Monday, July 18, 2022

អគ្គិភ័យ​ឆាប់ឆេះ​ផ្ទះល្វែង​នៅ​បុរី​ពិភពថ្មី​ឈូក​វ៉ា​១ ជាប់​ស្ត្រី​និង​កូន ២ នាក់​រងរបួស​

​ភ្នំពេញ ៖ ផ្ទះល្វែង​មួយកន្លែង​ក្នុង​បុរី​ពិភពថ្មី​ឈូក​វ៉ា​១ ត្រូវបាន​អគ្គិភ័យ​ឆាប់ឆេះ​ជាប់​ស្ត្រី​ជា​ប្រពន្ធ និង​កូនប្រុស​តូច​ពីរ​នាក់ នៅក្នុង​ផ្ទះ​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​។​
​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​៣៥​នាទី​ព្រឹក​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២០ នៅក្នុង​បុរី​ពិភពថ្មី​ឈូក​វ៉ា​១ ផ្ទះ​លេខ​១០៦ ផ្លូវ​បេ ភូមិ​ផ្អែម សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​
​ជនរងគ្រោះ​ឈ្មោះ គឹម យូ​រី ភេទ​ស្រី អាយុ​២៨​ឆ្នាំ និង​ឈ្មោះ​សូ​រី វណ្ណ​ភូ ភេទ​ប្រុស អាយុ​៥​ឆ្នាំ និង​ឈ្មោះ​សូ​រី ផា​យុទ្ធ ភេទ​ប្រុស អាយុ​៣​ឆ្នាំ​។​

​តាម​សាក្សី​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គឺ​ឃើញ​ផ្ទះ​បិទទ្វារ​ចាក់សោ​ហើយ​ស្ត្រី​ជា​ភរិយា និង​កូនប្រុស​ពីរ​នាក់ កំពុងតែ​សម្រាក​នៅ​ជាន់​ទីមួយ ស្រាប់​តែមាន​ផ្សែងហុយ ចេញពី​លំនៅឋាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សន្តិសុខ​នាំគ្នា​ឡើង ទៅលើ​ជាន់​ទីមួយ ដើម្បី​ជួយ​រំដោះ​ស្ត្រី និង​កូន ចេញពី​លំនៅឋាន​តាម​បង្អួច​។​
​ដោយឡែក​ប្រជាពលរដ្ឋ​មួយចំនួនទៀត បាននាំគ្នា​វាយ​ទម្លុះ​ទ្វារ ដើម្បី​ជួយ​ពន្លត់​នៅ​ផ្នែក​ខាងក្រោម​។​

​នៅក្នុង​ហេតុការណ៍​នោះដែរ គេ​ឃើញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​ពីរ​គ្រឿង បាន​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​ផងដែរ​។ ទោះបីយ៉ាងណា​ភ្លើង​ពុំ​បណ្ដាល​ឲ្យ​ឆេះ​រាលដាល ដល់​លំនៅឋាន​នៅក្បែរ​នោះឡើយ​។​
​តាម​ស្ត្រី​រងគ្រោះ​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​ប្រមាណ​ជា ៥​ព្រឹក ប្តី​របស់ខ្លួន​ឈ្មោះ​ឡៅ សូ​រីក​ញ្ញា បាន​ភ្ញាក់​ពី​ព្រឹក ទៅធ្វើជា​ចុងភៅ​ដោយ​ចាក់សោ​ពី​ក្រៅ​ទុក​កូនសោ នៅក្នុង​ផ្ទះ​។ ខណៈនោះ​ស្រាប់តែ​ភ្លើង​បាន​ឆាបឆេះ នៅ​ចំណុច​ជំនាងផ្ទះ​ខាងក្រោម និង​រាលដាល​ទូ​តាំង បង្ក​ជា​ផ្សែងហុយ​ទ្រលោម ទៅ​ផ្នែក​ខាងលើ​គាត់​បាន​ភ្ញាក់ឡើង ប្រុង​នាំ​កូន​ចុះ​ហើយក៏​ត្រូវ​ភ្លើង​ស្ទាក់​ជាប់​បណ្ដាល​ឲ្យ​ឆេះ​រងរបួស​ដៃជើង​ផងដែរ​។ ក្រោយមក​ប្រជាពលរដ្ឋ និង​សន្តិសុខ ក៏បាន​វាយ​ទម្លុះ​រនាំងបង្អួច​ចូលទៅ​សង្គ្រោះ នាំមក​កាន់​មណ្ឌល​សុខភាព​គោក​រការ​៕ រក្សា​សិទ្ធិ​ដោយ​៖ មី​ដា ផាន់​ណា​