្ញាលួចយ៉ាងសកម្មនៅក្នុងភូមិសាស្រ្តក្រុងសិរីសោភ័ណ និងបានធ្វើតេស្តទឹកនោម រកឃើញមានសារធាតុញៀន។ លុះដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានទទួលបណ្ដឹងបន្ថែមរបស់ជនរងគ្រោះម្នាក់ទៀតឈ្មោះ​ ភេន សេងថៃ ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅវត្តស្វាយចាស់ ស្ថិតក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ស្តីពីករណីបាត់ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០០៩ ចំនួន០១គ្រឿង កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ដែលប្រព្រឹត្តដោយជនសង្ស័យខាងលើ។
លោកឧត្តមសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឱ្យដឹងថា ក្រោយឃាត់ខ្លួន​ និងស្តាប់ចម្លើយជនសង្ស័យបានឆ្លើយសារភាព រូបគេបានយកកាំបិតប៉័ងតោកាប់ទៅលើជនរងគ្រោះ​ ឈ្មោះ​ តុង ហេង និងបានធ្វើសកម្មភាពលួច(ម៉ូតូ) របស់ជនរងគ្រោះកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ និងបានយកម៉ូតូនោះទៅលក់ឱ្យឈ្មោះ ឌី(ប៉ង់ ណាយ) ភេទប្រុស អាយុ៤១ឆ្នាំ ជាជាងជួសជុលម៉ូតូនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ហើយយកលុយនោះដើរស៊ីចាយអស់។ បន្ទាប់ពីបានចម្លេីយសារភាពកម្លាំងជំនាញ​ចុះប្រតិបត្តិការបន្តឃាត់ខ្លួនជនសង្ស័យឈ្មោះ​ ប៉ង់ ណាយ(ឌី) ភេទប្រុស ព្រមទាំងចាប់យកវត្ថុតាងនៃបទល្មើស ហើយបានធ្វើតេស្តទឹកនោមរកឃើញមានសារធាតុញៀនផងដែរ។ចំពោះវត្ថុតាងដកហូតបានរួមមាន៖ ម៉ូតូកែច្នៃ ពុំស្គាល់ម៉ាក ពណ៌ខ្មៅ គ្មានផ្លាកលេខ ចំនួន០១គ្រឿង,​ ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០០៩ គ្មានផ្លាកលេខ ចំនួន០១គ្រឿង (ប្រគល់ជូនរងគ្រោះវិញ),​កាំបិតប៉័ងតោ ចំនួន០១ដើម។
​ លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ​បានឱ្យដឹងទៀតថា​ ក្រោយឃាត់ខ្លួនជនសង្ស័យឈ្មោះ​ ប៉ង់ ណាយ(ឌី) បានឆ្លេីយសារភាពថា​ ខ្លួនពិតជាបាទិញម៉ូតូពីជនសង្ស័យឈ្មោះ​ ហេង វិចិត្រ(លុយ) ដោយគ្មានឯកសារពិតប្រាកដមែន។
ដោយផ្អែកលេីចម្លេីយសារភាពនិងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
​ បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃចន្ទ ទី២៥ ខែឧសភា​​​​​​​​​​ ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×