ខេត្តកោះកុង៖ នគរបាលស្រុកស្រែអំបិល ខេត្តកោះកុង បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ករណីក្មេងស្រីអាយុ១៦ឆ្នាំម្នាក់ដែលបានបាត់ខ្លួន និងបន្សល់ទុកសម្ភារៈមួយចំនួននៅមាត់ស្រះទឹក នៅមិនទាន់មានតម្រុយនៃការបាត់ខ្លួននៅឡើយទេ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយទទួលបានព័ត៌មានអំពីករណីបាត់ខ្លួននេះ លោកវរសេនីយ៍ទោ ដូង វណ្ណា អធិការនគរបាលស្រុកស្រែអំបិល បានចាត់កម្លាំងជំនាញព្រហ្មទណ្ឌចុះទៅពិនិត្យកន្លែងកើតហេតុ និងសាកសួរម្តាយរបស់ក្មេងស្រីដែលបានបាត់ខ្លួន។
តាមការបំភ្លឺរបស់ម្តាយ របស់ជនរងគ្រោះ, សម្ភារៈដែលប្រទះឃើញនៅមាត់ស្រះទឹក គឺពិតជារបស់កូនស្រីបង្កើតរបស់គាត់ឈ្មោះ ឌី ណារីន ភេទស្រី អាយុ១៦ឆ្នាំ ដែលបានបាត់ខ្លួនកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ១០យប់។
សមត្ថកិច្ចនិយាយថា:គិតត្រឹមម៉ោង ៧:៣០នាទីយប់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងជំនាញនៅមិនទាន់រកឃើញតម្រុយណាមួយពាក់ព័ន្ធនឹងករណីបាត់ខ្លួនក្មេងស្រីរូបនេះនៅឡើយទេ៕ រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN





