កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាលសហការជាមួយកម្លាំងជំនាញកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណី បាញ់សម្លាប់ប្លន់ដោយប្រើអាវុធវែង AK-47 និង លួចកាច់កម៉ូតូ ដែលបានធ្វើសកម្មភាពយ៉ាងសកម្មក្នុងភូមិសាស្ត្រក្រុងសំពៅពូន ខេត្តកណ្តាល។
តាមការបញ្ជាក់ពីសមត្ថកិច្ច ជនសង្ស័យសំខាន់ត្រូវបានចោទថា បានពាក់ព័ន្ធនឹងករណីបាញ់សម្លាប់ជនរងគ្រោះម្នាក់ក្នុងរោងចាំចំការពោត កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ មុននឹងយកម៉ូតូ និងសម្ភាររបស់ជនរងគ្រោះគេចខ្លួន។ ក្រៅពីនេះ ក៏ត្រូវបានសង្ស័យថា បានធ្វើសកម្មភាពលួចកាច់កម៉ូតូជាច្រើនលើក និងលក់បន្តទៅឱ្យអ្នកទទួលផលចោរកម្ម។
ក្នុងប្រតិបត្តិការបង្ក្រាប សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ រួមទាំងអ្នកទទួលផលចោរកម្ម ព្រមទាំងដកហូតបានម៉ូតូពាក់ព័ន្ធ និងអាវុធ AK-47 ដែលត្រូវបានប្រជាពលរដ្ឋរើសប្រគល់ជូនសមត្ថកិច្ច ក្រោយជនសង្ស័យអះអាងថាបានយកទៅលាក់ទុក។
បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ខណៈសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវស្វែងរកមុខសញ្ញាពាក់ព័ន្ធផ្សេងទៀត។
ជាមួយគ្នានេះ សមត្ថកិច្ចក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នក្នុងការថែរក្សាទ្រព្យសម្បត្តិ និងមធ្យោបាយធ្វើដំណើររបស់ខ្លួន ដើម្បីកាត់បន្ថយឱកាសឱ្យជនខិលខូចធ្វើសកម្មភាពលួច ឬប្លន់៕រក្សាសិទ្ធិដោយ៖សុទ្ធលី




