ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតភូមិថ្មីចំនួន ៥បន្ថែមទៀត នៅក្នុងស្រុកចុងកាល់ និងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋបាលមូលដ្ឋាន និងឆ្លើយតបទៅនឹងកំណើនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ការសម្រេចនេះបាន ធ្វើឡើងតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលចុះហត្ថលេខាដោយលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
យោងតាមប្រកាស ភូមិថ្មីចំនួន ២ ត្រូវបានបង្កើតឡើងក្នុងឃុំពង្រ ស្រុកចុងកាល់ រួមមាន ភូមិស្រះកែវចងចាំ ដែលបំបែកចេញពីភូមិស្រះកែវ និង ភូមិអតីតយុទ្ធជន ដែលបំបែកចេញពីភូមិបាត់ក្តៅ។
ដោយឡែក ក្នុងឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ក៏មានការបង្កើតភូមិថ្មីចំនួន ៣បន្ថែមទៀត រួមមាន ភូមិរលំត្បាល់ បំបែកចេញពីភូមិអូរក្រូច ភូមិដីក្រហម បំបែកចេញពីភូមិថ្នល់កែង និង ភូមិអូរផ្អាវ បំបែកចេញពីភូមិស្រែកណ្ដាល។
ការបង្កើតភូមិថ្មីទាំង ៥នេះ បាន ធ្វើឡើងតាមសំណើរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ ក្នុងគោលបំណងជួយសម្រួលដល់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងជំរុញការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយចីរភាព។
ចំពោះរចនាសម្ព័ន្ធ និងការគ្រប់គ្រងភូមិថ្មីទាំងនេះ នឹងត្រូវអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការជ្រើសរើស ព្រមទាំងការប្រព្រឹត្តទៅរបស់មេភូមិ៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN








