Saturday, September 3, 2022

មេការ​សំណង់ ជិះ​ម៉ូតូ​ខ្វះ​ការប្រុងប្រយ័ត្ន បាន​រអិល​ខ្សាច់​ដួល​ចូល​កង់​ក្រោយ​រថយន្ត កិន​ស្លាប់​

​ភ្នំពេញ​៖ បុរស​វ័យ​ចំណាស់​ជា​មេការ​ចាក់​លូ ម្នាក់​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ធ្វើដំណើរ​ស្រប​ទិសដៅ គ្នា​ជាមួយ​រថយន្ត​ដឹក​ដី ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន បាន​រអិល​ខ្សាច់​ដួល​ចូល​កង់​ក្រោយ​រថយន្ត កិន​ស្លាប់​ភ្លាមៗ​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៦ និង ៣០ នាទី​ព្រឹក ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​បេតុង​ទួលសាលា ក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។​

​សព​មានឈ្មោះ ឆែម វណ្ណា អាយុ​៤៨​ឆ្នាំ មុខរបរ​មេការ​សំណង់​ចាក់​លូ ក្នុង តំបន់ OCIC ស្នាក់​នៅក្នុង​ការដ្ឋាន មាន​ស្រុកកំណើត​នៅ​ភូមិ​បារាយ​ខាងលិច ស្រុក​បារាយ ខេត្តព្រៃវែង​។​

​តាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​បុរសរងគ្រោះ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា សេ​១២៥ ស៊េរី​ឆ្នាំ​២០២០ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ព្រៃវែង ១R-៣៤៨២ បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​បេតុង ទួលសាលា ទិសដៅ​ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​លឿន​ល្មម ខណៈពេល​ជិះ​មកដល់​ចំណុចកើតហេតុ ក៏មាន​រថយន្ត​ធុន​ធំ​មួយគ្រឿង ជា​ប្រភេទ​រថយន្ត​ដឹក​ដី ពណ៌​ក្រហម ពាក់​ផ្លាកលេខ ភ្នំពេញ ៣D-៨៨១៤ បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ស្រប​ទិសដៅ​គ្នា ស្របពេលនោះ​ស្រាប់តែ​ម៉ូតូ​របស់​ជនរងគ្រោះរ​អិ​ល​ខ្សាច់ នៅតាម​ចិញ្ចើមផ្លូវ ចូល​កង់​រថយន្ត ដឹក​ដី កង់​ក្រោយ​ខាងស្តាំ បណ្ដាល​ឲ្យ​រថយន្ត​កិន​ក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ​នៅក្នុង​ថ្លុកឈាម​។​
​ក្រោយពេល​កើតហេតុ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​ដល់ទី​តាំង​កើតហេតុ និង​បានធ្វើការ​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ក្រុង ឱ្យ​ចុះមក​ធ្វើការ​វាស់វែង​យក​រថយន្ត និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​ធ្វើការ​ដោះស្រាយ​តាមច្បាប់​នៅពេល​ក្រោយ​។ ចំណែក​សាកសព សមត្ថកិច្ច​បានប្រគល់​ជូន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​នៅ​ខេត្តព្រៃវែង​តាម​ប្រពៃណី​៕​ដោយ​៖​ផាន់​ណា​+​មី​ដា​