កណ្តាល ៖ បុគ្គលរូបនេះ ឈ្មោះ ស៊ុ ចាន់ទ្រា រស់នៅភូមិពោរ៉ាល់ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល មុខរបរដើរលក់គ្រឿងសមុទ្រ។ ករណីនេះមិនមែនត្រឹមតែធ្វើការអប់រំនោះទេ គឺមានបទល្មើសដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃអធិការដ្ឋាននគរបាលស្រុកពញាឮ សូមជម្រាបជូនសាធារណជន មេត្តាជ្រាបពាក់ព័ន្ធការផ្សព្វផ្សាយវីដេអូ ជាបន្តបន្ទាប់ ករណី បុរសជាអ្នកលក់គ្រឿងសមុទ្រ ថត Zoom វីដេអូ មើលដើមទ្រូងស្រ្តីម្នាក់ជាអ្នកទិញគ្រឿងសមុទ្រ យកទៅបង្ហោះក្នុងTikTok របស់ខ្លួនឈ្មោះ បងទ្រៀងឯកា ដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធខាងរូបភាពនៃបុគ្គល។
ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកវរសេនីយ៍ឯក ដួង តេង អធិការនគរបាលស្រុកពញាឮ បានបញ្ជាឱ្យកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុក ចុះស្រាវជ្រាវឈានដល់ឃាត់ខ្លួនបុគ្គលខាងលើ មកបន្តអនុវត្តនីតិវិធី។
ករណីនេះបានធ្វើឲ្យប៉ះពាល់ដល់សិទ្ធខាងរូបភាពនៃបុគ្គលដែលបានកើតហេតុនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៦ និង ៣០នាទី
ចំណុចមុខរោងចក្រស៊ីឃ្លូ ភូមិ បុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ជនសង្ស័យ ០១នាក់ (ឃាត់ខ្លួន)ឈ្មោះ ស៊ុ ចានទ្រា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់គ្រឿងសមុទ្រ មានទីលំនៅភូមិពោធិ៍រ៉ាល់ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល
វត្ថុតាងចាប់យកទូរស័ព្ទដៃ ០១គ្រឿង ម៉ាក IPhone 17 pro max ពណ៌ ទឹកក្រូច ។
នៅចំពោះមុខសមត្ថកិច្ចឈ្មោះ ស៊ុ ចាន់ទ្រា បានឆ្លើយសារភាពថា៖ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ រូបខ្លួន បានទៅលក់គ្រឿងសមុទ្រមុខរោងចក្រស៊ីឃ្លូ នៅខេត្តកំពង់ស្ពឺ ក្នុងពេលនោះរូបខ្លួនបានយកទូរស័ព្ទរបស់ខ្លួនថតជាវីដេអូបង្ហោះក្នុងគណនី TIKTOK របស់ខ្លួន ផ្សព្វផ្សាយលក់គ្រឿងសមុទ្រ ហើយពេលនោះរូបខ្លួន បានថត Zoom ទៅមើលដើមទ្រូងស្ត្រីម្នាក់ ដែលបានអោនទិញគ្រឿងសមុទ្ររបស់ខ្លួន។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។
ជាមួយគ្នានេះ ក្នុងនាមអធិការដ្ឋាននគរបាលស្រុកពញាឮ ក៏សូមអំពាវនាវដល់សាធារណៈជន និងអ្នកនិយមប្រេីប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូបន្ត ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី។
ជាមួយនោះ លោកស្នងការនគរបាលខេត្តកំពត បានថ្លែងថា ខ្ញុំបានទទួលព័ត៏មានពីបងស្នងការរងទទួលការងារព្រហ្មទណ្ឌនៅខេត្តកណ្តាល បុគ្គលនេះត្រូវបានសមត្ថកិច្ចយកបានហើយ ។ បុគ្គលនេះរស់នៅភូមិពោរ៉ាល់ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល មុខរបរដើរលក់គ្រឿងសមុទ្រ ខ្ញុំសូមកោតសរសើរសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលក្របួចបុគ្គលរូបនេះបានលឿន ករណីនេះមិនមែនត្រឹមតែធ្វើការអប់រំនោះទេ គឺមានបទល្មើសដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ សូមក្មួយស្រីមកដាក់បណ្តឹងផងបាទ ។
ចំណែកឯលោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ ក៏លើកឡើងផងដែរថា ក្នុងនាមជាស្ត្រីដូចគ្នា ខ្ញុំមិនអាចទទួលយកបានឡើយ ចំពោះទង្វើដ៏ថោកទាបអសីលធម៌ដែលបំពាន និងប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី ឬក្មេងស្រីបែបនេះ! ។
សូមសមត្ថកិច្ចពាក់ព័ន្ធស្រាវជ្រាវករណីនេះជាបន្ទាន់ និងចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់។
ពាក្យថា «លេងសើច» មិនអាចធ្វើជាលេសសម្រាប់ការបំពានលើស្ត្រីបានទេ! ៕ រក្សាសិទ្ធិដោយ CEN















