ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងមហាផ្ទៃ បើកយុទ្ធនាការជំរឿននគរបាលជាតិទូទាំងប្រទេស និង រកឃើញទិន្នន័យបឋមរបស់មន្ត្រីជាង ២.៣០០នាក់ មានភាពខុសឆ្គងពីឯកសារដើម ??

​ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានប្រកាសបើកយុទ្ធនាការចុះធ្វើជំរឿនមន្ត្រីនគរបាលជាតិទូទាំងប្រទេសជាផ្លូវការ ដើម្បីធ្វើបច្ចុប្បន្នភាព និងពង្រឹងភាពសុក្រឹតនៃប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស បន្ទាប់ពីការផ្ទៀងផ្ទាត់ទិន្នន័យបឋមបានបង្ហាញឱ្យឃើញថា មានមន្ត្រីនគរបាលរហូតដល់ ២.៣៣២នាក់ មានព័ត៌មានផ្ទាល់ខ្លួនខុសឆ្គងពីឯកសារដើម។

​ថ្លែងក្នុងពិធីបើកយុទ្ធនាការជំរឿននគរបាលជាតិកម្ពុជា និងព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦  លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា: ភាពខុសឆ្គងនៃទិន្នន័យទាំងនោះ ត្រូវបានរកឃើញលើចំណុចសំខាន់ៗចំនួនបី រួមមាន ករណីខុសថ្ងៃខែឆ្នាំកំណើតចំនួន ២.២៨០នាក់ ខុសអក្ខរាវិរុទ្ធឈ្មោះចំនួន ៤៨នាក់ និងខុសភេទចំនួន ៤នាក់។

ទោះជាយ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃបានសង្កត់ធ្ងន់ថា: ភាពមិនប្រក្រតីទាំងនេះ គ្រាន់តែជាកំហុសបច្ចេកទេសនៃការកត់ត្រាទិន្នន័យប៉ុណ្ណោះ ពោលគឺពុំមែនជាករណីឈ្មោះស្ទួន ឬ «ឈ្មោះខ្មោច» នោះឡើយ ប៉ុន្តែវាគឺជាសក្ខីភាពដ៏រឹងមាំដែលបង្ហាញពីភាពចាំបាច់បំផុតក្នុងការធ្វើជំរឿននាពេលនេះ។

​ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ ប្រតិបត្តិការជំរឿនត្រូវបានរៀបចំឡើងជាជំហានៗ ដោយចាប់ផ្តើមដំបូងនៅថ្ងៃទី១៧ ខែវិច្ឆិកា នេះ ទៅលើអង្គភាពស្នូលចំនួនបី រួមមាន អគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋានធនធានមនុស្ស និងអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ។

យុទ្ធនាការនេះនឹងបន្តអនុវត្តរហូតដល់បញ្ចប់នៅតាមបណ្តាអង្គភាពចំណុះទីស្ដីការក្រសួងទាំងអស់ មុននឹងពង្រីកវិសាលភាពចុះទៅដល់ថ្នាក់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទូទាំងប្រទេស។

​បើតាមការបញ្ជាក់របស់លោកស សុខា យុទ្ធនាការជំរឿនដ៏មានសារៈសំខាន់នេះ ត្រូវបានតម្រង់ទិសឆ្ពោះទៅរកគោលដៅយុទ្ធសាស្ត្រស្នូលចំនួន ៦ ចំណុច គឺទី១. ស្គាល់ច្បាស់ពីចំនួនកម្លាំងដែលមានស្រាប់ ទី២. ដឹងពីតម្រូវការកម្លាំងជាក់ស្តែង ទី៣. ស្គាល់ពីសមត្ថភាពពិតប្រាកដរបស់មន្ត្រី ទី៤. ពង្រឹងការគ្រប់គ្រងរដ្ឋបាល ទី៥. ធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងទិន្នន័យ និងទី៦. ប្រើប្រាស់លទ្ធផលជំរឿនជាមូលដ្ឋានគ្រឹះសម្រាប់ការធ្វើសេចក្តីសម្រេចចិត្ត។

​ជាចុងក្រោយ លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា កំណែទម្រង់រដ្ឋបាលកងកម្លាំងនេះ គឺជាការអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមចក្ខុវិស័យ និងគោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅកសាងមូលដ្ឋានទិន្នន័យធនធានមនុស្សរយៈពេលវែងប្រកបដោយសុក្រឹតភាព លើកកម្ពស់ប្រសិទ្ធភាពការងារ និងចូលរួមកាត់បន្ថយការចំណាយថវិកាជាតិឱ្យកាន់តែមានតម្លាភាព៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម