រាជរដ្ឋាភិបាលកម្ពុជាសូមធ្វើការតវ៉ាជាផ្លូវការចំពោះការបន្តរំលោភបំពានរបស់ថៃលើអធិបតេយ្យ និង បូរណភាពទឹកដីរបស់កម្ពុជាតាមបណ្ដោយព្រំដែន។ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃ បានរាយបន្លាលួសនៅទីតាំងពីរដាច់ដោយឡែកពីគ្នាគឺ នៅតំបន់មុំបី ខេត្តព្រះវិហារ និងនៅតំបន់ជប់រុន ស្រុក ត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
សកម្មភាពទាំងនេះផ្ទុយនឹងវិធានការកាត់បន្ថយភាពតានតឹង ដែលចែងក្នុងសេចក្ដីប្រកាសរួមនៃកិច្ច ប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ហើយក៏ជា ការរំលោភបំពានលើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្ដីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក ( MOU 2000) ផងដែរ។
រាជរដ្ឋាភិបាលកម្ពុជាស្នើឱ្យថៃបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពទាំងនេះ មិនត្រឹមតែនៅក្នុងតំបន់
ដែលបានរៀបរាប់ខាងលើនោះទេ ប៉ុន្តែថែមទាំងនៅទីតាំងផ្សេងទៀត ដែលកងកម្លាំងប្រដាប់អាវុធថៃបាន កាន់កាប់ដោយខុសច្បាប់តាំងពីឆ្នាំមុនមក។ កម្ពុជាសូមបញ្ជាក់ថា ការបន្ថយភាពតានតឹងគឺជាកត្តាចាំបាច់ ដើម្បីជំរុញការជឿទុកចិត្តគ្នាទៅវិញទៅមក និងជួយសម្រួលដល់ដំណោះស្រាយប្រកបដោយសន្តិវិធី និងយូរ អង្វែងនៃជម្លោះព្រំដែន ដើម្បីស្ដារសន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ តាមបណ្តោយ ព្រំដែនកម្ពុជា-ថៃ។
កម្ពុជានៅតែប្តេជ្ញាដោះស្រាយរាល់ជម្លោះព្រំដែនជាមួយថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ព្រមទាំងប្រកាន់ខ្ជាប់នូវ ជំហរជាគោលការណ៍របស់ខ្លួនថា បន្ទាត់ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយប្រើកម្លាំងនោះឡើយ៕ រក្សាសិទ្ធិដោយ៖សុទ្ធលី



