Tuesday, January 18, 2022

អា​មេ​រិច​៖ កាត់ទោស​បុរស​ម្នាក់​ឲ្យ​ជាប់គុក​ជាង ៣០០​ឆ្នាំ ពីបទ​រំលោភបំពាន​លើ​កុមារ​

បុរស​វ័យ​ចំណាស់​អាយុ ៧៥​ឆ្នាំ​ម្នាក់​រស់នៅក្នុង​រដ្ឋ​កាលី​ហ្វ​ញ៉ា សហរដ្ឋ​អា​មេ​រិច ត្រូវបាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់គុក​រយៈពេល ៣៣០​ឆ្នាំ​ពីបទ​រំលោភបំពាន​ផ្លូវភេទ​លើ​កុមារ​ជាច្រើន​នាក់​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់​សារ​ព៌​ត​មាន​ចិន Xinhua នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦​នេះ​។​

​បើតាម​ការិយាល័យ​មេធាវី​ប្រចាំ​តំបន់ បាន​និយាយ​នៅក្នុង​សេចក្តី​ប្រកាសថា ជនជាប់ចោទ​ឈ្មោះ Alex Lopez ដែល​រស់នៅក្នុង​តំបន់ Visalia ត្រូវបាន​តុលាការ​រកឃើញថា​បាន​ប្រព្រឹត្ត​អំពើ​អាស​ចំនួន ២២​ករណី​លើ​កុមារ​ជាច្រើន​នាក់​មាន​អាយុ​ក្រោយ ១៤​ឆ្នាំ​។​

​ជនជាប់ចោទ​បាន​ប្រព្រឹត្ត​អំពើ​អាស​លើ​កុមារី​ចំនួន ៤​នាក់ និង​កុមារា​ម្នាក់ ក្នុង​រយៈពេល ១៦​ឆ្នាំ ចាប់តាំងពី​ខែកក្កដា ឆ្នាំ ១៩៩៣ ដល់​ខែឧសភា ឆ្នាំ ២០០៩ ដោយ​រំលោភបំពាន​លើ​កុមារ​ជាច្រើន​នាក់​អាយុ ១០​ឆ្នាំ ឬ​ក្រោម​នេះ​។​

​លោក Tim Ward មេធាវី​ប្រចាំ​តំបន់ Tulare County បាន​សម្តែង​សេចក្តីត្រេកអរ​ដែលមាន​ការកាត់ទោស​ចំពោះ​ជន​ប្រព្រឹត្ត​អំពើ​រំលោភបំពាន​លើ​កុមារ​ដើម្បី​រក​យុ​ត្តិ​ធ៌​ម​ជូន​ក្រុមគ្រួសារ​កុមារ​រងគ្រោះ ហើយ​លោក​បាន​និយាយទៀតថា គ្មានអ្វី​ធ្វើ​ឲ្យ​សហគមន៍​ឈឺចាប់​ជាង​អំពើ​រំលោភបំពាន​លើ​កុមារ​ទេ​៕ សុភ័ក្ត្រ