ភ្នំពេញ ៖ ប្រធានសមាគមសិល្បករខ្មែរ និងអ្នកជិតស្និទ្ធនឹង លោក ព្រហ្ម ម៉ាញ បានចេញមុខព្រមគ្នាច្រានចោលព័ត៌មានមិនពិត ពាក់ព័ន្ធការលើកឡើងថា វិរ:សិល្បករផ្នែកអាយ៉ៃ គឺ លោកព្រហ្ម ម៉ាញ បានទទួលមរណភាពហើយ នេះជាពាក្យចចាមអារ៉ាម ជាព័ត៌មានមិនពិត។

ការចេញមុខខាងលើនេះ បានធ្វើឡើងបន្ទាប់ពីមានគណនីហ្វេសប៊ុកមួយបានធ្វើការបង្ហោះដោយអះអាងថា លោក ព្រហ្ម ម៉ាញ បានទទួលមរណភាព ក្រោយធ្លាក់ខ្លួនឈឺធ្ងន់។ ព័ត៌មាននេះបានធ្វើអោយមហាជនសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ស្របពេលដែលគេដឹងថា លោក ព្រហ្ម ម៉ាញ ពិតជាបានធ្លាក់ខ្លួនឈឺ និងចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យពិតប្រាកដមែន។
យ៉ាងណា ភ្លាមៗនេះ ប្រធានសមាគមសិល្បករខ្មែរ និងភាគីពាក់ព័ន្ធដែលជិតស្និទ្ធជាមួយនឹងលោក ព្រហ្ម ម៉ាញ បានចេញមុខបដិសេធ និងបានចាត់ទុកព័ត៌មាននោះជារឿងមិនពិតឡើយ។
ប្រធានសមាគមសិល្បករខ្មែរអ្នកនាង ចន ច័ន្ទលក្ខិណា បានលើកឡើងថា នាងខ្ញុំសូមជំរាបថា : លោកគ្រូ ព្រហ្ម ម៉ាញ មិនបានទទួលមរណភាពដូចការបង្ហោះរបស់បុគ្គលមួយចំនួនឡើយ គឺលោកគ្រូកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ ប៉ាស៊ីហ្វិក ខាងកើតស្ពានអាកាសពេទ្យលោកសង្ឃ។
ពេលនេះសុខភាពរបស់លោកគ្រូបានធូរស្រាលខ្លះហើយ ដូច្នេះសូមបងប្អូនកុំជឿពត៌មានប្រឌិតអោយសោះ ហើយ កាលពីម្សិលមិញនាងខ្ញុំបានចាត់អោយតំណាងរបស់សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម នាំយកថវិកា “មូលនិធិសិល្បករចាស់ជរា” ជូនលោកពូ ព្រហ្ម ម៉ាញ ដែលមានជំងឺលើសឈាម និង ទឹកនោមផ្អែម។

ដោយឡែកអ្នកនាង កាឆយ ដែលបានសួរសុខទុក្ខ លោក ព្រហ្ម ម៉ាញ នៅមន្ទីរពេទ្យនោះដែរ ក៏បានអះអាងដែរថា លោកគ្រូ ព្រហ្ម ម៉ាញមិនបានស្លាប់ទេ សូមបងប្អូនកុំយល់ច្រឡំនូវព័ត៌មានមិនពិត, លោកគ្រូ ព្រហ្ម ម៉ាញ មានសុខភាពធូរស្រាលបន្តិចហើយ និងកំពុងសម្រាកព្យាបាលនៅឯមន្ទីពេទ្យក្បែរស្ពានអាកាសពេទ្យលោកសង្ឃ។
គួរបញ្ជាក់ថា លោក ព្រហ្ម ម៉ាញ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ាស៊ីហ្វិក ដើម្បីធ្វើការសង្គ្រោះបន្ទាន់ បន្ទាប់ពីលោកបានឡើងសម្ពាធឈាមខ្លាំងសន្លប់មិនដឹងខ្លួន។ យ៉ាងណា ក្រោយពីការជួយសង្គ្រោះពីក្រុមគ្រូពេទ្យអាការ:ជំងឺរបស់ លោក ព្រហ្ម ម៉ាញ បានធូស្បើយមួយកម្រិតវិញហើយ ខណ:ក្រុមគ្រួសារនឹងយករូបលោកចេញពីមន្ទីរពេទ្យ ត្រឡប់មកផ្ទះវិញ ឆាប់ៗនេះ ដើម្បីបន្តការព្យាបាល៕ រក្សាសិទ្ធិដោយ ៖ សំណាង sv





