ភ្នំពេញ ៖ អ្នកនាង គង់ សុជាតិ បាមបង្ហើបប្រាប់ ក្នុងថ្ងៃការកូនប្រុស មុននេះថា អ្នកនាងចង់បានចៅព ប្រសិនបើមានភ្លាមៗ ហើយជាអ្វីដែលចង់បាន។ ប៉ុន្តែអ្នកនាងក៏រីករាយដោយបានចិញ្ចឹមកូន រហូតឆ្លងមកដល់ពិធិរៀបការ អោយចាស់ទុំញាតិផងមើលឃើញ រកអ្វីអរប្រៀបប្រដូចមិនបាន។ អ្នកនាងចាត់ទុកកូនៗ ទាំងអស់ដើរ តាមគន្លងធម៌ហើយមិនដើរផ្លូវខុស ។ ម្នាក់ៗរៀនសូត្រ ដូចកូនប្រុសនេះរៀនចប់អនុបណ្ឌិតនៅប្រទេសថៃ ហើយបានចេញធ្វើការងារ៧ឆ្នាំមកហើយ។

អ្នកនាងគង់ សុជាតិ និងស្វាមីលោកជា វិបុល បានធ្វើពិធីរៀបមង្គលការឲ្យកូន ឈ្មោះម៉ៅ សាលភាពបុត្រ និងឈន ពុទ្ធាវីន នៅថ្ងៃទី១៨ខែមិថុនាឆ្នាំ២០២២ នៅអគារH និងI ដឺព្រេមៀ សេនធ័រ សែនសុខ រាជធានីភ្នំពេញ ពិតជាធ្វើឲ្យកក្រើក ក្នុងពិភពសិល្បៈតែម្ដង ព្រោះកម្មវិធីនេះ រៀបចំទៅតាមប្រពៃណីខ្មែរទាំងអស់ ហើយនៅពេលព្រឹក មានការអញ្ជើញ ចូលរួមពីសំណាក់ភ្ញៀវជាជនល្បីៗក្នុងសង្គម ចូលរួមកាត់សក់ដល់ កូនប្រុសនិងកូនប្រសា អ្នកនាងសុជាតិ មានដូចជាលោកឧកញ៉ាលាង ឃុន និងលោកជំទាវ ជាស្ថាបនិកនិងក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនខ្មែរប៊ែវើរីជីស,លោកឧកញ៉ាអ៊ឹង ឆៃងួន និងលោកជំទាវ ជាអគ្គនាយកក្រុមហ៊ុនហង្សមាស,លោកជំទាវហ៊ុន ស៊ីណាត ,ឯកឧត្តមជុំ កុសល និងលោកជំទាវ និងអ្នកនាង យុគ ចិន្ដា រួមទាំងតារាល្បីៗជាច្រើនដួងមានដូចជាឱក សុគន្ធកកញ្ញា ,សុគន្ធនិសា ,អេដា , សុខ សីឡាលីន ,នៅ ស៊ីនឿន ,ឃុំ ប៉ុណ្ណាដែត ជាដើម។

លោកជា វិបុល បានឡើងប្រកាសលើឆាកតំណាងឲ្យក្រុមគ្រួសារទាំងសងខាងថា លោក សូមថ្លែងអំណរគុណ ដល់លោកឧកញ៉ា,ឯកឧត្តមលោកជំទាវ ,ភ្ញៀវបកិត្តិយសនិងមិត្តអ្នកសិល្បៈ ទាំងអស់ដែលបានអញ្ជើញចូលរួមផ្ដល់កិត្តិយសដល់ ក្រុមគ្រួសាររបស់លោកនៅ ថ្ងៃពិសេសរបស់កូនប្រុសនៅពេលនេះ។ លោកថា ភ្ញៀវទាំងអស់ ដែលលោកនិងគ្រួសារបានអញ្ជើញគឺមកទាំងអស់គ្មានអ្នកណាខកខានម្នាក់ឡើយ។
អ្វីដែលគូរឲ្យកត់សម្គាល់នៅថ្ងៃរៀបការកូនទី១របស់អ្នកនាងគង់ សុជាតិ នោះដែរគេ ឃើញមានការអញ្ជើញ ចូលរួមរបស់អតីតស្វាមីអ្នកនាងសុជាតិ គឺលោកម៉ៅ សាលភាព ដែលជាឪពុករបស់កូនកំលោះផងដែរ ទើបធ្វើឲ្យលោកបុត្រ រំភើបរហូតដល់រលីង រលោងទឹកភ្នែកទៀតផង ខណៈដែលលោកវិបុល ត្រូវបានមហាជនសរសើរចំពោះការបំពេញតួនាទីរបស់លោក ជា ឪពុកដ៏ល្អក្នុងកម្មវិធីពីដើមរហូតដល់ចប់ព្រោះលោក ស្រឡាញ់ កូន មុនរបស់ភរិយា ដូចកូនលោកបង្កើតដែរ ដែលចំណុចនេះហើយធ្វើឲ្យពិធីការិនីល្បីល្បាញ ជាង២ទសវត្សន៍ អ្នកនាងសុជាតិ មាន ភាពកក់ក្ដៅបំផុតក្នុងជីវិត៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM













