ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ឌី បញ្ញា និងឯកឧត្តម អៀង ពិសី នាំយកសៀវភៅ «យុទ្ធសាស្ត្រត្រីកោណ ឆ្អឹងខ្នងសន្តិភាពកម្ពុជា» និង «១១១ ចំណុច ប្រសាសន៍ណែនាំសម្តេចតេជោ» តម្កល់ទុកនៅបណ្ណាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជំទាវ (បឹងត្របែក)

នារសៀលថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឌី បញ្ញា អគ្គលេខាធិការរងព្រឹទ្ធសភា និងឯកឧត្តម អៀង ពិសី នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បាននាំយកសៀវភៅ «យុទ្ធសាស្ត្រត្រីកោណ ឆ្អឹងខ្នងសន្តិភាពកម្ពុជា» ចំនួន ៥ ក្បាល និងសៀវភៅ «១១១ ចំណុច ប្រសាសន៍ណែនាំសម្តេចតេជោ» ចំនួន ៥០០ ក្បាល ប្រគល់ជូនបណ្ណាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជំទាវ (បឹងត្របែក) ដើម្បីតម្កល់ទុកសម្រាប់បម្រើដល់ការសិក្សា ស្រាវជ្រាវ និងការអានរបស់សាធារណជន។

ក្នុងឱកាសនោះ ឯកឧត្តម ឌី បញ្ញា បានសម្តែងនូវការកោតសរសើរចំពោះស្នាដៃដ៏មានតម្លៃនេះ ដែលបាននិពន្ធ រៀបរៀង និងចងក្រងដោយឯកឧត្តម អៀង ពិសី នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។ ឯកឧត្តមក៏បានសម្តែងនូវសេចក្តីរីករាយដែលបាននាំយកសៀវភៅទាំងពីរចំណងជើងមកតម្កល់ទុកនៅក្នុងបណ្ណាល័យ ដើម្បីឱ្យសិស្សានុសិស្ស និស្សិត អ្នកសិក្សាស្រាវជ្រាវ បញ្ញវន្ត និងសាធារណជនទូទៅ អាចសិក្សាស្វែងយល់អំពីប្រវត្តិសាស្ត្រ និងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំកម្ពុជាក្នុងការដឹកនាំ និងអភិវឌ្ឍប្រទេសជាតិ។
សៀវភៅ «យុទ្ធសាស្ត្រត្រីកោណ ឆ្អឹងខ្នងសន្តិភាពកម្ពុជា» មានកម្រាស់ ១១១១ ទំព័រ ចែកជា ៤ វគ្គ និងមានឧបសម្ព័ន្ធចំនួន ៤។ ស្នាដៃនេះជាលទ្ធផលនៃការស្រាវជ្រាវផ្ទាល់អស់រយៈពេលជាង ៥ ឆ្នាំ នៅតាមតំបន់ព្រំដែន និងអតីតសមរភូមិ ព្រមទាំងចំណាយពេលសរសេរជាង ១ ឆ្នាំ មុនពេលបោះពុម្ពផ្សាយជាផ្លូវការនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦។

«យុទ្ធសាស្ត្រត្រីកោណ» គឺជាគោលនយោបាយស្នូល និងជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី២ (១៩៩៨–២០០៣) ដែលដាក់ចេញដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៩៨។ យុទ្ធសាស្ត្រនេះមានគោលដៅសំខាន់ក្នុងការស្តារប្រទេសជាតិឱ្យងើបចេញពីសង្គ្រាមស៊ីវិល ការពារសន្តិភាព ស្តារកិត្យានុភាពជាតិ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។យុទ្ធសាស្ត្រត្រីកោណបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងស្ថិរភាពនយោបាយ ការបង្រួបបង្រួមជាតិ និងការបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាបន្តបន្ទាប់ ព្រមទាំងជាស្ពានឆ្ពោះទៅរកការអនុវត្ត «យុទ្ធសាស្ត្រចតុកោណ» និង «យុទ្ធសាស្ត្របញ្ចកោណ» នៅដំណាក់កាលបន្តបន្ទាប់។ ដូច្នេះ សៀវភៅនេះមិនត្រឹមតែជាឯកសារយោងដ៏មានតម្លៃសម្រាប់ការសិក្សា និងស្រាវជ្រាវប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាប្រភពចំណេះដឹងសម្រាប់យុវជនជំនាន់ក្រោយក្នុងការស្វែងយល់អំពីតម្លៃនៃសន្តិភាព និងសារៈសំខាន់នៃការចូលរួមថែរក្សាសុខសន្តិភាពឱ្យបានគង់វង្សយូរអង្វែងផងដែរ។

ដោយឡែក សៀវភៅ «១១១ ចំណុច ប្រសាសន៍ណែនាំសម្តេចតេជោ» ត្រូវបានរៀបចំចងក្រងឡើងតាមរយៈការប្រមូលផ្តុំនូវប្រសាសន៍របស់សម្តេចតេជោ ដែលបានថ្លែងក្នុងកម្មវិធីជួបជុំជាមួយមន្ត្រីរាជការ សិស្សានុសិស្ស និស្សិត ប្រជាពលរដ្ឋ កម្មករ និងក្នុងឱកាសផ្សេងៗ ព្រមទាំងប្រសាសន៍ដែលបានផ្សព្វផ្សាយតាមរយៈទំព័រផ្លូវការរបស់សម្តេចតេជោ ដោយរៀបចំតាមលំដាប់កាលបរិច្ឆេទចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២៣។ការចងក្រងសៀវភៅនេះមានគោលបំណងផ្សព្វផ្សាយ និងរំលឹកឡើងវិញនូវប្រសាសន៍ណែនាំដ៏មានតម្លៃរបស់សម្តេចតេជោ ជូនដល់មន្ត្រីរាជការ សិស្សានុសិស្ស និស្សិត និងប្រជាពលរដ្ឋ ដើម្បីជាមូលដ្ឋានក្នុងការអប់រំខ្លួនឯង ការបំពេញកាតព្វកិច្ចចំពោះគ្រួសារ និងសង្គមជាតិ ព្រមទាំងជំរុញឱ្យមានការប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់ សុចរិតភាព ការទទួលខុសត្រូវ និងការប្រព្រឹត្តខ្លួនឱ្យសមស្រប ដើម្បីទទួលបានការគោរពស្រឡាញ់ពីសហគមន៍ និងសង្គមជាតិ។

ជាចុងក្រោយ ឯកឧត្តម ឌី បញ្ញា បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ មន្ត្រី និងបណ្ណារក្សនៃបណ្ណាល័យ ដែលបានខិតខំប្រឹងប្រែងក្នុងការរៀបចំ ចាត់ចែង និងថែរក្សាសៀវភៅ ព្រមទាំងផ្តល់សេវាបណ្ណាល័យជូនដល់សិស្សានុសិស្ស និស្សិត អ្នកសិក្សាស្រាវជ្រាវ និងសាធារណជនទូទៅ ប្រកបដោយការយកចិត្តទុកដាក់ និងប្រសិទ្ធភាព។ ឯកឧត្តម ក៏បានលើកទឹកចិត្តឱ្យបណ្ណាល័យបន្តពង្រឹងការផ្តល់សេវា និងផ្សព្វផ្សាយធនធានចំណេះដឹង ដើម្បីរួមចំណែកលើកកម្ពស់វប្បធម៌អាន និងការសិក្សាស្រាវជ្រាវនៅក្នុងសង្គមកម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម