ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យប្រោសព្រះរាជទានសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្មដល់ជនជាតិអាម៉េរិកម្នាក់ គឺ លោក ម័រហ្គេន ចនហ្វ្រែនស៊ីស (MORGAN JON FRANCIS) អតីតសហស្ថាបនិកមន្ទីរពេទ្យកុមារអង្គរ និងជាស្ថាបនិកអង្គការទន្លេគ្លីនិកកម្ពុជា ដោយព្រះរាជទានឈ្មោះខ្មែរថា «ម័រហ្គេន ករុណា» (MORGAN KARUNA)។
យោងតាមព្រះរាជក្រឹត្យ ចុះកាលបរិច្ឆេទ ថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០២៦ បានឱ្យដឹងថា: លោក ម័រហ្គេន ចនហ្វ្រែនស៊ីស កើតនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ១៩៥៣ នៅរដ្ឋរ៉ូដអាយលែន សហរដ្ឋអាម៉េរិក ត្រូវបានផ្តល់ ជូនជា សញ្ជាតិខ្មែរ ចាប់ពីពេលតទៅ។
ការទទួលបានសញ្ជាតិខ្មែរនេះ គឺជាការទទួលស្គាល់ចំពោះការលះបង់ និង ការចូលរួមចំណែកក្នុងការងារមនុស្សធម៌នៅកម្ពុជាអស់រយៈពេលជាង ៣ទសវត្សរ៍ ជាពិសេសក្នុងវិស័យសុខាភិបាល និងការផ្តល់សេវាពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្រីក្រ។
លោក MORGAN JON FRANCIS បានមករស់នៅក្នុងខេត្តសៀមរាបតាំងពីឆ្នាំ១៩៩៤ ដោយដំបូងបានមកបំពេញបេសកកម្មការងារ មុននឹងបន្តស្នាក់នៅ និងចូលរួមបំពេញការងារមនុស្សធម៌នៅកម្ពុជាអស់រយៈពេលជាង ៣០ឆ្នាំ។
នៅឆ្នាំ១៩៩៨ លោកបានចូលរួមបង្កើត «មន្ទីរពេទ្យកុមារអង្គរ» ដែលជាមន្ទីរពេទ្យផ្តល់សេវាព្យាបាលជំងឺដល់កុមារដោយឥតគិតថ្លៃ មានទីតាំងនៅខេត្តសៀមរាប។
បន្ទាប់មក នៅឆ្នាំ២០០៧ លោកបានបង្កើត «អង្គការទន្លេគ្លីនិកកម្ពុជា» ដើម្បីផ្តល់សេវាវេជ្ជសាស្ត្រតាមទូកដល់ប្រជាពលរដ្ឋដែលរស់នៅលើផ្ទៃបឹងទន្លេសាប ដោយមិនគិតថ្លៃសេវា។
បច្ចុប្បន្ននេះ លោក MORGAN JON FRANCIS ហៅ ម័រហ្គេន ករុណា មានអាយុ ៧៣ឆ្នាំហើយ។
បន្ទាប់ពីបានរស់នៅ និងបំពេញការងារមនុស្សធម៌នៅកម្ពុជាអស់រយៈពេលជាច្រើនទសវត្សរ៍ លោកបានសម្រេចចិត្តចាត់ទុកកម្ពុជាជាមាតុភូមិទីពីរ និងមានបំណងបន្តរស់នៅក្នុងប្រទេសនេះរហូតដល់ចុងជីវិត ដោយបង្ហាញពីសេចក្តីស្រឡាញ់ និងការប្តេជ្ញាចិត្តចំពោះប្រជាជនកម្ពុជា៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN









