ភ្នំពេញ៖តំណាងប្រជាពលរដ្ឋនៅខណ្ឌបឹងកេងកងបានលើកឡើងថា៖ ក្រោយក្រុមការងារនៃរដ្ឋបាលរាជធានីភ្នំពេញ បើកយុទ្ធនាការ ស្តារប្រឡាយ និងប្រព័ន្ធលូ ជាអាទិភាពជាច្រើនខ្សែរួចមកនៅក្នុងភូមិសាស្ត្រខណ្ឌបឹងកេងកង ឃើញថា មានប្រសិទ្ធភាព ពោលគឺទឹកភ្លៀងបានហូរអស់លឿនខុសពីពេលកន្លងទៅ ដែលធ្វើឱ្យពលរដ្ឋលែងព្រួយបារម្ភពីការលិចលង់និងអរគុណចំពោះអាជ្ញាធររាជធានីភ្នំពេញ ដែលបានដោះស្រាយកង្វល់មួយនេះ។
ការលើកឡើងបែបនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១តុលា២០២៦នេះ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ខណ្ឌបឹងកេងកង នៅវិទ្យាល័យជាស៊ីមបឹងកេងកង ផ្លូវលេខ៣៩២ កែងផ្លូវលេខ៦៣ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ក្រោមអធិបតីភាព ឯកឧត្ដម ប៊ី ប្រេម សមាជិកក្រុមប្រឹក្សាតំណាងឯកឧត្តមម៉ប់ សារិនប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្ដមហួត ហៃ អភិបាលរងតំណាងឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានប្រជាពលរដ្ឋចូលរួមប្រមាណជិត៥០០នាក់។
គួររំលឹកថា៖ ក្រោមការយកចិត្តទុកដាក់ និងណែនាំ ព្រមទាំងឧបត្ថម្ភ គាំទ្រពី ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងផែនការរំដោះជំនន់ទឹកភ្លៀង ដេីម្បីបញ្ចៀសការ ជន់លិចផ្ទះសម្បែងនិងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងរដូវវស្សា ក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ បានបើកយុទ្ធនាការចុះស្តារប្រឡាយ និងប្រព័ន្ធលូ ជាអាទិភាពនៅក្នុងភូមិសាស្ត្រខណ្ឌទី៥ នៅកណ្តាលក្រុង ហើយសកម្មភាពនេះទទួលបានការអរគុណនិងសារទរពីប្រជាពលរដ្ឋយ៉ាងខ្លាំង។
ឯកឧត្ដមហួត ហៃ អភិបាលរងរាជធានីភ្នំពេញក្នុងវេទិកានេះបានមានប្រសាសន៍ថា៖ នៅក្នុងវេទិកាថ្ងៃនេះប្រជាពលរដ្ឋមិនបានលើកឡើងជាសំណើរ សំណូមពរមកអាជ្ញាធរ និងកងកម្លាំងយើងឱ្យជួយដោះស្រាយនោះទេ។នេះបញ្ជាក់ឱ្យឃើញថា ទាំងអាជ្ញាធរនិងសមត្ថកិច្ចរបស់យើងពិតជាបានអនុវត្តការងារ បំរើប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរឡើងហើយ។
ឯកឧត្ដម ប៊ី ប្រេម បានលើកឡើងដែរថា វេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះ ត្រូវបានធ្វើឡើង ក្នុង១ឆ្នាំម្តង ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរ និងសំណើរបស់ប្រជាពលរដ្ឋ ដោយផ្តោត សំខាន់ពាក់ព័ន្ធ និងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ពិសេស ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ចោរកម្ម ចរាចរណ៍ គ្រឿងញៀន ក្មេងទំនើង,ការអភិវឌ្ឍមូលដ្ឋាន,សុខមាលភាពប្រជាពលរដ្ឋនិងបរិស្ថាន,ការពិនិត្យការផ្តល់សេវាជូនប្រជាពលរដ្ឋ៕រក្សាសិទ្ធិដោយ៖សុទ្ធលី





















