ភ្នំពេញ៖ គណៈកម្មការផ្សះផ្សាដែលបង្កើតឡើងក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) នឹងរៀបចំកិច្ចប្រជុំលើកទី៣ ជាមួយកម្ពុជា និងថៃ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីបន្តស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះវិវាទព្រំដែនសមុទ្ររវាងប្រទេសទាំងពីរ។
យោងតាមសេចក្តីប្រកាសរបស់តុលាការមជ្ឈការអចិន្ត្រៃយ៍ (PCA) ចេញផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា កិច្ចប្រជុំនេះនឹងបន្តពីលទ្ធផលនៃកិច្ចប្រជុំពីរលើកមុន ដោយផ្តោតជាពិសេសលើទិដ្ឋភាពបច្ចេកទេសពាក់ព័ន្ធនឹងការកំណត់ព្រំដែនសមុទ្រ ព្រមទាំងស្វែងរកចំណុចរួម និងការឯកភាពគ្នារវាងភាគីទាំងពីរ។
គណៈប្រតិភូកម្ពុជានឹងដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាតំណាងរាជរដ្ឋាភិបាលកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងចូលរួមក្នុងនាមជាប្រធានក្រុមចរចា និងលោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុកលេខាធិការដ្ឋានកិច្ចការព្រំដែន ក្នុងនាមជាអនុតំណាងរាជរដ្ឋាភិបាល ព្រមទាំងមានការចូលរួមពីមន្ត្រីជំនាញ និងក្រុមការងារផ្នែកច្បាប់។
ប្រវត្តិនៃវិវាទព្រំដែនសមុទ្រកម្ពុជា-ថៃ:
វិវាទព្រំដែនសមុទ្ររវាងកម្ពុជា និងថៃ គឺជាបញ្ហាដែលមានប្រវត្តិយូរអង្វែង ដោយប្រទេសទាំងពីរមានការទាមទារដែនសមុទ្រត្រួតស៊ីគ្នានៅតំបន់ឈូងសមុទ្រថៃ។
តំបន់ដែលមានការទាមទារត្រួតស៊ីគ្នានេះ មានទំហំប្រមាណ ២៦.០០០ គីឡូម៉ែត្រការ៉េ និងត្រូវបានគេមើលឃើញថាមានសក្តានុពលធនធានប្រេង និងឧស្ម័នធម្មជាតិ។
ដើម្បីស្វែងរកដំណោះស្រាយ កម្ពុជា និងថៃបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) នៅឆ្នាំ២០០១ ដោយកំណត់ក្របខណ្ឌសម្រាប់ការចរចាកំណត់ព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមលើធនធាននៅតំបន់ដែលមានការទាមទារត្រួតស៊ីគ្នា។
ទោះជាយ៉ាងណា ការចរចាទ្វេភាគីជាច្រើនជុំក្នុងរយៈពេលជាងពីរទសវត្សរ៍មកនេះ មិនទាន់អាចឈានដល់កិច្ចព្រមព្រៀងចុងក្រោយបានឡើយ។
នៅខែឧសភា ឆ្នាំ២០២៦ រដ្ឋាភិបាលថៃបានសម្រេចបញ្ចប់ MOU ឆ្នាំ២០០១ ដែលជាក្របខណ្ឌសហប្រតិបត្តិការសម្រាប់ដោះស្រាយបញ្ហានេះ។
ជាការឆ្លើយតប កម្ពុជាបានជ្រើសរើសយន្តការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ដើម្បីបន្តដោះស្រាយវិវាទតាមច្បាប់អន្តរជាតិ និងមធ្យោបាយសន្តិវិធី។
នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ កម្ពុជាបានចាប់ផ្តើមនីតិវិធីផ្សះផ្សាជាផ្លូវការ តាមមាត្រា ២៩៨ និងឧបសម្ព័ន្ធទី៥ នៃអនុសញ្ញា UNCLOS ដោយដាក់សេចក្តីជូនដំណឹងទៅភាគីថៃ។
បន្ទាប់មក ភាគីថៃបានដាក់ចម្លើយតបនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦។
លទ្ធផលនៃកិច្ចប្រជុំពីរលើកមុន
កិច្ចប្រជុំលើកទី១ បានប្រព្រឹត្តទៅនៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។
នៅក្នុងកិច្ចប្រជុំនោះ ភាគីកម្ពុជាបានបង្ហាញជំហរថា គោលបំណងសំខាន់គឺស្វែងរកដំណោះស្រាយដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពក្នុងតំបន់។
ភាគីកម្ពុជាបានលើកឡើងនូវជម្រើសសំខាន់ៗចំនួនពីរ គឺការចុះសន្ធិសញ្ញាជាមួយភាគីថៃ ដើម្បីកំណត់ព្រំដែនសមុទ្រតែមួយសម្រាប់គ្រប់គោលបំណង ឬការព្រមព្រៀងលើការអភិវឌ្ឍរួម និងការបែងចែកធនធានដោយសមធម៌ ក្នុងអំឡុងពេលរង់ចាំការកំណត់ព្រំដែនសមុទ្រជាស្ថាពរ។
ប្រសិនបើជម្រើសទាំងពីរមិនអាចសម្រេចបាន ភាគីកម្ពុជានឹងស្នើឱ្យគណៈកម្មការរៀបចំរបាយការណ៍ដែលមានអនុសាសន៍សម្រាប់ជាមូលដ្ឋាននៃការចរចានាពេលអនាគត។
បន្ទាប់មក កិច្ចប្រជុំលើកទី២ បានធ្វើឡើងនៅទីក្រុងឡាអេ ប្រទេសហូឡង់ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦។
លទ្ធផលសំខាន់មួយនៃកិច្ចប្រជុំនេះ គឺកម្ពុជា និងថៃបានឯកភាពគ្នាលើវិធានការកសាងទំនុកចិត្ត ដើម្បីបង្កើតបរិយាកាសអំណោយផលដល់ការចរចា និងការស្វែងរកដំណោះស្រាយដោយសន្តិវិធី។
ក្នុងចំណោមវិធានការដែលបានឯកភាព ភាគីទាំងពីរទទួលស្គាល់សិទ្ធិរបស់ខ្លួនក្នុងការចេញសេចក្តីថ្លែងការណ៍ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន ឬកែតម្រូវព័ត៌មានមិនពិត និងការផ្សព្វផ្សាយព័ត៌មានបំភ្លៃការពិត។
ជាមួយគ្នានេះ គណៈកម្មការបានជំរុញឱ្យភាគីទាំងពីរអនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀង និងវិធានការដែលបានឯកភាពគ្នាពីមុន ប៉ុន្តែមិនទាន់ត្រូវបានអនុវត្តទាំងស្រុងនៅឡើយ។
កម្ពុជាប្តេជ្ញាស្វែងរកដំណោះស្រាយយុត្តិធម៌ និងយូរអង្វែង តាមរយៈដំណើរការផ្សះផ្សានេះ កម្ពុជាមានគោលបំណងឈានទៅរកការចុះសន្ធិសញ្ញាជាមួយថៃ ដើម្បីកំណត់ព្រំដែនសមុទ្រតែមួយសម្រាប់គ្រប់គោលបំណងរវាងរដ្ឋទាំងពីរ។
ជាជម្រើសជំនួស កម្ពុជាក៏ត្រៀមខ្លួនព្រមព្រៀងលើការអភិវឌ្ឍរួម និងការបែងចែកធនធានដោយសមធម៌ រហូតដល់មានកិច្ចព្រមព្រៀងជាស្ថាពរលើព្រំដែនសមុទ្រ។
ក្នុងករណីដែលជម្រើសទាំងពីរមិនអាចសម្រេចបាន កម្ពុជានឹងស្នើឱ្យគណៈកម្មការរៀបចំអនុសាសន៍ ដើម្បីប្រើប្រាស់ជាមូលដ្ឋានសម្រាប់ការចរចានាពេលអនាគត ស្របតាមកាតព្វកិច្ចរបស់ប្រទេសទាំងពីរក្រោមអនុសញ្ញា UNCLOS។
កម្ពុជាបានថ្លែងអំណរគុណចំពោះប្រធាន និងសមាជិកគណៈកម្មការផ្សះផ្សា ចំពោះការបំពេញតួនាទីប្រកបដោយការយកចិត្តទុកដាក់ និងវិធីសាស្ត្រសមស្រប ព្រមទាំងបញ្ជាក់ថា នឹងចូលរួមកិច្ចប្រជុំលើកទី៣ នៅទីក្រុងគូឡាឡាំពួ ដោយឈរលើស្មារតីសុចរិតភាព កិច្ចសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមក។
រាជរដ្ឋាភិបាលកម្ពុជារំពឹងថា: ការបន្តធ្វើការរួមគ្នាជាមួយគណៈកម្មការ និងភាគីថៃ នឹងជួយឱ្យប្រទេសទាំងពីរឈានទៅរកលទ្ធផលមួយដែលមានភាពយុត្តិធម៌ និងអាចធានាបាននូវសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែង៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN










