Monday, August 15, 2022

បុរស​វ័យ​ចំណាស់​ម្នាក់ មាន​ជំងឺ​ប្រចាំកាយ ដេកស្លាប់​ក្នុងផ្ទះ​ជួល​មួយកន្លែង បង្ក​ការភ្ញាក់ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​

​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​បុរស​ម្នាក់ ស្លាប់​ក្នុង​បន្ទប់​ជួល​លេខ​៨ ស្ថិតក្នុង​ភូមិ​រលួស សង្កាត់​ជើងឯក ខណ្ឌដង្កោ ដោយ​បង្ក​ការភ្ញាក់ផ្អើល​ដល់​អ្នកជិតខាង​កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០ ។​

សាកសព​រងគ្រោះ​មានឈ្មោះ ម៉េង ឃាង ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ​(​គ្មាន​គ្រួសារ​សាច់ញាតិ​) មុខរបរ​កម្មករ​រោងចក្រ​យូរ៉ូ​ផលិត​ខ្សែភ្លើង បច្ចុប្បន្ន​ស្នាក់នៅ​បន្ទប់​ជួល​កើតហេតុ​ខាងលើ ។

​តាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិតខាង ជាប់​បន្ទប់​ជួល​ជនរងគ្រោះ បាន​ប្រាប់​ឲ្យ​ដឹងថា ជនរងគ្រោះ​គឺជា​មនុស្ស​ស្លូតបូត និង​មាន​ជំងឺ​ប្រចាំកាយ ណាមួយ​ទៀត​គាត់​ក៏​ជា​កំលោះ​ចាស់ គ្មាន​គ្រួសារ​នៅក្បែរ​និង​មើលថែ​ផងដែរ ។ ខណៈ​នៅ​ថ្ងៃកើតហេតុ អ្នកជិតខាង​មិនឃើញ​ជនរងគ្រោះ​ចេញមក​ខាងក្រៅ តាំង​ព្រឹក​រហូតដល់​ថ្ងៃត្រង់ ទើប​ឆ្ងល់​ក៏​ទៅ​គោះទ្វា​ហៅ​ជនរងគ្រោះ​តែ​មិន​តប រួច​ក៏​មើល​តាម​បង្អួច​ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ដេកស្លាប់​លើ​ឥដ្ឋ និង​ស្លៀក​តែ​កន្សែង ទើប​ដឹងលឺ​ដល់​ម្ចាស់ផ្ទះ និង​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន ឲ្យ​ចុះ​មកដល់​កន្លែងកើតហេតុ​តែម្ដង ។

ក្រោយមក សមត្ថកិច្ច​បាន​ទាក់ទង​ទៅខាង​ជំនាញ​កោសល្យវិច័យ ឲ្យ​មក​ពិនិត្យ​ជាក់ស្ដែង ក្នុងនោះ​តាម​ការធ្វើ​កោសល្យវិច័យ របស់​ក្រុមគ្រូពេទ្យ​វិទ្យាសាស្ត្រ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាក់ថា ឈ្មោះ ម៉េង ឃាង (​សព​) គឺ​ស្លាប់​ដោយសា​គាំងបេះដូង និង​ជំងឺ​ក្រ​ពេះ​ពោ​វៀន ។

​បច្ចុប្បន្ន​សព​ត្រូវបាន​សមត្ថកិច្ច ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ រក្សា​សិទ្ធិ​ដោយ​៖ មី​ដា ផាន់​ណា​