Monday, July 18, 2022

រថយន្ត​ដឹកទំនិញ​បុក​រថយន្ត​ឡិច​ស៊ី​ស កំពុង​ឆ្លងថ្នល់​ពេញទំហឹង ខូចខាត​យ៉ាងដំណំ និង​បាក់​របាំង​ថ្ម​១​កង់​

​ភ្នំពេញ ៖ រថយន្ត​ឡិច​ស៊ី​ស​១​គ្រឿង​បាន​រង​ការខូចខាត​យ៉ាងដំណំ និង​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​ខ្ទាត​១​កង់ ដោយសារ​រថយន្ត​ដឹកទំនិញ​១​គ្រឿង បើកបរ​មិន​ប្រយ័ត្ន​បុក​ពេញទំហឹង នា​វេលា​ម៉ោង​៨​នឹង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២១ តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ច្រកចូល​វត្ត​ដំបូក​ខ្ពស់ ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា រថយន្ត​ឡិច​ស៊ី​ស​RX៣៥០​ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 2AD-6003 បើក​ចេញពី​ផ្លូវ​បេតុង​ឆ្លងផ្លូវ​លេខ​២៧១ ខណៈ​ឆ្លង​បាន​ពាក់​កណ្តាលផ្លូវ ស្រាប់​តែមាន​រថយន្ត​ដឹកទំនិញ​១​គ្រឿង បើក​លឿន​មិន​ប្រយ័ត្ន​បាន​បុក​រថយន្ត​ឡិច​ស៊ី​ស ចំពាក់​កណ្តាល​រថយន្ត​ពេញទំហឹង​បណ្តាលឱ្យ​រង​ការខូចខាត​យ៉ាងដំណំ និង​បាក់​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​១​កង់​ផងដែរ តែ​មិនមាន​អ្នករងរបួស​នោះទេ ។

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន និង​ជំនាញ​បាន​មកដល់​កន្លែងកើតហេតុ​ដើម្បី​សម្រួល​ចរាចរណ៍ និង​បានធ្វើ​ការវាស់វែង​យកទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ ដោះស្រាយ​តាម​នីតិវិធី ៕ រក្សា​សិទ្ធិ​ដោយ​៖​មី​ដា ផាន់​ណា​